ការយល់ដឹងរោគសញ្ញាទឹកនោមផ្អែមអាចជួយអ្នកមានឱកាសដឹងបើសិនអ្នកមានជំងឺទឹកនោមផ្អែមកម្រិតដំបូងនឹងអាចទទួលយកការព្យាបាលមុនពេលឈានដល់កម្រិតធ្ងន់ធ្ងរ។ ខាងក្រោមនេះជារោគសញ្ញាងាយៗដែលអាចអោយអ្នកតាមដានខ្លួនឯងបាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. បត់ជើងតូចញឹកជាងធម្មតា
ការបត់ជើងញឹកញាប់ជាងធម្មតាក៏អាចជាសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមផងដែរ។ ជាមធ្យមមនុស្សម្នាក់បត់ជើងតូចចន្លោះពី៤ ទៅ៧ដងក្នុងមួយថ្ងៃ ប៉ុន្តែបើអ្នកមានជំងឺទឹកនោមផ្អែម អ្នកអាចបត់ជើងតូចលើសនេះដោយសាររាងកាយអ្នកព្យាយាមជាតិគ្លុយកូសចេញពីរាងការដូចនេះធ្វើអោយអ្នកបត់ជើងតូចច្រើនជាងធម្មតា។
២. មានអារម្មណ៍ស្រេកទឹកគ្រប់ពេល
អ្នកដែលមានជំងឺទឹកនោមផ្អែមភាគច្រើនតែមានអារម្មណ៍ស្រេកទឹកខ្លាំងនិងមានមាត់ស្ងួតខ្លាំង។ អារម្មណ៍នេះអាចបន្តមានទោះបីពួកគេផឹកទឹកច្រើនហើយក៏ដោយ។

៣. រមាស់ស្បែក
ការខ្វះជាតិទឹកបណ្ដាលអ្នកអោយស្រេកទឹកនិងស្ងួតមាត់ ជាងនេះទៅទៀតវាក៏បណ្ដាលអោយស្បែកអ្នកស្ងួតនិងរមាស់ផងដែរ។

៤. ឃ្លានមិនឈប់
រាងកាយបានបំលែងអាហារទៅជាគ្លុយកូសក្នុងអំឡុងពេលដំណើរការរំលាយអាហារ បន្ទាប់មកកោសិកាប្រើគ្លុយកូសជាប្រភពថាមពល។ ប៉ុន្តែនៅពេលដែលរាងកាយមិនផលិតអាំងស៊ុយលីន (ដូចជាជំងឺទឹកនោមផ្អែមប្រភេទទី ១) ឬមិនឆ្លើយតបនឹងអាំងស៊ុយលីន (ដូចជាជំងឺទឹកនោមផ្អែមប្រភេទទី ២) គ្លុយកូសនេះមិនអាចទាញចេញពីឈាមចូលទៅក្នុងកោសិកាបានទេ។ ហេតុដូច្នេះហើយអ្នកដែលមានជំងឺទឹកនោមផ្អែមដែលមិនទាន់បានព្យាបាល ជារឿយៗពួកគេមានអារម្មណ៍ឃ្លានទោះបីជាពួកគេញុំាច្រើនគ្រប់គ្រាន់ក៏ដោយ។
៥. តែងមានអារម្មណ៍នឿយហត់ឬងងុយគេង
មានអារម្មណ៍ថាហត់ខ្លាំងអាចជាលទ្ធផលនៃការធ្វើការខ្លាំងពេកឬគេងមិនបានគ្រប់គ្រាន់ប៉ុន្តែវាក៏អាចជារោគសញ្ញានៃជំងឺទឹកនោមផ្អែមផងដែរ។ ប្រសិនបើភាពនឿយហត់មិនបាត់ទៅណាទេសូម្បីតែពេលសម្រាកនិងគេងច្រើនហើយក៏ដោយ នោះជំងឺទឹកនោមផ្អែមក៏អាចជាបុព្វហេតុផងដែរ។

៦. ស្រវាំងភ្នែក
ការមានអារម្មណ៍ថាភ្នែករបស់អ្នកមើលព្រិលៗមិនតែងតែជាសញ្ញានៃការត្រូវការវ៉ែនតាថ្មីទេ។ ជំងឺទឹកនោមផ្អែមក៏អាចបណ្តាលឱ្យភ្នែករបស់អ្នកព្រិលផងដែរព្រោះការផ្លាស់ប្តូរកម្រិតសារធាតុរាវអាចបណ្តាលឱ្យហើមនៅក្នុងកែវភ្នែកដែលរារាំងភ្នែករបស់អ្នកមិនអាចធ្វើដំនើរការផ្តោតអារម្មណ៍បានត្រឹមត្រូវ។
៧. ឈឺចាប់ឬស្ពឹកប្រអប់ជើងឬជើង
អ្នកចាប់ផ្ដើមមានអារម្មណ៍ស្ពឹកប្រអប់ជើងឬ ជើងញឹកញាប់ដែលវាអាចជាសញ្ញាណមួយនៃការខូចខាតសរសៃប្រសាទដែលកើតឡើងនៅពេលដែលជំងឺទឹកនោមផ្អែមបណ្តាលឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ក្នុងរយៈពេលយូរ។ ការខូចខាតសរសៃប្រសាទដូចគ្នានេះភាគច្រើនអាចបណ្តាលឱ្យឈឺចាប់ឬរមួលនៅលើជើងរបស់អ្នក។
៨. ការសះនៃរបួសមានរយៈពេលយូរជាងធម្មតា
នៅពេលអ្នកមានរបួសឬមុតដោយសារកាំបិត អ្នកត្រូវការរយះពេល ២ ៣ថ្ងៃក្នុងការសះរបួស ប៉ុន្តែបើអ្នកមានជំងឺទឹកនោមផ្អែមនោះជាតិស្ករក្នុងឈាមមានកម្រិតខ្ពស់ដែលធ្វើអោយប៉ះពាល់ដល់លំហូរឈាមដែលអាចជះឥទ្ធិពលដល់សមត្ថភាពរបស់រាងកាយក្នុងការជាសះរបួស។ ការដែលចំណាយពេលយូរជាងធម្មតាដើម្បីជាសះស្បើយអាចជាសញ្ញាមួយបង្ហាញថាជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ។
៩. ស្រកឬឡើងទម្ងន់ខ្លាំងក្នុងរយៈពេលខ្លី
អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ អាចនឹងមានការឡើងទម្ងន់ឬស្រកទម្ងន់យ៉ាងឆាប់រហ័សក្នុងរយះពេលខ្លីដែលវាក៏ជារោគសញ្ញាដំបូងនៃស្ថានភាពទឹកនោមផ្អែមផងដែរ៕