៥ចំណុច ដែល​អាចជួយ​​អ្នក​ឲ្យ​ចេញ​ពី​ការថប់បារម្ភ ដោយមិន​បាច់​រក​ពេទ្យ​

//s9.kh1.co/8a/8a4b9dd84a609fa93fc895172a5bb6964a667923.jpg
យល់ដឹង

 ១០-ធ្នូ-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

មនុស្សគ្រប់គ្នាដែលមានជម្ងឺថប់បារម្ភនេះ នឹងមានចេញរោគសញ្ញាខាងរាងកាយដូចជា ធ្វើឲ្យចង្វាក់បេះដូង​លោត​ញាប់ ឈឺក្បាល ឬមានបញ្ហាក្រពះក៏មាន

ជាញឹកញាប់ យើងទាំងអស់គ្នាប្រាកដជាធ្លាប់ជួបនូវអារម្មណ៍ធុញថប់នាវេលាណាមួយ ដែល​យើងបានប្រឈម​ជាមួយ​នឹងស្ថានភាពមិនប្រាកដប្រជាណាមួយ ឬក៏ពើបប្រទះនឹងអារម្មណ៍តានតឹង តប់ប្រម៉ល់ជាដើម។ ការថប់បារម្ភ គឺជា​អារម្មណ៍​ធម្មជាតិរបស់មនុស្សគ្រប់ៗរូបដែលវាកើតឡើងបាន នៅពេលពេលដែលយើងដែលទទួលបានអារម្មណ៍​ស្មុគ​ស្មាញណាមួយ។ ការថប់បារម្ភជាធម្មតាអាចធ្វើឲ្យមានអារម្មណ៍ដូចជាមិនស្រួលក្នុងចិត្ត ឬកើតចេញជាក្ដីបារម្ភ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សគ្រប់គ្នាដែលមានជម្ងឺថប់បារម្ភនេះ នឹងមានចេញរោគសញ្ញាខាងរាងកាយដូចជា ធ្វើឲ្យចង្វាក់បេះដូង​លោត​ញាប់ ឈឺក្បាល ឬមានបញ្ហាក្រពះក៏មាន។

ជាពិសេសសម្រាប់យុវជនដែលបានឆ្លងកាត់ការផ្លាស់ប្តូរជាមួយនឹងបទពិសោធន៍ថ្មីៗ ដូច្នេះអារម្មណ៍ថប់បារម្ភ​ដែល​កើតឡើងចំពោះពួកគេគឺជារឿងធម្មតាទេ។ បើយើងងាកមកមើលពីស្ថានភាពបច្ចុប្បន្នដែល​កំពុងតែទទួលរង​ការរាត​ត្បាតពីជម្ងឺកូវី១៩ គឺបរិបទនេះហើយដែលនាំឲ្យមនុស្សជួបជាមួយនឹងបញ្ហាប្រឈម​ថ្មី ដែលបង្កើត​បានជាហានិភ័យ​នៃការថប់បារម្ភឡើង។

នៅពេលដែលគិតពីបញ្ហានេះដដែលៗទៅយើងអាចគិតថាវាធ្ងន់ធ្ងរ ប៉ុន្តែនៅមានរឿងមួយចំនួនដែលយើងអាចកាត់​បន្ថយបញ្ហាថប់បារម្ភនេះបាន។ ខាងក្រោមនេះជាគន្លឹះ ៥យ៉ាង ដែលប្រិយមិត្តអាចសាកល្បងបាន ដើម្បីសុខភាព​ផ្លូវអារម្មណ៍៖

១. ដកដង្ហើមឲ្យបានវែងៗ

លោកអ្នកអាចសាកល្បងដកដង្ហើមឲ្យបានវែងៗ ដោយដកដង្ហើមតាមច្រមុះរបស់អ្នកយឺតៗ ហើយបញ្ចេញមកវិញ​តាមមាត់របស់អ្នក។ ធ្វើបែបនេះពីរទៅបីដងរហូតដល់អ្នកមានអារម្មណ៍ស្ងប់។ ការដកដង្ហើម អស់លោកអ្នកប្រាកដ​ជាគិតថាវាជារឿងសាមញ្ញ ប៉ុន្តែវាមានប្រសិទ្ធិភាពបំផុតនៅពេលដែលយើងសាកល្បងធ្វើ នោះវានឹង​អាចកាត់​បន្ថយ​បាននូវការថប់បារម្ភ ព្រោះវាបានជួយបង្កើតអុកស៊ីសែនទៅដល់ខួរក្បាលរបស់យើង និងជួយបន្ថែមឲ្យយើងមាន​ការផ្ចង់​អារម្មណ៍បានល្អថែមទៀតផង។ អ្នកដែលមានជម្ងឺថប់បារម្ភគិតថា ការដង្ហើមលឿនគឺជារឿងធម្មតា ប៉ុន្តែវាពិត​ជាបណ្តាលឲ្យលោកអ្នកមានរោគសញ្ញារាងការយ ដូចជា រមួលពាសពេញរាងកាយដែល​បញ្ហានេះកាន់តែធ្វើឲ្យ​អ្នក​កាន់តែធ្ងន់ធ្ងរ។ ដូច្នេះចូរអ្នកសាកល្បងធ្វើទៅលើលំហាត់ដកដង្ហើមជាប្រចាំថ្ងៃដើម្បីរាងកាយ និងខួរក្បាល​របស់​អ្នកដំណើរការល្អ។

២. និយាយជាមួយមិត្តភក្តិ ឬនរណាម្នាក់ដែលអ្នកទុកចិត្ត

អ្នកអាចប្រាប់ពួកគេអំពីអារម្មណ៍របស់អ្នកដែលកំពុងតែជួបប្រទះ។ ការនិយាយជាមួយអ្នកដទៃនឹងធ្វើឲ្យអ្នកកាត់​បន្ថយសម្ពាធខ្លះដែលយើងធ្លាប់តែបង្កើតឡើងនៅក្នុងគំនិត របស់យើង ហើយយើងក៏អាចទទួលបានវិធី​សាស្រ្តដោះ​ស្រាយបញ្ហាថប់បារម្ភនេះបានមួយកម្រិតផងដែរ។ នៅពេលដែលអ្នកបាននិយាយពីបញ្ហារបស់អ្នទៅកាន់អ្នកដទៃ គេអាចនឹងផ្តល់ដំណោះស្រាយមួយ និងមានការគាំទ្រ ឬលើកទឹកចិត្តពីនរណាម្នាក់បាន។

៣. អ្នកអាចទៅផ្ទះ ឬទៅស្រុកកំណើតដើម្បីសម្រាកលំហែ

បញ្ហាថប់បារម្ភ ក៏អាចបណ្តាលមកពីអ្នកសម្រាកមិនបានគ្រប់គ្រាន់ ហេតុនេះអ្នកគួរតែមានពេលវេលា​សម្រាក​លំហែ​បានមួយរយៈ។ ដូចជាអ្នកសម្រាកថែរក្សាសុខភាពរាងកាយរបស់អ្នក ផ្តោតលើការគេងឲ្យបានគ្រប់់គ្រាន់ និងធ្វើ​លំហាត់​ប្រាណឲ្យបានញឹកញាប់ដើម។ ទទួលទានទឹកក្ដៅឧណ្ឌៗ ក៏អាច​ជួយ​សម្រួលឲ្យអ្នកបានធូរស្បើយពីការថប់​បារម្ភ​បានមួយកម្រិតដែរ។

៤. ព្យាយាមធ្វើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត

អ្នកគួរតែសាកល្បងធ្វើអ្វីដែលថ្មីសម្រាប់ឲ្យជីវិតរបស់អ្នកមានភាពសប្បាយរីករាយ។ ធ្វើអ្វីដែលគិតថាអ្នកអាចនឹង​ស្រាកស្រាន្តពីការថប់អារម្មណ៍ដូចជាគូរគំនូរ ស្ដាប់តន្ត្រី ឬក៏សកម្មភាពណាមួយដែលអ្នកអ្នកគិតថាវាថ្មីសម្រាប់អ្នក ហើយអាចជួយឲ្យអ្នកបានប្រសើរជាងមុន។

៥. ហ៊ានប្រាប់ដល់មនុស្សដែលអ្នកទុកចិត្ត

ពេលខ្លះអ្នកអាចមានអារម្មណ៍ថានឹងខ្មាសអៀន ប្រសិនបើអ្នកជុំវិញខ្លួនដឹងពីស្ថានភាពរបស់ខ្លួន។ ប៉ុន្តែអ្នកគួរតែហ៊ាន​សាកល្បង ហ៊ានសុំជំនួយពីអ្នកដទៃដូចជាការផ្តល់ប្រឹក្សាជាដើម ទាំងនេះអាចបញ្ជាក់ថាអ្នកមានភាពក្លាហាន​គ្រប់​គ្រាន់​ក្នុងការយកឈ្នះជម្ងឺថប់បារម្ភនេះ៕

Ry Chhaiya
Ry Chhaiya (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T