ស្នេហា៖ ជាការពិតគ្រប់ មនុស្សស្រីទាំងអស់ តែងប្រាថ្នាចង់រៀបការ ជាមួយនឹងបុរសដែល ពួកគេស្រលាញ់ហេតុនេះ នៅពេលដែល ទាក់ទងនឹងបុរសណាម្នាក់ហើយ តែងប្រាថ្នាចង់ឲ្យទំនាក់ទំនងនោះ អាចឈានដល់ ដំណាក់កាលរៀបការ និងបន្តរស់នៅជាមួយគ្នា ទៅមុខយូរទៀត។
ក៏ប៉ុន្តែ មុនពេលនឹងសម្រេចចិត្ត ជ្រើសរើសនរណាម្នាក់ យកមកធ្វើជា គូអនាគត ជាពិសេសនារីៗ ត្រូវតែសិក្សាពី អត្តចរឹកខាងប្រុស ឲ្យបានច្បាស់លាស់ជាមុនសិន។ ថ្វីត្បិតតែ គេជាមនុស្សដែល អ្នកស្រលាញ់និង កំពុងតែទាក់ទងក៏ដោយ។ ព្រោះថាអាពាហ៍ពិពាហ៍គឺ ជារឿងយូរអង្វែងហើយ ក៏មិនមែនជារឿងលេងសើច ដូចជាពេលដែលអ្នក នៅជាសង្សារ ចង់បែកៗពេលណាបាន ស្រេចតែចិត្តនោះដែរ។
ហេតុនេះ មុនពេលនឹងសម្រេចចិត្តថា រៀបការនឹងគ្នា អ្នកត្រូវតែនិយាយពី ចំណុចមិនល្អរបស់ដៃគូ ប្រាប់ទៅកាន់គេជាមុន ហើយប្រសិនបើគេស្រលាញ់យើង គេនិងមានឆន្ទៈកែប្រែ ដើម្បីយើង។ មនុស្សប្រុសបែបនេះគឺ សាកសមនឹងឲ្យយើង ទុកឱកាសឲ្យគេដើម្បីកែប្រែ។ ក៏ប៉ុន្តែ ប្រសិនបើគេនៅតែ យល់ថាអាកប្បកិរិយារបស់ខ្លួន គ្មានអ្វីគួរកែប្រែទេ ហើយនៅតែមានចិត្តគំនិត គិតតែពីខ្លួនឯងនោះ វីធីដ៏ល្អអ្នកគួរតែ ចាកចេញ។
ប្រសិនបើដៃគូអ្នកមានចរឹកបែបនេះហើយគេនៅតែប្រកាន់ថាគ្មានអ្វីត្រូវផ្លាស់ប្តូរទេនោះ អ្នកមិនគួរប្រថុយផ្ញើរសុភមង្គលជាមួយមនុស្សប្រុសបែបនេះនោះទេ៖
១. តែងតែមិនគោរពសន្យា និងការប្តេជ្ញា

គេជាមនុស្សដែល តែងតែមិនគោរព តាមអ្វីដែលគេ បានសន្យាជាមួយអ្នក។ ជាក់ស្តែង នេះជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ព្រោះបើសិនជាគេមិនអាច សូម្បីតែធ្វើតាម ការសន្យាលើរឿងតូចតាច ដើម្បីអ្នកផង ដូច្នេះអ្នកអាចនឹងគិតទេថា គេអាចនឹង ធ្វើអ្វីបានខ្លះ សម្រាប់អ្នក? គ្មានការប្តេជ្ញា គ្មានការតាំងចិត្ត ជីវិតអាពាហ៍ពិពាហ៍ ក៏ពិបាកនឹងរីកចម្រើន និងរក្សានៅមុខ បានយូរអង្វែង ជាមួយគ្នាដែរ។
២. មិនគោរពនិងប្រមាថមើលងាយដល់អ្នក

ដាច់ខាត អ្នកមិនត្រូវយល់ព្រមរៀបការ ជាមួយនឹង មនុស្សប្រុសណាម្នាក់ ដែលគេមិនមាន ការគោរពដល់ អ្នកនោះទេ បើទោះបីជា គេនិយាយនឹងបង្ហាញថា ស្រលាញ់អ្នកខ្លាំង បែបណាក៏ដោយ។ នៅពេល អ្នកមានដៃគូ ដែលគេជាមនុស្ស ដែលតែងតែមើលងាយ នឹងធ្វើអ្វីមួយដែល មិនផ្តល់តម្លៃឲ្យអ្នក ហើយតែងតែធ្វើឲ្យ អ្នករងភាពអាម៉ាស នៅចំពោះមុខមិត្តភក្តិ ឬអ្នកដទៃជាញឹកញាប់នោះ មិនមែនជារឿង ដែលល្អនោះទេ។ អ្នកមិនគួរបណ្តោយខ្លួន នៅក្បែរមនុស្សប្រុស ដែលតែងតែធ្វើឲ្យ អ្នកមានអារម្មណ៍មិនល្អ និងមិនមានសុវត្ថិភាព រាល់ពេលនៅក្បែរគេនោះទេ។
៣. មូលហេតុធ្វើឲ្យអ្នកឈឺចាប់ខាងផ្លូវចិត្តនិងអារម្មណ៍

គេមិនដែលទុក អ្នកសំខាន់ជាង មិត្តភក្តិរបស់គេ នៅពេលដែល ចេញទៅខាងក្រៅម្តងៗ គេតែងតែបង្ហាញ អារម្មណ៍ធុញទ្រាន់នឹងកាន់ដៃអ្នក មិនចង់បង្ហាញ ប្រាប់អ្នកដទៃ ពីទំនាក់ទំនង ជាមួយអ្នក។ អ្នកអាចគិតថា វាជារឿងធម្មតា សំខាន់ឲ្យតែ គេស្រលាញ់អ្នក ទៅបានហើយ តែនេះមិនមែន ជារឿងតូចតាចនោះទេ ព្រោះសកម្មភាពបែបនេះ វាធ្វើឲ្យប៉ះពាល់ដល់ អារម្មណ៍របស់អ្នក បានគ្រប់ពេល។ នេះនៅត្រឹមតែជា សង្សារផង គេតែងតែធ្វើឲ្យ អ្នកខូចចិត្តបែបនេះទៅហើយ ចុះទម្រាំរៀបការហើយ អ្នកនឹងកាន់តែមានសម្ពាធ ផ្លូវចិត្តខ្លាំងជាងនេះទៅទៀត បែបណាខ្លះ។
៤. មិនធ្វើឲ្យទំនាក់ទំនងវិវត្តទៅមុខទៀត

គាត់តែងតែ កំណត់ទំនាក់ទំនងជាមួយអ្នក ដោយមិនឲ្យវាវិវត្តន៍ ទៅមុខថែមទៀត។ គាត់មិន បង្ហាញពីឆន្ទៈ ក្នុងការវិវត្តន៍ទំនាក់ទំនង ជាមួយអ្នកបន្ថែមទៀត។ គាត់ពេញចិត្តនឹង ទំនាក់ទំនងនៅពេលនេះ តែមិនដែលគិតចង់ ធ្វើឲ្យទំនាក់ទំនងមួយនេះ វិវត្តន៍បន្តទៀត ពីសង្សារទៅជាគូដណ្តឹង និងពីគូដណ្តឹង ទៅជាគូស្វាមីឡើយ។ ពោលគឺគេមិនចង់ រៀបការជាមួយអ្នក។ ហេតុនេះ អ្នកគួរតែបន្ត នៅក្បែរមនុស្សដែល គេមិនច្បាស់លាស់ ជាមួយនឹង អ្នកបែបនេះដែរទេ? បើទោះបី ជារៀបការជាមួយគ្នាមែន តែប្រសិនបើ គេជាប្រភេទមនុស្ស ដែលមិនច្បាស់លាស់ បែបនេះ អ្នកក៏នឹងពិបាកខ្លាំង ដោយសារតែគេដែរ។
៥. បោកប្រាស់ និងធ្វើសកម្មភាពមិនស្មោះត្រង់លើអ្នក

ពេលខ្លះ ការបោកប្រាស់ អាចជួយសង្រ្គោះ និងត្រឡប់មកជាល្អ នឹងគ្នាវិញបាន។ នោះក្នុងករណីដែល ពួកគេនៅស្រលាញ់គ្នាខ្លាំង ហើយការក្បត់នោះ ស្ថិតក្នុងកម្រិតតិចតួច ព្រោះពួកគេយល់ថា ទំនាក់ទំនងដែល ពួកគេខំសាងមក អស់ជាច្រើនឆ្នាំហើយ មិនចង់មកបែកគ្នា ត្រឹមនឹងនោះទេ។ ប៉ុន្តែ អ្វីក៏ដោយរួមទាំងការជឿទុកចិត្តផងដែរ ប្រសិនបើ ការជឿទុកចិត្តនោះ ត្រូវបានបាត់បង់ ទៅហើយ វាគឺពិតជាពិបាក ក្នុងការកសាងវា ឲ្យវិលត្រឡប់មក ដូចដើមវិញណាស់ ព្រោះភាគីម្ខាងទៀត ពិបាកនឹងធ្វើចិត្ត មកជឿជាក់ លើអ្នកដូចដើមសារថ្មីខ្លាំងណាស់៕