បរទេស៖ ការពិសោធន៍ដែលបានអនុវត្តនៅលើស្ថានីយអវកាសអន្តរជាតិបានបង្ហាញថា បាក់តេរីពីផែនដីអាចត្រូវបានប្រើ ដើម្បីជីកយករ៉ែ ដែលមានប្រយោជន៍នៅលើឋានព្រះចន្ទឬភពអង្គារ។ អតិសុខុមប្រាណត្រូវបានប្រើរួចហើយ នៅលើផែនដី ដើម្បីជីកយករ៉ែនូវធាតុសំខាន់ៗនៃសេដ្ឋកិច្ច ចេញពីថ្មនានា រួមមានធាតុកម្រលើផែនដី ដែលត្រូវបានប្រើនៅក្នុងទូរសព្ទចល័តនិងគ្រឿងអេឡិចត្រូនិចផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នកវិទ្យាសាស្ត្រនៅចក្រភពអង់គ្លេសបានចំណាយពេល១០ឆ្នាំ ក្នុងការបង្កើតម៉ាស៊ីនរ៉េអាក់ទ័រជីវម៉ាស ដែលមានទំហំប៉ុនប្រអប់ដាក់ប្រដាប់ក្មេងលេង សម្រាប់ការពិសោធន៍។ ឧបករណ៍ចំនួន១៨ធ្លាប់ត្រូវបានបញ្ជូនទៅស្ថានីយអវកាសអន្តរជាតិ តាមរយៈរ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX ក្នុងខែកក្កដា ឆ្នាំ២០១៩។
បំណែកតូចៗនៃថ្មបាហ្សាល់ដែលស្រដៀងនឹងវត្ថុធាតុដើមជាច្រើន នៅលើផ្ទៃព្រះចន្ទនិងភពអង្គារ ត្រូវបានផ្ទុកនៅក្នុងឧបករណ៍ និងត្រូវបានត្រាំក្នុងល្បាយបាក់តេរី។ ការពិសោធន៍រយៈពេលបីសប្ដាហ៍បានវាយតម្លៃពីសក្ដានុពល នៃពពួកបាក់តេរីចំនួន៣ប្រភេទ ដើម្បីទាញយកធាតុកម្រពីផែនដីចេញពីថ្មបាហ្សាល់។
មានតែបាក់តេរីមួយប៉ុណ្ណោះ គឺ Sphingomonas desiccabilis ដែលអាចច្រោះទៅដល់ធាតុកម្រផ្សេងៗរបស់ផែនដីពីថ្មបាហ្សាល់ នៅក្នុងស្ថានភាពទំនាញផ្សេងៗគ្នា ដូចជានៅទំនាញសូន្យ មាននៅលើភពអង្គារនិងស្ថិតនៅក្រោមលក្ខខណ្ឌស្ដង់ដារ នៅលើផែនដី។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការធ្វើជីវជីកយករ៉ែនៅលើឋានព្រះចន្ទនិងភពអង្គារ អាចនឹងទៅរួច៕