អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho ចង់ឲ្យក្លិបបន្តកុងត្រារយៈពេលវែង ទៅដល់ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Heung-min Son។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Son បានផ្លាស់ពីក្លិប Bayer Leverkusen មកចូលរួមជាមួយ Spurs កាលពីឆ្នាំ២០១៥ ខណៈកុងត្រាបច្ចុប្បន្នរបស់គេ ជាមួយក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ មានសុពលភាពដល់រដូវក្ដៅឆ្នាំ២០២៣ឯណោះ។

យ៉ាងណាមិញ បើទោះជានៅកុងត្រា៣ឆ្នាំទៀតទើបផុតកំណត់ក៏ដោយ ក៏មិនទាន់គ្រប់គ្រាន់សម្រាប់លោក Mourinho ដែរ ដោយគ្រូបង្វឹកសញ្ជាតិព័រទុយកាល់ចង់ឲ្យក្លិប ចងជើងម្ចាស់អាវលេខ៧នេះ ឲ្យបាន៥ទៅ៦ឆ្នាំទៀត។ ទាក់ទងទៅនឹងរឿងនេះ លោកបានថ្លែងយ៉ាងដូច្នេះថា៖
ខ្ញុំចង់ឃើញគាត់ (Son) ចុះហត្ថលេខាបន្តកុងត្រាថ្មី។ Son នៅសល់កុងត្រា៣ឆ្នាំទៀត ដូច្នេះស្ថានភាពនៅពេលនេះ មិនមានអ្វីដែលត្រូវបារម្ភទេ។ ណាមួយ Son ក៏ស្រលាញ់ទីនេះដែរ ខ្ញុំជឿជាក់ថាគាត់នឹងបេ្ដជ្ញាបន្តអនាគតជាមួយក្លិបរយៈពេលយូរទៀត។ អ្នករាល់គ្នានៅក្លិបទាំងអស់ សុទ្ធតែស្រលាញ់កីឡាកររូបនេះ។ វាជារឿងធម្មតាទេ ដែលក្លិបព្យាយាមបន្ថែមពី៣ឆ្នាំ ទៅ៤,៥ ឬ៦ឆ្នាំទៀត ។

គួរបញ្ជាក់ដែរថា នៅដើមរដូវកាលថ្មីនេះ Son នៅតែបន្តបង្ហាញទម្រង់លេងបានល្អដដែល ពោលគេរកបាន៩គ្រាប់មកហើយ ក្នុងចំណោមការបង្ហាញខ្លួន៨ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ថែមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៤ដងទៀតផង។

ដោយឡែកបើគិតត្រឹមសប្ដាហ៍ទី៦នេះ ក្នុងក្របខណ្ឌ Premier League Son កំពុងឈរលើគេ ជាមួយខ្សែប្រយុទ្ធ Dominic Calvert-Lewin របស់ Everton ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ពោលគឺ៧គ្រាប់៕

ប្រភព៖ ES