បេ៉រូ៖ យោងតាមក្រសួងវប្បធម៌របស់ប្រទេសប៉េរូបានឲ្យដឹងថា គំនូរឆ្មាដ៏ធំមួយត្រូវបានគូរនៅលើជម្រាលដីមួយ ដែលមានអាយុកាល២,០០០ឆ្នាំមកហើយ និងត្រូវបានគេរកឃើញនៅភាគខាងត្បូងប្រទេសប៉េរូ។ គំនូរលើដីពីបុរាណមួយមានទំហំ៣៧ម៉ែត្រ ដែលជាផ្នែកមួយនៃក្រុមគំនូរលើដី Nazca Lines ដែលជាបណ្ដុំនៃស្នាដៃសិល្បៈអាថ៌កំបាំងរាប់រយ ដែលស្ថិតនៅលើខ្ពង់រាបចម្ងាយ៤០២គីឡូម៉ែត្រ ខាងត្បូងរដ្ឋធានី Lima។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឆ្មានេះបានស្ថិតនៅក្នុងក្រុមគំនូររូបសត្វ ដែលត្រូវបានគេរកឃើញនៅទូទាំងតំបន់ ក្នុងសតវត្សរ៍ចុងក្រោយនេះ រួមមានរូបគំនូរសត្វបក្សី hummingbird សត្វស្វា និងសត្វបក្សី pelican។ របកគំហើញនេះត្រូវបានធ្វើឡើងក្នុងកំឡុងពេលការងារថែទាំ នៅចំណុចគោលដៅទេសចរណ៍មួយ ដែលជាទិសដៅទេសចរណ៍ ដ៏ពេញនិយមរួចទៅហើយ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបាននិយាយថា រូបដ៏ធំនេះអាចនឹងពិបាកក្នុងការពិនិត្យមើល ដោយសារតែវាជិតនឹងរលុបទៅវិញ ក៏ព្រោះតែវាស្ថិតនៅលើជម្រាលដ៏ចោត និងផលប៉ះពាល់នៃសំណឹកធម្មជាតិ។ បន្ទាប់ពីការអនុវត្តការងារ សម្អាត និងអភិរក្ស អ្នកបុរាណវិទូបានរកឃើញគំនូសខែ្សដែលមានទទឹងពី៣០ទៅ៤០សង់ទីម៉ែត្រ។
រចនាបថនៃការងារសិល្បៈបានបង្ហាញថា វាត្រូវបានបង្កើតឡើងនៅចន្លោះ២០០ ទៅ១០០ឆ្នាំមុនគ្រឹស្តសករាជ នៅចុងសម័យ Paracas។ សេចក្ដីប្រកាសព័ត៌មានបានពន្យល់ថា រូបគំនូរតំណាងសត្វឆ្មានេះអាចត្រូវបានគេឃើញថា ជានិមិត្តរូបលើកុលាភាជន៍និងវាយនភណ្ឌ នៅក្នុងសង្គម Paracas៕



