ក្រុមហ៊ុន Smart Axiata និង TrueMoney Cambodia ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកការបម្រើសេវាកម្មទូរគមនាគមន៍ និងហិរញ្ញវត្ថុដល់អតិថិជន

//s9.kh1.co/38/388af8ea0a9b749c48db2c7014e8046b2fb7a93f.jpg
សង្គម

 ០៣-មិថុនា-២០២៥ ១២ល្ងាច · ២ ថ្ងៃមុន

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និង ICT ព្រមទាំងក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុល្បីឈ្មោះរបស់កម្ពុជា និងជាម៉ាកយីហោបច្ចេកវិទ្យាហិរញ្ញវត្ថុ លំដាប់អន្តរជាតិស្ថិតក្រោម​ការគ្រប់គ្រង​របស់ក្រុមហ៊ុន Ascend Money បានពង្រឹងកិច្ចសហការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) ។

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និង ICT ព្រមទាំងក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា  ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុល្បីឈ្មោះរបស់កម្ពុជា និងជាម៉ាកយីហោបច្ចេកវិទ្យាហិរញ្ញវត្ថុ លំដាប់អន្តរជាតិស្ថិតក្រោម​ការគ្រប់គ្រង​របស់ក្រុមហ៊ុន Ascend Money បានពង្រឹងកិច្ចសហការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី 29 ខែឧសភា ឆ្នាំ 2025 ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនទាំងពីរក្នុងការផ្ដល់សេវាកម្មជូនដល់អតិថិជនឱ្យបានកាន់តែទូលំទូលាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

សម្ព័ន្ធភាពនេះ មិនត្រឹមតែជាការផ្ដួចផ្ដើមយ៉ាងសំខាន់សម្រាប់វិស័យឌីជីថលរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុ នៅក្នុងជីវិតប្រចាំថ្ងៃ។ កិច្ចសហការដែលស្ថិតក្រោមមូលបទ "The Digital Crossroad" បង្ហាញពីទស្សនវិស័យដើម្បីសម្រេចបាននូវអន្តរកម្មយ៉ាងជិតស្និតរវាងការតភ្ជាប់ និងសេវាកម្មហិរញ្ញវត្ថុ។ តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនទាំងពីរនឹងបង្កើតឱ្យមាននូវការផ្លាស់ប្ដូរវិជ្ជមានសម្រាប់ប្រជាជនកម្ពុជា មិនថាសម្រាប់ការបង់ប្រាក់ ការភ្ជាប់ទំនាក់ទំនង ឬការអភិវឌ្ឍខ្លួននៅសម័យឌីជីថលឡើយ។

ភាពជាដៃគូនេះមានគោលបំណងរួមបញ្ចូលសេវាកម្មសំខាន់ៗ និងបណ្តាញភ្នាក់ងារនៅបណ្ដាខេត្តក្រុងនានាដើម្បីឱ្យអ្នកប្រើប្រាស់អាចទទួលបានដំណោះស្រាយ និងសេវាកម្មឌីជីថលបានកាន់តែងាយស្រួល និងលើកកម្ពស់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនេះ ក្រុមហ៊ុន Smart Axiata និងទ្រូម៉ាន់នី ខេមបូឌា  នឹងធ្វើការរួមគ្នាដើម្បី៖

រួមបញ្ចូលការផ្តល់សេវាកម្ម ដើម្បីផ្តល់នូវបទពិសោធន៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ រួមបញ្ចូលគ្នាសម្រាប់អតិថិជន។

ប្រើប្រាស់បណ្តាញភ្នាក់ងារ និងការផ្គត់ផ្គង់សេវាកម្មតាមប្រព័ន្ធឌីជីថល ដើម្បីបន្ថែមលទ្ធភាពក្នុងការផ្ដល់សេវាកម្មបន្ថែម ជូនដល់តំបន់ដែលពុំបានទទួលនូវសេវាកម្មទូលំទូលាយ។

ស្វែងរកដំណោះស្រាយឌីជីថលថ្មីៗ ដើម្បីបំពេញតម្រូវការថ្មីៗរបស់ប្រជាជនកម្ពុជា។

គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល លើផ្នែកបរិយាប័ន្នហិរញ្ញវត្ថុ និងបរិយាប័ន្នឌីជីថល (Financial and Digital Inclusion) តាមរយៈការធ្វើយុទ្ធនាការរួមគ្នាលើការអប់រំ និងការបង្កើនការយល់ដឹង ។

រូបភាព
រូបភាព

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា "ភាពជាដៃគូនេះ បង្ហាញពីចក្ខុវិស័យរួមរបស់ក្រុមហ៊ុន Smart Axiata និងទ្រូម៉ានី​ ដើម្បីជំរុញសង្គមឌីជីថលប្រកបដោយបរិយាប័ន្ន" ។ លោកបានបន្តថា “តាមរយៈការរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់យើងជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ទ្រូម៉ាន់នី យើង​មានឱកាសបង្កើតនូវដំណោះស្រាយនិងផ្ដល់ជូននូវសេវាកម្មសំខាន់ៗសម្រាប់អ្នកប្រើប្រាស់ និងសហគមន៍កម្ពុជា”។

លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាប្រតិបត្តិរបស់​ក្រុមហ៊ុន ទ្រូម៉ាន់នី (កម្ពុជា​ និងមីយ៉ាន់ម៉ា) បានបន្ថែមថា “ក្រុមហ៊ុនទ្រូម៉ាន់នី ជឿជាក់ថា គ្រប់គ្នាមានសិទ្ធិក្នុងការទទួលបាននូវសេវាហិរញ្ញវត្ថុ។ កិច្ចសហប្រតិបត្តិការជាមួយ Smart Axiata អនុញ្ញាតឱ្យយើងផ្ដល់សេវាកម្មទៅដល់ប្រជាជនកម្ពុជាបានកាន់តែច្រើន តាមរយៈប្រព័ន្ធឌីជីថលដែលងាយស្រួល សុវត្ថិភាព និងឆ្លាតវៃ ដែលជំរុញឱ្យសង្គមយើងមានទំនាក់ទំនងកាន់តែប្រសើរ និងអាចទទួលបាននូវសេវាកម្មហិរញ្ញវត្ថុសំខាន់ៗ។”

ជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន

ភាពជាដៃគូរវាង Smart និងទ្រូម៉ាន់នី ជាគំរូមួយដែលបង្ហាញថា ក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាហិញ្ញវត្ថុ អាចសហការគ្នាដើម្បីកាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយការចំណាយលើការចែកចាយ និងបម្រើដល់សហគមន៍ តាមរយៈការផ្ដល់នូវដំណោះស្រាយដែលចាំបាច់ និងងាយស្រួលប្រើ។

ពីអាជីវករនៅតាមជនបទ រហូតដល់យុវជននៅទីក្រុង ការផ្ដល់ជូននូវសេវាកម្មរួមបញ្ចូលគ្នានេះ នឹងបំពេញតម្រូវការអតិថិជនបានកាន់តែទូលំទូលាយ។

រូបភាព
រូបភាព

ក្រុមហ៊ុនទាំងពីរបានបញ្ជាក់សារជាថ្មីថានេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ កិច្ចសហការនាពេលអនាគត នឹងមានលក្ខណៈកាន់តែស៊ីជម្រៅ ជាពិសេសលើការទូទាត់តាមឌីជីថល និងការពង្រឹងបទពិសោធន៍ប្រើប្រាស់របស់អតិថិជន ព្រមទាំងជ្រោមជ្រែងបរិវត្តកម្មឌីជីថលរបស់កម្ពុជាឱ្យប្រកបដោយបរិយាប័ន្ន និងមានសន្ទុះដ៏រឹងមាំ។

ខណៈដែលសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងធ្វើបរិវត្តកម្មឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ភាពជាដៃគូរបស់ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុនទ្រូម៉ាន់នីខេមបូឌា នឹងឈរជាគំរូមួយដែលបង្ហាញពីសារៈសំខាន់នៃកិច្ចសហការជាយុទ្ធសាស្រ្ត សម្រាប់ការចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។

ភាពជាដៃគូនេះនឹងធ្វើឡើងជាដំណាក់កាល ហើយព័ត៌មានលម្អិតអំពីកិច្ចសហការបន្ថែម នឹងត្រូវបានប្រកាសនៅប៉ុន្មានខែខាងមុខនេះ។

ក្រុមហ៊ុន Smart Axiata ផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយ ICT នៅក្នុងប្រទេសកម្ពុជា ទៅកាន់អតិថិជនជាង 7.5 លាននាក់។ តាមរយៈការផ្លាស់ប្តូរទៅជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុនកំពុងផ្លាស់ប្ដូរទិដ្ឋភាពឌីជីថលរបស់ប្រទេស ទាំងនៅលើការកម្សាន្ត របៀបរស់នៅ និងផលិតភាព តាមរយៈការផ្តល់ជូននូវនវានុវត្តន៍ជាច្រើន។ តាមរយៈការភ្ជាប់បច្ចេកវិទ្យា ទៅនឹងជីវិតប្រចាំថ្ងៃ Smart កំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់ក្តីប្រាថ្នារបស់ប្រទេសកម្ពុជា ដើម្បី​ប្រែក្លាយខ្លួនទៅជាសង្គម និងសេដ្ឋកិច្ចឌីជីថល។

ក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) របស់ប្រទេសថៃ ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនធំជាងគេ និងចម្រុះបំផុតមួយរបស់អាស៊ី ដែលបម្រើសេវាកម្មជូនទាំងអតិថិជនធនាគារ និង​គ្មានធនាគារ តាមរយៈកាបូបលុយបែបឌីជីថល និងបណ្តាញភ្នាក់ងារជាង 10,000 កន្លែង។ ជាមួយនឺងបេសកកម្ម “ជឿជាក់គ្រប់ជំហាន” ក្រុមហ៊ុនទ្រូម៉ាន់នីជម្រុញបរិយាប័ន្នហិរញ្ញវត្ថុ (Financial Inclusion) ការទូទាត់តាមឌីជីថល និងដំណោះស្រាយពាណិជ្ជករទូទាំងប្រទេសកម្ពុជា។ កិច្ចសហការជាមួយក្រុមហ៊ុន Smart Axiata ឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ក្រុមហ៊ុនទាំងពីរក្នុងការសហការគ្នាលើវិស័យដែល ភ្ជាប់គម្លាតឌីជីថល និងគាំទ្រសក្ដានុពលនៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ 

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/d1/d134eb9d8fac735a187615164544d1c537e40967.png

"20 ឆ្នាំជាមួយគ្នា" ដឹ ភីហ្សា ខមផេនី កម្ពុជា បានប្រារព្ធកម្មវិធីខួប 20ឆ្នាំ នៃការបើកដំណើរការ រួមជាមួយការសម្ភោធន៍ ភីហ្សារសជាតិថ្មី ភីហ្សា ឡុកឡាក់ ម៉ែលស៊ូព្រីម និងការផ្តល់ជូនដ៏ភ្ញាក់ផ្អើលគឺ កាតបញ្ចុះតម្លៃរហូតដល់ដាច់ឆ្នាំ ក៏ដូចជារង្វាន់ធំជាច្រើនទៀត

 ០៤-មិថុនា-២០២៥ 
 ៣ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T