បរទេស៖ បេក្ខភាពប្រជែងតំណែងប្រធានក្លិប Barcelona ថ្មី លោក Victor Font មានគម្រោងផ្ទេរយកខ្សែប្រយុទ្ធក្រុម Paris Saint-Germain កីឡាករ Kylian Mbappe មកកាន់ទឹកដី Camp Nou។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mbappe គឺជាគោលដៅអទិភាពរបស់ប្រធានក្លិប Real Madrid លោកតា Florentino Perez នៅឆ្នាំ២០២១។ ប៉ុន្តែលោក Font ក៏មានគំនិតចង់បានខ្សែប្រយុទ្ធជួយបារាំងលើកពាន World Cup ឆ្នាំ២០១៨រូបនេះផងដែរ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានក្លិប Barca ថ្មីទៅជំនួសតំណែងលោក Josep Maria Bartomeu នៅឆ្នាំក្រោយ។

បើតាមរបាយការណ៍របស់កាសែត AS លោក Font បច្ចុប្បន្នកំពុងទាក់ទងជាមួយ Mbappe និងឪពុករបស់គេ ដើម្បីបញ្ចុះបញ្ចូលខ្សែប្រយុទ្ធវ័យ២១ឆ្នាំឲ្យមើលរំលង Real Madrid រួចជ្រើសរើសផ្លាស់មកកាន់ក្លិបយក្សតំបន់កាតាឡាន់នៅឆ្នាំ២០២១ខាងមុខ។ យ៉ាងណាមិញ Mbappe បានមានគម្រោងច្បាស់លាស់ហើយ ថាក្លិបបន្ទាប់របស់គេគឺ Real Madrid ។

ប្រភពដដែលបានបន្ថែមទៀតថា ម្ចាស់អាវលេខ៧ ក្រុម PSG រូបនេះ បានធ្វើការពិភាក្សាគ្នាជាមួយនឹងអ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane ជុំវិញរឿងផ្ទេរមកទឹកដី Bernabeu ជាច្រើនលើកច្រើនសាមកហើយ។

គួរឲ្យដឹងដែរថា កុងត្រារបស់ Mbappe ជាមួយនិង PSG គឺត្រូវផុតកំណត់នៅរដូវក្ដៅឆ្នាំ២០២២ ខណៈបច្ចុប្បន្នរូបគេមិនទាន់បានចរចាបន្តកិច្ចសន្យាថ្មីនៅឡើយទេ។ ជាមួយគ្នានេះ ក្លិបយក្សបារាំងត្រូវបានគេរាយការណ៍មកថា អាចនឹងទាមទារតម្លៃខ្លូនជើងស៊ុតសញ្ជាតិបារាំងរូបនេះ ចន្លោះពី ១៨០លានអឺរ៉ូ ទៅ២០០លានអឺរ៉ូ ៕
ប្រភព៖ footballinside.net