ស្បែកមុខគ្នាយើងដែលមានមុនច្រើន ពិបាកក្នុងការថែទាំមែនទែន មិនមែនគ្រាន់តែលុបមុខច្រើនដងអាចជួយឲ្យបាត់មុនបានទេ។ គ្នាយើងខ្លះ ទោះខំព្យាយាមប្ដូរផលិតផលច្រើនមុខក៏ដោយ មុខមិនព្រមបាត់មុនសោះ។ ជួនកាល មិនមែនមកពីផលិតផលដែលយើងប្រើមិនត្រូវទេ តែវាមកពីយើងខ្លួនឯងមិនចេះតិចនិកថែស្បែកមុខមុនត្រឹមត្រូវ ចេះតែប្រើតាមគេតាមឯង។ ខាងក្រោមនេះ ជាតិចនិកថែមុខមុនខុសឆ្គង ដែលកាន់តែធ្វើឲ្យកើនមុន ហើយស្បែកក៏ខូចទៀត៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ប្រើផលិតផលមានជាតិកាត់ខ្លាំង
ពេលយើងមានមុន យើងនិយមប្រើផលិតផលមានជាតិកាត់ មានម្សៅលាយ ឬស្ក្រាប់មុខ (Scrub) ដែលជួយសម្អាតរន្ធញើស ដើម្បីកុំឲ្យដីកកក្នុងរន្ធញើសធ្វើឲ្យកើតមុនលើសដើម។ យើងត្រូវជ្រើសយកផលិតផលប្រើឲ្យសមនឹងស្បែកមុខ បើយើងប្រើស្ក្រាប់ផ្ដេសផ្ដាស វាអាចរំខានដល់ស្បែកមុខ ឬធ្វើឲ្យខូចស្បែកមុខ ជាហេតុបណ្ដាលមានបញ្ហាកាន់តែយ៉ាប់។
២.មិនប្រើគ្រីមការពារកម្ដៅថ្ងៃ ឬលាបតិចៗពេក
ការលាបគ្រីមការពារកម្ដៅថ្ងៃចាំបាច់ក្នុងការពារស្បែកយើងពីពន្លឺUV និងអាចកាត់បន្ថយមហារីកស្បែកផងដែរ។ តែកំហុសដែលយើងច្រើនធ្វើនោះគឺ លាបគ្រីមការពារកម្ដៅថ្ងៃច្រើនពេក ធ្វើឲ្យគ្រីមចូលទៅក្នុងរន្ធញើស មិនអាចឲ្យស្បែកដកដង្ហើមបាន ឬលាបតិចៗមិនសព្វមុខ ធ្វើឲ្យមុខងាយនឹងខូចខាតដោយសារកម្ដៅថ្ងៃ អាចបណ្ដាលឲ្យស្បែកស្ងួត និងកើតមុនបាន។
៣.កេះ ឬញេចមុន
គ្នាយើងខ្លះមុនទុំមិនទាន់ទេ រពឹសដៃកេះ ឬញេចចេញហើយ តែការធ្វើបែបនេះអាចឲ្យបាក់តេរីរាលដាល បណ្ដាលឲ្យមុនកាន់តែកើនឡើង។ ហើយបើយើងញេចមុនដែលមិនទាន់ទុំ វាកាន់តែធ្វើប្រេង និងបាក់តេរីចូលកាន់តែជ្រៅទៅក្នុងស្បែក។ បើយើងយកដៃញេច ដូចស្វាគមន៍ពពួកមេរោគនៅលើដៃឲ្យទៅទុំនៅស្បែកមុខអ៊ីចឹងដែរ។
៤.ប្រើតិចនិកលាងមុខខុស
គ្រាន់តែលុបមុខមានខុស មានត្រូវដែរ? ការលុបមុខសម្រាប់ស្បែកមុខមានមុនច្រើន មិនមែនដូចអ្នកដែលមានមុខធម្មតាទេ។ កំហុសមួយដែលយើងតែងធ្វើនោះគឺជ្រើសរើសហ្វូមលាងមុខខុស ដែលបង្កឲ្យមុនកាន់តែឡើង មុខកាន់តែមានបញ្ហា។ ចំពោះគ្នាយើងខ្លះ ដែលមានមុនច្រើន ប្រហែលប្រើហ្វូមដែលមានសារធាតុកម្ចាត់មុនហើយ តែហ្វូមប្រភេទត្រូវការពេលយូរដើម្បីជ្រាបចូលស្បែកបានសព្វ ដូចនេះបើនៅតែមានមុនទៀត អាចដោយសារយើងឆាប់លាងចេញពេក។
ម៉្យាងវិញទៀត យើងត្រូវលាងហ្វូមចេញឲ្យបានស្អាត បើមិនដូច្នោះ សមាសធាតុសម្អាតមុខនឹងជាប់លើមុខ ធ្វើឲ្យស្បែកស្ងួត ងាយកើតមុន។ បន្ទាប់ពីលាងមុខ ជូតមុខហើយ យើងគួរលាបគ្រីមផ្ដល់សំណើមភ្លាមៗ កុំទុកឲ្យមុខស្ងួតខ្លាំងទាន់។
៥.ប្រើតែទឹកជូត Make up
ទឹកជូតគ្រឿងសម្អាងចេញពីមុខមានសមាសធាតុសម្អាតស្បែកបានល្អ ហើយទឹកជូតខ្លះ អាចប្រើបានដោយមិនចាំបាច់លាងមុខតាមក្រោយ។ ទោះយ៉ាងនេះក្ដី ទឹកជូត Make up គ្រាន់តែជូតគ្រឿងសម្អាងបាននៅលើផ្ទៃមុខខាងលើប៉ុណ្ណោះ តែវាមិនអាចសម្អាតធូលី ប្រេង កប់ជ្រៅក្នុងរន្ធញើសយើងបានទេ។ មុនចូលគេង ត្រូវជូតសម្អាតគ្រឿងសម្អាងសិន រួចលុបមុខឲ្យបានស្អាត។
៦.ប្រើថ្នាំលាបមុនតិច ឬច្រើនពេក
កំហុសឆ្គងមួយដែលយើងធ្វើញឹកនោះ គឺប្រើថ្នាំលាបមុនតែកន្លែងកើតមុន។ ស្បែកយើងមានរន្ធញើសច្រើន ហើយវាអាចកើតមុនកន្លែងណាក៏បាន។ បើយើងលាបតែនៅលើកន្លែងមានមុន កន្លែងក្បែរនោះអាចកើតមុនម្ដង។ ប៉ុន្តែបើយើងប្រើច្រើនពេក លាបពេញមុខ វាអាចធ្វើឲ្យស្បែកស្ងួត ផ្ដល់ផលរំខាន ឡើងក្រហម របកស្បែក ឬកាន់តែធ្វើឲ្យមុនកើនឡើង។ល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet