ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ ដែលបានសង់រូបសំណាកលោកត្រាំ និងតែងតែគោរពបូជាពេលនេះ បានទទួលមរណភាពហើយ បន្ទាប់ពីបង្ហោះវីដេអូខ្លីមួយ ដោយនិយាយទាំងទឹកភ្នែករលីងរលោងថា លោកពិបាកចិត្ដយ៉ាងខ្លាំង នៅពេលដឹងថានិមិត្ដរូបរបស់លោកឆ្លងជំងឺកូវីដ-១៩ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Bussa Krishna គឺជាកសិករមួយរូប រស់នៅភូមិ Konney រដ្ឋ Telangana ប្រទេសឥណ្ឌា បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង ក្នុងអាយុ៣៣ឆ្នាំ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររូបនេះ បានសង់រូបសំណាកលោកដូណាល់ ត្រាំ នៅឯទីសក្ការៈមួយក្បែរផ្ទះរបស់លោក និងចាប់ផ្ដើមគោរពបូជាអស់រយៈពេលជាង៤ឆ្នាំមកហើយ នៅពេលដែលប្រធានាធិបតីរូបនេះ បានបង្ហាញខ្លួនក្នុងសុបិនមួយរបស់លោក។
ជាក់ស្ដែង ប៉ុន្មានថ្ងៃមុនពេលស្លាប់ លោក Krishna បានបង្ហោះឃ្លីបវីដេអូនៅលើគេហទំព័រហ្វេសប៊ុក ក្នុងគោលបំណងចង់ឲ្យនិមិត្ដរូបរបស់លោកជាសះស្បើយពីជំងឺ ដែលបានសម្លាប់មនុស្សជាង១លាននាក់ទូទាំងពិភពលោក។ នៅក្នុងនោះ លោកបាននិយាយទាំងទឹកភ្នែករលីងលោងថា៖
ខ្ញុំពិបាកចិត្ដណាស់ ពេលនិមិត្ដរូបរបស់ខ្ញុំ គឺលោក ត្រាំ ឆ្លងជំងឺកូវីដ-១៩។ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នា ជួយអធិស្ឋានដើម្បីឲ្យគាត់ឆាប់ជាសះស្បើយផង។
ទន្ទឹមនឹងនេះ ក្រុមគ្រួសាររបស់លោក Krishna បានឲ្យដឹងថា លោកថែមទាំងឈប់បរិភោគអាហារទៀតផង ដើម្បីបង្ហាញពីភាពស្មោះត្រង់ និងជួយរំលែកទុក្ខលោកដូណាល់ ត្រាំ។ ដោយឡែក ពាក់ព័ន្ធនឹងមរណភាព បងប្អូនជីដូនមួយរបស់ Krishna បាននិយាយថា លោកជាមនុស្សមានសុខភាពល្អ និងមិនធ្លាប់មានជំងឺបេះដូងពីមុនមកទេ ដូច្នេះយើងមិនមានតម្រុយជុំវិញការស្លាប់យ៉ាងឆាប់រហ័សនេះឡើយ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖




