អ្នកនាំពាក្យសាលារាជធានីភ្នំពេញ៖ ការសុំបើក​ប្រាក់អត្ថ​ប្រ​យោជន៍​​​នានា​របស់​កម្មករ​ស៊ិន​ទ្រី​មិន​ខុស​ទេ​ តែមិន​ស្រប​តាម​ច្បាប់​ការងារ​

//s9.kh1.co/d7/d7b213a6a5dd6e54a4f9b5d94ed3813e1f76e85b.jpg
សង្គម

 ០៩-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោក ម៉េត មាសភក្តី ប្រាប់ Khmerload ថា «ការបើកប្រាក់អត្ថប្រយោជន៍ទាំងនោះ លុះត្រាក្រុមហ៊ុនបញ្ឈប់គាត់ ឬគាត់ឈប់​ពីការងារ ដែលលក្ខខណ្ឌនោះទើប​តម្រូវឲ្យផ្តល់តាមច្បាប់ការងារ

បញ្ហាសំរាមមិនមែនជារឿងថ្មីទេសម្រាប់ក្រុងភ្នំពេញ។ ជិតមួយសប្តាហ៍កន្លងមកនេះ កម្មករប្រមូលសំរាម​របស់​ក្រុមហ៊ុនស៊ិនទ្រីជាង ២០០០នាក់ បានមូលមតិគ្នាធ្វើកូដកម្ម ដោយមិនព្រមចេញប្រមូលសំរាមដូចមុនឡើយ។ ការធ្វើកូដកម្មបែបនេះ ដោយពួកគាត់ទាមទារឲ្យក្រុមហ៊ុនដោះស្រាយជូននូវប្រាក់បំណាច់អតីតភាពកាងារ ​ ប្រាក់ខែ​ចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់ និងលក្ខខណ្ឌខ្លះៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រមពេលដែលមិនទាន់មានការឯកភាពគ្នារវាងក្រុមហ៊ុន និងកម្មករ មានការត្អូញត្អែរមិនតិចទេពីពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមដែលចេញមុខចែករំលែកនូវយោបល់របស់ខ្លួន។ ក្នុងនោះពួកគេចោទឡើងថា ហេតុអីក្រុមហ៊ុនមិនព្រមដោះស្រាយជូនកម្មករ? ក្លិនសំរាមដែលកកកុញតាមដងផ្លូវ អាចប៉ះពាល់ដល់​សុខភាព​របស់ប្រជាជន​ និងសោភ័ណ្ឌភាពទីក្រុងផង តើរឿងសំរាមនេះ រដ្ឋបាលរាជធានីភ្នំពេញមានចំណាត់ការយ៉ាងណាដែរ?

ជាការឆ្លើយតប លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបកស្រាយប្រាប់ Khmerload ថា នៅសុខៗមិនមែនសំរាមចេះតែកកស្ទះទេ។ លោកថា តាំងពីយប់ថ្ងៃសុក្រសប្តាហ៍មុន កម្មករបានធ្វើកូដកម្ម និងមិនព្រមចេញប្រមូលសំរាម។ មន្ត្រីសាលាក្រុងរូបនេះបង្ហើបថា អាជ្ញាធរ និងប្រជាការពារបានចុះអន្តរាគមន៍បឋម ដោយប្រមូលសំរាមជំនួស និងចាត់ទុកថាជាចំណាត់ការ ក៏ដូចជាយន្តការភា្លមៗ ខណៈថ្នាក់លើកំពុងគិតពីដំណោះស្រាយបណ្តើរៗជាមួយកម្មករផង។

លោក មាសភក្តីថា៖ «ករណីសំរាមមិនមែនជារឿងថ្មីទេ ហើយមិនមែននៅសុខៗសំរាមចេះតែកកស្ទះដែរ។ ពួកគាត់ធ្វើកូដកម្ម មិនចេញទៅប្រមូលសំរាម តាំងពីយប់ថ្ងៃសុក្រសប្តាហ៍មុន។ អ៊ឹចឹងមន្ត្រីយើងចុះធ្វើជំនួសភ្លាមៗ ទោះមិនដូចកម្មករ ក៏វាជាដំណោះស្រាយបឋមដែរ។ ពេលប្រជុំថ្ងៃ ០៧តុលា គាត់(កម្មករស៊ិនទ្រី) សន្យាថានឹងឈប់ធ្វើកូដកម្ម ហើយព្រមចេញប្រមូលសំរាម តែក្រោយមកមិនព្រមវិញ។ គាត់ទាមទារលក្ខខណ្ឌ​មួយចំនួន ដែលមិនស្របនឹងច្បាប់ការងារសោះ»។

​លោកថា រដ្ឋបាលរាជធានីកំពុងគិតពីកិច្ចការបម្រុងបន្ទាប់ ដោយសារអាជ្ញាធរអាចគ្រប់គ្រងសំរាមប្រចាំថ្ងៃជាមធ្យមពី ២៥០០ - ៣០០០តោនប៉ុណ្ណោះ តែចំនួនសំរាមដែលកកកុញជិតមួយសប្តាហ៍ស្រាប់ផងនោះ ជាហេតុធ្វើឲ្យបរិមាណ​លើសលប់​ដែលមិនអាចជញ្ជូនចេញទាន់ពេលវេលា។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះថា៖ «តាមពិតរឿងនេះជាវិវាទការងាររវាងក្រុមហ៊ុនឯកជនស៊ិនទ្រី និងកម្មករទេ តែអាជ្ញាធរជាម៉ែ ជាឪ ត្រូវតែសម្របសម្រួល។ ហើយហេតុអីបានជាក្រុមហ៊ុនមិនដោះស្រាយជូន? ព្រោះនៅស្រុកខ្មែរយើងត្រូវអនុវត្តតាមច្បាប់ការងារ។ អត្ថប្រយោជន៍ផ្សេងៗដែលពួកគាត់ទាមទារដូចជា​ប្រាក់បំណាច់​អតីតភាពការងារជាដើមនោះ គឺនឹងទទួលបាននៅ​ពេលពួកគាត់ឈប់ពីការងារ មិនមែនពេលនេះទេ»។

លោក ភក្តី បន្ថែមថា៖ «យើងព្យាយាមពន្យល់គាត់ដែរថា ការសុំនេះគឺមិនត្រូវតាមច្បាប់ការងារ។ ការសុំនូវប្រាក់អត្ថប្រយោជន៍របស់ពួកគាត់ពីក្រុមហ៊ុនគឺមិនខុសទេ តែមិនស្របតាមច្បាប់ការងារ។ ការបើកប្រាក់ទាំងនោះលុះត្រាក្រុមហ៊ុនបញ្ឈប់គាត់ ឬគាត់ឈប់ពីការងារ ដែលលក្ខខណ្ឌនោះទើប​តម្រូវឲ្យផ្តល់តាមច្បាប់ការងារ។ ហើយបើសុខៗអត់មានអីផង គាត់មកទាមទារអ៊ឹចឹង វាខុសពីច្បាប់។ យ៉ាងណាយើងនៅតែសម្របសម្រួល ហើយសុំឲ្យគាត់ងាកមកបំពេញតួនាទីដូចដើម។

សូមរំឭកថា តាំងពីល្ងាចថ្ងៃទី ០២តុលាមក កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី បាន​ធ្វើ​កូដកម្ម ដោយមិនចេញប្រមូលសំរាម ដែលធ្វើឲ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានា​ក្នុង​រាជធានីភ្នំពេញ។ កម្មករនៅតែមិនព្រមចេញមកបំពេញការងារ បើទោះមានការចុះសម្របសម្រួលដោយផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ដោយ។ ក្នុងនោះកម្មករបានទាមទារឲ្យក្រុមហ៊ុន ស៊ិនទ្រី ដោះស្រាយនូវប្រាក់បំណាច់អតីតភាពកាងារ ប្រាក់​សំណង​ជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ​ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់។​ ជាការកត់សម្គាល់ មកទល់រសៀលថ្ងៃ ០៩​តុលានេះ មិនទាន់មានការឯកភាពណាមួយនៅឡើយ៕

រូបភាពពី 
លោក ម៉េត មាសភក្តី
រូបភាពពី លោក ម៉េត មាសភក្តី
រូបភាពពីទំព័រហ្វេសប៊ុក លោក Somethearith Din
រូបភាពពីទំព័រហ្វេសប៊ុក លោក Somethearith Din
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T