បាក់ទឹកចិត្តក្រោយសម្រាល មកពីមូលហេតុអី? ឲ្យសញ្ញាម៉េចខ្លះ?

//s9.kh1.co/b0/b01bddcc819de753ca55c219a67962f2c7ebe945.jpg
នារី

 ០២-តុលា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មួយ​ចំនួន​បែរ​ជា​មាន​បញ្ហា​ផ្លូវចិត្ត ផ្លាស់​ប្តូរ​ទាំង​អារម្មណ៍​ផ្លូវចិត្ត ផ្លូវកាយ និង​អាកប្បកិរិយា។

ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មួយ​ចំនួន​បែរ​ជា​មាន​បញ្ហា​ផ្លូវចិត្ត ផ្លាស់​ប្តូរ​ទាំង​អារម្មណ៍​ផ្លូវចិត្ត ផ្លូវកាយ និង​អាកប្បកិរិយា ពិសេស​ស្រីៗ​​ដែល​មាន​កូន​ដំបូង ខ្វះ​បទ​ពិសោធ​ក្នុង​ចិញ្ចឹម​បីបាច់​កូន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះ​មូលហេតុ​ដែល​ធ្វើ​ស្ត្រី​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ក្រោយ​ពេល​សម្រាល​កូន​រួច​ថ្មី​ថ្មោង លោកស្រី​វេជ្ជបណ្ឌិត​ថា បណ្តាល​មក​ពី​កត្តា​សំខាន់ ២យ៉ាង គឺ​ផ្លូវចិត្ត និង​ជីវសាស្ត្រ ក្នុង​នោះ​រួម​មាន​ការ​ការ​ប្រែប្រួល​អ័រម៉ូន Estrogen, progesterone ​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ កូន​ធ្វើ​ទុក្ខ​សម្រាក​មិន​បាន​គ្រប់​គ្រាន់ សម្ពាធ​ក្នុង​ការ​មើលកូន មិន​មាន​អ្នក​ជំនួស​ដៃ​ជើង ឬ​ក៏​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​លែង​ផ្អែម​ល្ហែម​ដូច​មុន។

លោកស្រី​វេជ្ជបណ្ឌិត​ថា ស្ត្រីភាគច្រើនជួប​អាការៈ​បាក់​ទឹក​ចិត្ត​តែ​ក្នុង​រយៈ​ ៣ខែ​ដំបូង​ប៉ុណ្ណោះ ដោយសារ​តែ​កូន​នៅ​តូច​ពេក ត្រូវ​មើល​ថែទាំ​កូន​ទាំង​យប់​ទាំង​ថ្ងៃ អ្នក​ខ្លះ​រក​តែ​ពេល​គេង​ក៏​មិន​បាន ញ៉ាំ​ក៏​មិន​ត្រង់​មាត់​ទៀត។

ប៉ុន្តែ​ចំពោះ​ស្រីៗ​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ កុំ​នៅ​អូស​បន្លាយ​យូរ​អី លោកស្រី​វេជ្ជបណ្ឌិត​បាន​ផ្តល់​ដំបូន្មាន​ឲ្យ​សុំ​ជំនួយ​ពី​អ្នកផ្ទះ ពិសេស​​ស្វាមី ឬ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ចិត្តសាស្ត្រ ដើម្បី​ឲ្យ​ស្ថានភាព​ផ្លូវចិត្ត​ប្រសើរ​ឡើង​វិញ។ ម៉ាក់​ៗ​ដែល​សម្រាល​កូន​រួច​ងាយ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ណាស់ ដូចនេះ​ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ ស្វាមី​គួរ​តែ​ជួយ​សម្រាល​កិច្ចការ​ប្រពន្ធ​ខ្លះៗ ដូចជា ជួយ​មើល​កូន ធ្វើ​កិច្ចការ​ផ្ទះ​ខ្លះៗ ចៀស​វាង​ការ​ដាក់​បន្ទុក​បន្ថែម​ទៅ​ភរិយា។

សញ្ញា​បាក់​ទឹកចិត្ត​ក្រោយ​សម្រាល ដំណាក់កាលស្រាល៖

បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​នៅ​ដំណាក់​កាល​ស្រាល មាន​រយៈពេល​តែ ២-៣ ថ្ងៃ ​ទៅ​១ សប្តាហ៍ ឬ ២ខែ បន្ទាប់​ពី​សម្រាល​កូន​រួច។

– អារម្មណ៍​ងាយ​ប្រែប្រួល
– ថប់បារម្ភ
– សោកសៅ
– ឆាប់ខឹង
– មាន​អារម្មណ៍​ធុញថប់
– យំ
– កាត់​បន្ថយ​ការ​ផ្តោត​អារម្មណ៍
– មិន​ឃ្លាន
– គេង​មិន​លក់។

សញ្ញា​បាក់​ទឹកចិត្ត​ក្រោយ​សម្រាល ដំណាក់​កាលធ្ងន់ធ្ងរ៖

រោគ​សញ្ញា​ច្រើន​តែ​កើត​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង​បន្ទាប់​ពី​សម្រាល​កូន ប៉ុន្តែ​អាច​ចាប់​ផ្តើម​មុន​ពេល​មាន​ផ្ទៃពោះ ឬ​ក្រោយ​មក រហូត​ដល់ ១ឆ្នាំ បន្ទាប់​ពី​សម្រាល​កូន។

– ផ្លាស់​ប្តូរ​អារម្មណ៍​ធ្ងន់ធ្ងរ
– យំ​ខ្លាំង
– មិន​សូវ​ស្និទ្ធ​ស្នាល​ជាមួយ​កូន
– ដក​ខ្លួន​ពី​ក្រុម​គ្រួសារ និង​មិត្តភក្តិ
– បាត់​បង់​ចំណង់​អាហារ ឬ​ញ៉ាំ​ច្រើន​ខុស​ធម្មតា
– គេង​មិន​លក់ ឬ​គេង​ច្រើន​ជ្រុល
– គ្មានកម្លាំង
– កាត់​បន្ថយ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ដែល​ធ្លាប់​តែ​រីករាយ
– ឆាប់​ខឹង និង​ខឹង​ខ្លាំង
– អស់​សង្ឃឹម
– លទ្ធភាព​នៃ​ការ​គិត និង​ការ​សម្រេច​ចិត្ត​ថយ​ចុះ
– មាន​គំនិត​ធ្វើ​បាប​ខ្លួន​ឯង ឬកូន
– មានគំនិត​ដដែលៗ ​ចង់​ធ្វើ​អត្តឃាត។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T