វេលាពពោះពិតជាសំខាន់ខ្លាំងណាស់ ដូច្នេះហើយបានជាគ្រូពេទ្យតែងតម្រូវឲ្យស្ត្រីចង់បានកូន ត្រូវត្រៀមខ្លួនជាមុន។ មានន័យថា មុនពេលពពោះត្រូវដាក់ផែនការគ្រួសារ និងទៅរកគ្រូពេទ្យប្រឹក្សាយោបល់ ដើម្បីបានដំបូន្មានល្អៗក្នុងការថែទាំកូន និងខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកគ្រូពេទ្យ សុំ សូរិយា បម្រើការនៅមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល បានណែនាំថា បើមិនបានចាក់ថ្នាំបង្ការមួយចំនួនតាំងពីមុនពេលមានកូន អាចមានគ្រោះថ្នាក់ទាំងយើង និងកូនបានអំឡុងពេល ឬក្រោយសម្រាល។ ក្នុងនោះប្រសិនបើយើងថែទាំខ្លួនបានល្អ ដោយលេបថ្នាំពពួកវីតាមីន និងរបបអាហារមានតុល្យភាពជួយការពារទាំង ២ នាក់ពីជំងឺផ្សេងៗ ព្រោះបើកើតជំងឺទាំងប៉ុន្មានមុខដូចខាងក្រោមនេះ នាំគ្រោះថ្នាក់ទាំងខ្លួនឯង និងកូន។
១- ទឹកនោមផ្អែមពេលពពោះ
ភាគច្រើនជំងឺនេះកើតឡើងនៅត្រីមាសទី៣ នៃការពពោះ ហើយអាចបាត់ទៅវិញក្រោយពេលសម្រាលកូន។ ជំងឺទឹកនោមផ្អែមពេលពពោះ ជះឥទ្ធិពលអាក្រក់ទាំងម្តាយទាំងកូន ដោយ ថ្ងៃណាមួយ ឬប៉ុន្មានឆ្នាំក្រោយមក ទាំងម៉ាក់ៗ និងទារក ក៏ប្រឈមហានិភ័យវិវត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២ ដូចគ្នា។
២- ស្លេកស្លាំង
ជំងឺស្លេកស្លាំង គឺដោយសារការថយចុះនូវគ្រាប់ឈាមក្រហម ដែលមានគ្រាប់ឈាមអេម៉ូក្លូប៊ីន ជាហេតុពេទ្យតែងឲ្យស្រីៗពពោះ ញ៉ាំថ្នាំជាតិដែកឲ្យគ្រប់ ៩០គ្រាប់ និង ៤២គ្រាប់ ក្រោយសម្រាល។ ប្រសិនបើម៉ាក់ៗមិនបានលេបថ្នាំជាតិដែកឲ្យបានគ្រប់គ្រាន់ ប្រាកដជាកើតមានជំងឺស្លេកស្លាំងនៅពេលមានគភ៌ នាំឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃអំឡុងពេលមានបញ្ហាខ្វះគ្រាប់ឈាមក្រហម។ ស្លេកស្លាំងដោយខ្វះជាតិដែកអំឡុងពេលមានផ្ទៃពោះ អាចបង្កើនហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ ឬទារកកើតមកមានទម្ងន់ទាប ឬទារកខ្សោយ។
៣- បម្រុងក្រឡាភ្លើង-ក្រឡាភ្លើង
ជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ភាគច្រើនកើតឡើងនៅពេលគភ៌អាយុចាប់ពី ២០ សប្តាហ៍ឡើងទៅ និងច្រើនកើតលើស្រីៗដែលធាត់ខ្លាំង ចូលចិត្តញ៉ាំប្រៃ-សាច់ច្រើន ធ្លាប់មានជំងឺក្រឡាភ្លើងពីមុនមក ស្រីៗពពោះកូនភ្លោះ មានជំងឺលើសឈាម មានបញ្ហាតម្រងនោម ស្រីៗមានជំងឺទឹកនោមផ្អែម។
ផលវិបាកនៃជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង មិនត្រឹមប៉ះពាល់ដល់សុខភាពខ្លួនឯងនោះទេ កូនក្នុងពោះក៏គ្រោះថ្នាក់ដូចគ្នា។ ស្រីៗមានផ្ទៃពោះអាចខូចតម្រងនោម មុខងារថ្លើមថយចុះ គ្រប់ឈាម (ប្លាកែតធ្លាក់ចុះ) ដាច់សរសៃឈាមក្នុងខួរក្បាល បែកគ្រាប់ឈាមប្រកាច់ ឬស្លាប់ភ្លាមៗទាំងម្តាយ និងកូន បើសិនជាទៅជួបគ្រូពេទ្យមិនទាន់ពេល។ ចំណែកកូនក្នុងពោះវិញអាចលូតលាស់ខុសប្រក្រតី មានបញ្ហាផ្លូវដង្ហើម កើតមិនគ្រប់ខែ ឬស្លាប់ក្នុងពោះ។
៤- តេតាណូស
បើម៉ាក់ៗណាមិនបានចាក់វ៉ាក់សាំងតេតាណូស មានផលប៉ះពាល់ដល់សុខភាពទាំងយើង និងកូនក្នុងផ្ទៃ។ ពេលមានជំងឺតេតាណូស ស្ត្រីប្រឈមបញ្ហាផ្លូវដង្ហើម ប្រកាច់ជាដើម។ ជំងឺតេតាណូសក៏អាចផ្ដល់ផលប៉ះពាល់មិនល្អទៅដល់ទារកដែរ ដោយទារកអាចឆ្លងរោគតេតាណូស នៅពេលកាត់ទងសុក ចូលតាមផ្ចិតដោយសារតែការខ្វះអនាម័យ ឬយករបស់មិនស្អាតកាត់ ឬបិទរុំផ្ចិតកូន ធ្វើឲ្យកើតជំងឺតេតាណូសបានទៅលើទារក។
ចំណែកប្រភេទជំងឺអុតស្វាយ ស្អូច កញ្ជ្រឹល ត្បិតតែមានគ្រោះថ្នាក់ចំពោះកូនដែរ អាចបណ្ដាលឲ្យរលូត កើតមិនគ្រប់ខែ ជាដើម ប៉ុន្តែចំពោះស្ត្រីពពោះមានតិចតួចណាស់ត្រឹមក្ដៅខ្លួន និងបញ្ហាសើស្បែកប៉ុណ្ណោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet