អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា មានចំណាប់អារម្មណ៍ចង់ផ្ទេរយកខ្សែប្រយុទ្ធស្លាប Ismaila Sarr ពីក្លិប Watford ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១រដូវកាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមពិតទៅខ្សែប្រយុទ្ធស្លាប ដែលជាគោលដៅកំពូលរបស់ Man UTD គឺម្ចាស់អាវលេខ៧របស់ក្រុម Borussia Dortmund កីឡាករ Jadon Sancho ឯណោះទេ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះពិបាកនឹងទៅរួច ដោយសារតែ Dortmund ទាមទារតម្លៃខ្លួនជម្រើសជាតិអង់គ្លេសខ្ពស់ពេក ពោលរហូតដល់១០៨លានផោន (ឬប្រមាណ១៣៨លានដុល្លារ) ឯណោះ ដែលជាតម្លៃមួយធ្វើឲ្យក្រុមបិសាចក្រហមមានការរារែក ស្របពេលជួបវិបត្តិហិរញ្ញវត្ថុ ដោយសារជំងឺរាតត្បាតកូវីដ១៩។
ទន្ទឹមនឹងទីផ្សារដោះដូររដូវក្ដៅ នៅសល់ពេលត្រឹម២សប្ដាហ៍ទៀតនឹងបិទទ្វារ Man UTD កំពុងស្វះស្វែងរកជម្រើសផ្សេងទៀត បន្ទាប់ពី Sancho។ ក្នុងនោះដែរ បើយោងតាមរបាយការណ៍របស់កាសែត Daily Express ខ្សែប្រយុទ្ធស្លាបកំពូលល្បឿនរបស់ Watford កីឡាករ Sarr ជាបេក្ខភាពម្នាក់ដែល Man UTD សម្លឹងឃើញ។
ប្រភពដដែលបានបន្ថែមទៀតថា Watford កំពុងពិចារណា បញ្ចេញ Sarr ក្នុងកិច្ចសន្យាខ្ចីជើង អមជាមួយលក្ខខណ្ឌលក់ផ្ដាច់តែម្ដងនៅរដូវកាលក្រោយ។
គួររម្លឹកដែរថា Sarr វ័យ២២ឆ្នាំ បានផ្លាស់ពី Rennais FC នៅលីគបារាំងមកចូលរួមជាមួយ Watford កាលពីរដូវក្ដៅឆ្នាំមុន ក្នុងតម្លៃ៣០លានអឺរ៉ូ។ ខណៈកាលពីរដូវកាល២០១៩/២០ កន្លងទៅ គេបង្ហាញខ្លួនឲ្យក្រុមឪម៉ាល់សរុបបានចំនួន៣០ប្រកួត រកបាន៦គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៦ដង៕
ប្រភព៖ teamtalk