វាមិនមែនជារឿងងាយស្រួលនោះទេ ដើម្បីទទួលបានភាពស្រស់ស្អាត ទោះជាកំពូលស្រីស្អាតកាលពីអតីតកាលក៏មិន បានសុទ្ធតែកើតមកស្អាតទាំងអស់នោះដែរ។ នៅពីក្រោយភាពស្រស់ស្អាតក្នុងទំព័រប្រវត្ថិសាស្ត្រគឺសុទ្ធតែមានល្បិច ចម្លែកៗ ដែលស្តាប់ទៅលោកអ្នកអាចមិនជឿក៏ថាបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស10. Empress Elisabeth
កំពូលស្ត្រីស្អាតក្នុងពិភពលោក កាលពីកំឡុង ស.វ ទី ១៩ គឺរាជនី Elisabeth នៃប្រទេសAustria។ ព្រះរាជនីល្បីល្បាញពាសពេញអឺរ៉ុប ដោយសារតែស្បែកទន់រលោង និងសក់ពណ៌សណ្តែកដីដែលវែងដល់ជើងរបស់ទ្រង់។ប៉ុន្តែដើម្បីមានស្បែកស្រស់ស្អាតបែបនោះ រាជនីត្រូវប្រើផ្លែ strawberries បុក មកលាបដៃ មុខ និង ក ហើយទ្រង់ត្រូវ ងូតទឹកជាមួយប្រេងអូលីវឧណ្ណៗ និងគេងនៅលើវត្ថុមួយដែលគេហៅថា «ម៉ាសមុខធ្វើពីស្បែកគោឆៅ» ទៀតផង។
ហើយ ដើម្បីទទួលបានរាងដែលស្រស់ស្អាត ព្រះរាជនីត្រូវប្រើឈុតរឹបរាងដែលតឹងបំផុតដើម្បីធ្វើឳ្យចង្កេះមានទំហំ តែ ៤៩.៥ សង់ទៅម៉ែត្រ។ ចំពោះសក់ដែលវែង និងត្រូវធ្វើការក្រងរហូតនោះ ត្រូវចំណាយពេលដល់ទៅបីម៉ោងឯណោះ ទើបអាច ទម្លាក់ចុះមកបានអស់ មានន័យថាដើម្បីរក្សាភាពស្រស់ស្អាតនេះ ម្ចាស់ក្សត្រីយ៍ត្រូវសម្ងំនៅក្នុងច្រើន ជាងចេញទៅក្រៅ ព្រោះថាខ្យល់អាចធ្វើឳ្យសក់របស់ទ្រង់ខូចបាន។
9. Cleopatra
ម្ចាស់ក្សត្រីយ៍ Cleopatra តែងតែអាចឆក់យកបេះដូងបុរសៗដែលមានឥទ្ធិពលបានគ្រប់ពេល ដែលពួកគេបាន ឃើញទ្រង់ វាអាចមកពីភាពស្រស់ស្អាត ភាពទាក់ទាញ ឬក៏មកពីក្លិនក្រអូបដែលភាយចេញពីទ្រង់ក៏ថាបាន។
ម្ចាស់ក្សត្រីយ៍តែងតែប្រើក្រែមលាបមាត់ដែលធ្វើពីពោះវៀនសត្វល្អិតដែលដូចជាសត្វអណ្តើកមាស និងប្រើម្សៅដែល ធ្វើពីលាមកក្រពើមកលាបនៅក្រោមភ្នែក។ នោះនៅមិនទាន់អស់នោះទេ ម្ចាស់ក្សត្រីយ៍តែងតែងូតទឹកជាមួយទឹកដោះ លា ដែលអ្នកបម្រើត្រូវយកពីលាប្រហែល ៧០០ក្បាលក្នុងមួយថ្ងៃ យកមកចាក់បំពេញក្នុងអាចងូតទឹក ពេលដែលទឹក ដោះលានោះខូច ទើបទ្រង់ចូលទៅត្រាំ ដោយវិធីនេះអាចកាត់បន្ថយភាពជ្រួញរបស់ស្បែក ជួយជម្រុះកោសិកាស្បែក ចាស់ និងធ្វើឳ្យស្បែកទន់បាន។
8. Nefertiti
ឈ្មោះថា Nefertiti មានន័យថា «ភាពស្រស់ស្អាតបានមកដល់ហើយ» ហើយម្ចាស់ក្សត្រីយ៍ដែលមានគ្រងព្រះនាម នេះ ក៏បានរស់នៅបែបសក្តិសមនឹងអត្ថន័យឈ្មោះនោះផងដែរ។ គួរបញ្ជាក់ថានៅអេស្ស៊ីប គេមិនបានសរសេរពីវិធីរក្សា សម្រស់ទុកនោះទេ តែយើងអាចទៅរកវិធីទាំងនោះនៅលើផ្នូររបស់ពួកគេបាន ហើយបើទោះជាយើងរកផ្នូរពិតប្រកដ របស់ទ្រង់មិនឃើញ ប៉ុន្តែផ្នូរតំណាងដែលគេធ្វើឡើង បានធ្វើឳ្យយើងអាចសិក្សាបានពីរបៀបថែរក្សាសម្រស់របស់ទ្រង់ បាន។
ម្ចាស់ក្សត្រីយ៍ Nefertiti គ្មានសក់នោះទេ រោមដែលនៅលើខ្លួនរបស់ព្រះនាង តាំងពីក្បាលដល់ចុងជើងគឺត្រូវ កោរដោយឡាមទាំងអស់សូម្បីតែសក់របស់ទ្រង់ ហើយទ្រង់បានពាក់មួកលម្អ ព្រមទាំងលាបពណ៌ភ្នែកពណ៌ខ្មៅ ដោយ ប្រើរបស់ម្យ៉ាងដែលគេហៅថា kohl។
នៅអេស្ស៊ីបបុរាណ kohl ត្រូវបានធ្វើពីរ៉េពុលពណ៌ខ្មៅមួយ នោះមានន័យថាម្ចាស់ក្សត្រីយ៍បានបំពុលខ្លួនឯងនៅគ្រប់ ពេលដែលទ្រង់ធ្វើការផាត់មុខ នោះយើងនៅមិនទាន់និយាយដល់ក្រែមដែលទ្រង់ប្រើប្រាស់ ដោយក្រែមនោះត្រូវបាន ធ្វើឡើងពីសារជាតិពុលមួយប្រភេទទៀត ដែលគេជឿថាជាតិពុលនោះបានបំពុលទ្រង់យូរមកហើយ។
7. Queen Elizabeth I
ដូចដែលបានរៀបរាប់ពីខាងលើ ម្ចាស់ក្សត្រីយ៍ Nefertiti បានប្រើជាតិពុលនៅត្រង់ភ្នែករបស់ខ្លួន តែនោះគឺវានៅតិច តួចណាស់បើធៀបជាមួយហ្នឹង Queen Elizabeth I។ កាលពីសម័យកាល Elizabethan ផលិតផលស្បែកដែល ពេញនិយមជាងគេគឺ «Venetian ceruse» ជាផលិតផលមួយដែលលាយបញ្ចូលគ្នាជាមួយនឹងទឹកខ្មេះ នៅពេល ដែលលាបនៅលើស្បែកទៅនឹងធ្វើឳ្យ ស ស្អាតដូចជាសាច់ព័រសឺឡែន។
គ្មានអ្នកណាប្រើផលិតផលនោះច្រើនជាង ម្ចាស់ក្សត្រីយ៍ Elizabeth ខ្លួនឯងនោះទេ ដោយកាលពីអាយុ ២៩ឆ្នាំ ស្បែករបស់ទ្រង់ក៏មានស្នាម ហើយទ្រង់មាន អារម្មណ៍ថាខ្មាស់គេខ្លាំងណាស់ ទើបទ្រង់ប្រើសារជាតិពណ៌សមកបិទបាំងស្បែកគ្រប់ផ្នែករបស់ខ្លួន។ ទ្រង់បានប្រើវា ច្រើនខ្លាំងណាស់ ហើយបើទ្រង់មិនប្រើទេគឺគ្មានអ្នកណាមើលទ្រង់ស្គាល់នោះទេ ក្រោយមកក៏មានបុរសម្នាក់បាន ឃើញផ្ទៃមុខដែលគ្មានគ្រឿងសម្អាងរបស់ទ្រង់ បុរសនោះក៏ដើរនិយាយថាម្ចាស់ក្សត្រីយ៍បានលាក់បាំងភាពមិនស្អាត របស់ខ្លួននៅពីក្រោម Venetian ceruse យ៉ាងក្រាស់នោះ។
6. Marie Antoinette
ម្ចាស់ក្សត្រីយ៍បារាំង Marie Antoinette មិនព្រមសោយនំខេកនោះទេ ដើម្បីការពារ «ភាពស្រស់ស្អាតលំដាប់ពិភព លោក» របស់ទ្រង់។ ដូចជាម្ចាស់ក្សត្រីយ៍ Elisabeth ដែរ ទ្រង់ត្រូវចូលផ្ទុំដោយមានម៉ាសបិទមុខ គ្រាន់តែម៉ាស់របស់ ទ្រង់គឺផ្សំឡើងពីស្រា ពងមាន់ ម្សៅទឹកដោះគោ ក្រូចលេម៉ុន។
នៅពេលព្រឹកទ្រង់ចាប់ផ្តើមសម្អាតមុខដោយប្រើទឹកលាងសម្អាតដែលធ្វើមកពីសត្វព្រាប។ កាលពីសម័យនោះមានផលិតផលមួយដែលម៉ាករបស់វាមានន័យថា «Eau Cosmetique de Pigeon» ដោយគ្រប់ដំណក់របស់វាគឺត្រូវបានផ្សព្វផ្សាយថាធ្វើពី«ស៊ុបព្រាបទាំង៨»។ ម្ចាស់ ក្សត្រីយ៍មិនប្រើសម្លៀកបំពាក់ពីរដងនោះទេ ហេតុនេះហើយទើបជារៀងរាល់ឆ្នាំ ទ្រង់ត្រូវចំណាយលុយដល់ទៅ ប្រហែលនឹង៤លានដុល្លាសព្វថ្ងៃទៅលើសម្លៀកបំពាក់។
5. Mary, Queen Of Scots
ម្ចាស់ក្សត្រីយ៍ Mary មិនមែនស្អាតមកពីធម្មជាតិនោះទេ ទ្រង់មានច្រមុះធំ និងចង្ការស្រួច ប៉ុន្តែទ្រង់គឺជាម្ចាស់ក្សត្រីយ៍ ហេតុនេះហើយទ្រង់ត្រូវតែស្អាត។ ដើម្បីធ្វើឳ្យស្បែកមានសភាពតឹងណែន ម្ចាស់ក្សត្រីយ៍តែងតែត្រាំជាមួយនឹងស្រា ស ហើយវិធីនេះក៏ត្រូវបានអ្នកនៅសម័យនេះយកទៅប្រើផងដែរ ប្រសិនបើមានអ្នកចង់សាកល្បងនូវវិធីនេះអ្នកអាចរក មើលកន្លែងណាដែលមានសេវាកម្ម vinotherapy នោះអ្នកនឹងអាចសាកល្បងវិធីថែសម្រស់បែប ម្ចាស់ក្សត្រីយ៍ Mary ដោយខ្លួនឯងបាន។
4. Empress Zoe Porphyrogenita
រាជនី Zoe Porphyrogenita គឺជាកំពូលសម្រស់ម្នាក់ ក្នុងចំណោមស្រីស្អាតទាំងអស់នៅក្នុងវាំង Byzantine ទ្រង់ មិនត្រឹមតែស្អាតកាលពីក្មេងនោះទេ សូម្បីតែនៅក្នុងព្រះជន្ម ៦០ឆ្នាំទៅហើយ ក៏នៅតែមើលទៅដូចជាក្មេងស្រីវ័យ ២០ ឆ្នាំដែរ។បន្ទាប់ពីក្លាយជាព្រះរាជនី ទ្រង់បានបង្កើតបន្ទប់ពិសោធន៍មួយ ដើម្បីរកផលិតផលថែរក្សាសម្រស់របស់ខ្លួននៅ ក្នុងវាំងតែម្ដង ដោយវាគឺជារោងចក្រពិតប្រាកដ ដែលទាំងធំ និងថ្លៃទៀតផង គ្រាន់តែថាអតិថិជនគឺមានតែទ្រង់ម្នាក់ ប៉ុណ្ណោះ។
3. Lucrezia Borgia
កវីម្នាក់ឈ្មោះថា Lord Byron ធ្លាប់បាននិយាយថា សក់របស់ Lucrezia Borgia គឺជាសក់ដែល «ស្រស់ស្អាតជាង គេ និងមើលទៅដូចជាទេពធីតា» គាត់មិនបានគ្រាន់តែចង់តែងកំណាព្យថ្មីនោះទេ តែគាត់ស្រឡាញ់សក់នោះខ្លាំង ណាស់ ដល់ថ្នាក់លួចសក់នោះមកទុកទៀតផង។
សក់របស់ Lucrezia ទាំងភ្លឺ និងរួញបែបទឹករលក ប៉ុន្តែវាមិនមែនមកពីធម្មជាតិនោះទេ ដោយគ្រប់គ្នានៅក្នុងផ្ទះរបស់នាងគឺមានសក់ពណ៌ខ្មៅទាំងអស់ តែនាងបែរជាអាចធ្វើឳ្យសក់ របស់ខ្លួនភ្លឺស្អាតដូចជាពន្លឺព្រះអាទិត្យអីចឹង ដោយការជ្រលក់សក់ជាមួយក្រូចលេម៉ុន និងទឹកក្បុងអស់ជាច្រើនម៉ោង បន្ទាប់មក ទុកឳ្យស្ងួតនៅក្រោមពន្លឺព្រះអាទិត្យ។ វាត្រូវការពេលច្រើនខ្លាំងណាស់ ហេតុនេះនាងសុខចិត្តមិនទៅដើរលេងអស់ជាច្រើនដង ដើម្បីតែសក់របស់នាង។
2. Helen Of Troy
ភាពស្រស់ស្អាតរបស់ Helen of Troy អាចធ្វើឳ្យមនុស្សប្រុសមួយពាន់នាក់ព្រមស្លាប់ដើម្បីនាង។ យោងទៅតាម Iliad បានឳ្យដឹងថា Helen of Troy តែងតែត្រាំខ្លួននៅក្នុងទឹកខ្មេះ។ ជារៀងរាល់ថ្ងៃអ្នកបម្រើតែងរៀបចំធុងធំមួយ សម្រាប់ងូតទឹកដែលមានពោរពេញទៅដោយអាស៊ីត ហើយបន្ទាប់មកនាងនឹងចុះទៅត្រាំ។
មនុស្សសព្វថ្ងៃនេះបានសន្មត់ថានាងបានប្រើទឹកខ្មេះដែលធ្វើពីផ្លែប៉ោម។សព្វថ្ងៃនេះក៏មានមនុស្សធ្វើការត្រាំនៅក្នុងទឹកដែលមានលាយជាមួយទឹកខ្មេះប៉ោម ហើយវាក៏ផ្តល់ផលល្អ ដោយសារតែវាជាធ្វើឳ្យសីតុណ្ហភាពរាងកាយមានលំនឹង និងជួយសម្អាត ខ្លួនបានយ៉ាងល្អ។ ប៉ុន្តែសម្រាប់ Helen of Troy គ្មានអ្នកណាបាននិយាយថានាងលាយវាជាមួយទឹកនោះទេ ហើយ បើបែបនោះមែន វាច្បាស់ជាមានគ្រោះថ្នាក់ គ្រាន់តែថាវិធីថែសម្រស់នេះពិតជាបានផល ថែមទាំងអាចធ្វើឳ្យមានសង្គ្រាមស្នេហាទៀតផង។
1. Simonetta Vespucc
ទោះជាលោកអ្នកមិនធ្លាប់បានស្គាល់ឈ្មោះ Simonetta Vespucci តែអ្នកប្រហែលជាធ្លាប់បានឃើញមុខរបស់នាង នៅតាមផ្ទាំងគំនូររបស់ Renaissance ហើយនាងក៏ត្រូវបានគេជ្រើសរើសធ្វើជាអ្នកតំណាងរបស់ព្រះទៀតផង នៅក្នុង គំនូរមួយផ្ទាំងឈ្មោះថា «The Birth of Venus»។
នៅក្នុង Renaissance អ្នកណាក៏ចង់មើលទៅដូចជានាងដែរ ទើបនាំគ្នាធ្វើតាមវិធីថែសម្រស់របស់នាង។ ក្នុងនោះដើម្បីធ្វើឳ្យស្បែកពួកគេទៅជា ស ស្លេក និងស្អាត ស្ត្រីទាំងនោះនាំគ្នាយកឈ្លើង មកឳ្យខាំត្រចៀករបស់ខ្លួន ព្រោះថាឈ្លើងនឹងជួយបឺតឈាមរបស់ពួកគេចេញពីមុខ ហើយធ្វើឳ្យមុខពួកគេទៅជា ស្លេកដូចខ្មោចបាន។សម្រាប់រោមចិញ្ចើមគឺត្រូវដកចេញ ឬដុត ហើយដើម្បីជម្រុះសក់ពួកគេអាចប្រើថ្នាំពុលអាសេនិក ឬថ្មកំបោរ តែនោះនៅមិនស្មើការដែលពួកគេត្រូវធ្វើដើម្បីឳ្យបានសក់វែង ហើយពណ៌មាសដូចជានាងនោះដែរ។ សម្រាប់ Vespucci នោះគឺជាសក់ធម្មជាតិ ប៉ុន្តែសម្រាប់ស្ត្រីដែលមានជីវភាពលំបាក ពួកគេមានវិធីផ្ទាល់ខ្លួនដើម្បីធ្វើវា នោះគឺការជ្រលក់សក់ជាមួយនឹងទឹកនោមមនុស្ស។
ប្រាកដណាស់ថាវិធីមួយចំនួនខាងលើស្តាប់ទៅចម្លែក និងពេលខ្លះគួរឳ្យខ្លាច។ ប៉ុន្តែក្នុងសម័យនេះដើម្បីភាពស្រស់ស្អាត គឺយើងអាចកែកុនកន្លែងខ្លះ យ៉ាងណាក៏ដោយសូមគិតពីសុខភាពរបស់ខ្លួន ហើយប្រើវិធីដែល មិនបង្កគ្រោះថ្នាក់ដល់ខ្លួនល្អជាង ទោះវាបានផលយឺតតែវាក៏គ្មានគ្រោះថ្នាក់ សកម្មភាពទាំងនោះដូចជាការហាត់ប្រាណ ការញ៉ាំបន្លែសុខភាព និងការធ្វើចិត្តឳ្យរីករាយ៕