ក្នុងកោសិកាដើមគ្រាប់ឈាម (គ្រាប់ឈាមក្រហម ឈាមស និងប្លាកែត) វិវត្តច្រើនដំណាក់កាល ហើយនៅពេលមានសារធាតុពុលផ្សេងទៀតចូលទៅជាមួយនោះ ធ្វើឲ្យកោសិកាដើម (គ្រាប់ឈាមស) រងនូវការខូចខាត។ ក្រោយមកកោសិកាដើមដែលខូចខាតចាប់មានការកកើតឡើងខុសពីធម្មតា បង្កឲ្យកើតជាមហារីកគ្រាប់ឈាមដែលប្រជាពលរដ្ឋយើងទូទៅច្រើនហៅថា ជំងឺឈាមសស៊ីឈាមក្រហម។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ចាន់ រស្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបន្តថា យើងអាចរកឃើញជំងឺមហារីកគ្រាប់ឈាមដោយកត្តាមួយចំនួន រោគសញ្ញាខ្លះៗរបស់ជំងឺនេះ និងការវិភាគផ្សេងៗដូចជា៖
អ្នកជំងឺដឹងដោយខ្លួនឯង៖ អ្នកជំងឺមានសភាពរាងកាយស្លេកស្លាំង ឆាប់ហត់ មានចេញឈាមនៅតាមអញ្ចាញធ្មេញ ហើយស្បែកមានលក្ខណៈជាំខុសពីធម្មតា។
រកឃើញរោគសញ្ញាដោយចៃដន្យ៖ ដោយអ្នកជំងឺមានអាការៈផ្សេងទៀតមាន ក្ដៅខ្លួនខ្លាំងហើយទៅពិគ្រោះជាមួយគ្រូពេទ្យជាដើម។ បន្ទាប់មក គ្រូពេទ្យយកឈាមអ្នកជំងឺទៅពិនិត្យវិភាគទើបឃើញ កោសិកាមហារីកនៅក្នុងឈាម។
គ្មានរោគសញ្ញា៖ នៅពេលដែលអ្នកជំងឺមានជំងឺផ្សេងៗ ត្រូវវះកាត់ ឬធ្វើការវះកាត់អវយវៈណាមួយ។ ជាធម្មតា មុនពេលវះកាត់ គ្រូពេទ្យត្រូវពិនិត្យឈាមអ្នកជំងឺជាមុនសិន ដើម្បីរកមើលបរិមាណថយចុះនៃគ្រាប់ឈាមស គ្រាប់ឈាមក្រហម និងប្លាកែត។
មួយវិញទៀត វិធីដែលមានប្រសិទ្ធភាពបំផុតសម្រាប់ធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកគ្រាប់ឈាម គឺការបូមយកខួរឆ្អឹង មកពិនិត្យ ដោយគ្រូពេទ្យយកម្ជុលមួយទៅបូមឆ្អឹងសន្ទះទ្រូង ឬឆ្អឹងផាល (ត្រគាក) បូមយកខួរឆ្អឹងទៅពិនិត្យនៅមន្ទីរពិសោធន៍។
វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា ផលវិបាកធំៗ ដែលតែងកើតមានចៀសមិនផុត បើកើតជំងឺនោះ គឺបរិមាណគ្រាប់ឈាមក្រហម និងគ្រាប់ឈាមប្លាកែតថយចុះ។ ដូច្នេះហើយ បើមានករណីកើតជំងឺមហារីកគ្រាប់ឈាម ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ដើម្បីព្យាបាល មុនពេលអាការៈអ្នកជំងឺរាលដាលធ្ងន់ធ្ងរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet