Biotin គឺជាវីតាមីន B មួយប្រភេទដែលជួយរាងកាយបំលែងអាហារទៅជាថាមពល ហើយគេក៏ហៅ Biotin ថាវីតាមីន H ឬវីតាមីន B7។ វីតាមីននេះសំខាន់សម្រាប់ភ្នែក សក់ ស្បែក មុខងារខួរក្បាល និងមុខងារថ្លើម។ រាងកាយមិនអាចស្តុកវីតាមីននេះទុកទេ ដូចនេះរាងកាយត្រូវការទទួលវីតាមីនB7 តាមរយៈអាហារ ដែលកម្រិតត្រូវការក្នុងមួយថ្ងៃគឺ ៣០មីក្រូក្រាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ស៊ុតក្រហម
ស៊ុតសម្បូរដោយពពួកវីតាមីន B ប្រូតេអ៊ីន ជាតិដែក និងផូស្វ័រ ប៉ុន្តែស៊ុតក្រហមសម្បូរដោយវីតាមីន B7 ។ ស៊ុតឆ្អិន ៥០ក្រាមផ្តល់វីតាមីន B7 ប្រហែល១០មីក្រូក្រាម។
២. ពពួកសណ្តែក
ពពួកសណ្ដែកដូចជាគ្រាប់សណ្ដែក សណ្ដែកហោឡាំងតាវ (peas ) និងសណ្ដែក lentil សុទ្ធតែមានប្រូតេអ៊ីន និងជាតិសរសៃច្រើន។ ប៉ុន្តែសណ្ដែកដី និងសណ្ដែកសៀងជាប្រភពដ៏ល្អសម្រាប់ Biotin ដែរ។ សណ្ដែកដី ២៨ក្រាមផ្ទុកវីតាមីន B7 ៥មីក្រូក្រាម និងសណ្ដែកសៀង១០០ក្រាមផ្ដល់វីតាមីន B7 ១៩,៣មីក្រូក្រាម។
៣. ថ្លើមសត្វ
ថ្លើមសម្បូរដោយវីតាមីន H ឬB7។ ថ្លើមគោ ៧៥ក្រាមផ្តល់វីតាមីននេះជិត ៣១មីក្រូក្រាម ចំណែកឯថ្លើមមាន់៧៥ក្រាមផ្តល់រហូតដល់ ១៣៨មីក្រូក្រាម។
៤. ដំឡូងជ្វា
ដំឡូងជ្វាសម្បូរដោយពពួកវីតាមីន ជាតិរ៉ែ ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយក៏សម្បូរដោយ Biotin ដែរ។ ដំឡូងជ្វាឆ្អិន ១២៥ក្រាមផ្ទុក Biotin ២,៤មីក្រូក្រាម។
៥. ផ្សិត
ផ្សិតមាន Biotin ច្រើន និងផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព។ ផ្សិតស្រស់៧០ក្រាមមានវីតាមីននេះ ៥,៦មីក្រូក្រាម។
៦. ផ្លែចេក
ផ្លែចេកសម្បូរដោយជាតិសរសៃ កាបូអ៊ីដ្រាត ពពួកវីតាមីន B ជាតិស្ពាន់ និងប៉ូតាស្យូម។ ផ្លែចេក១០៥ក្រាមផ្តល់ Biotin ប្រហែល០,២មីក្រូក្រាម។
៧. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវមានផ្ទុកជាតិសរសៃ កាល់ស្យូម វីតាមីន A វីតាមីន C និង Biotin។ ផ្កាខាត់ណាខៀវឆៅ៤៥ក្រាមផ្ទុក Biotin ០,៤មីក្រូក្រាម។
៨. ផ្លែបឺរ
ផ្លែបឺរសម្បូរដោយ folate ជាតិខ្លាញ់មិនឆ្អែត និង Biotin។ ផ្លែបឺរ២០០ក្រាមផ្តល់ Biotin យ៉ាងតិច១,៨៥មីក្រូក្រាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet