ពលរដ្ឋកម្ពុជានៅឥណ្ឌា ១៧នាក់ និងនៅប៉ាគីស្ថាន ២២នាក់ បានធ្វើដំណើរឆ្លងកាត់ម៉ាឡេស៊ីត្រឡប់មកកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ វេលាម៉ោង០៩:០០ នាទីព្រឹក ហើយចុះដល់រាជធានីភ្នំពេញ នៅវេលាម៉ោង១០:០០នាទី តាមជើងយន្តហោះពាណិជ្ជកម្ម របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីលេខ MH754។ នេះបើតាមការផ្សាយជាផ្លូវការពីទូរទស្សន៍ជាតិកម្ពុជា (ទទក)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា ពលរដ្ឋកម្ពុជានៅប្រទេសឥណ្ឌាចំនួន ១៧នាក់ និងនៅប្រទេសប៉ាគីស្ថានចំនួន២២នាក់ ដែលក្នុងនោះរួមមាន អ្នកដំណើរទូទៅ អ្នកមកពីព្យាបាលជំងឺ និងនិស្សិត បានធ្វើដំណើរឆ្លងកាត់ ប្រទេសម៉ាឡេស៊ីត្រឡប់ទៅប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ វេលាម៉ោង០៩:០០ នាទីព្រឹក ហើយទៅដល់រាជធានីភ្នំពេញ នៅវេលាម៉ោង១០:០០នាទី តាមជើងយន្តហោះពាណិជ្ជកម្ម របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីលេខ MH754 ដែលមានអ្នកដំណើរសរុបចំនួន 123 នាក់ ក្នុងនោះក៏មានជនបរទេស 43 នាក់ផងដែរ។
លោក ចឺយ វិចិត្ត បានបន្ថែមថា ការវិលត្រឡប់របស់ពលរដ្ឋកម្ពុជាទាំងនេះ ជាការជួយសម្របសម្រួលរបស់ស្ថានទូត។ ពលរដ្ឋកម្ពុជាមកពីទីក្រុងញូវដែលី បានធ្វើដំណើរតាមជើងយន្តហោះពាណិជ្ជកម្មពិសេស Air India Express ដោយ បានមកដល់ទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ ហើយពលរដ្ឋកម្ពុជាមកពីប្រទេស ប៉ាគីស្ថានដែលបានឆ្លងកាត់តាមទីក្រុងដូហា បានមកដល់ទីក្រុងគូឡាឡាំពួ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
លោកថា ដោយខ្វះបន្ទប់សណ្ឋាគារសំរាប់ស្នាក់នៅក្នុងអាកាសយានដ្ឋាន KLIA-1 ស្ថានទូតបានធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី និងសណ្ឋាគារ Sama Sama ផ្ទេរអ្នកដំណើរទាំងអស់ឱ្យទៅស្នាក់នៅសាខារបស់សណ្ធាគារ Sama Sama នៅក្នុងអាកាសយានដ្ឋាន KLIA-2 វិញ។ បើយោងតាមបទបញ្ជារបស់អាជ្ញាធរ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ការផ្ទេរអ្នកដំណើរពីអាកាសយានដ្ឋានមួយទៅអាកាសយានដ្ឋានមួយទៀត មិនត្រូវបានអនុញ្ញាតទេ។
ជាការកត់សម្គាល់ ឯកអគ្គរាជទូតខាងលើថា នៅមានប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែល កំពុងជាប់គាំងនៅតាមប្រទេសផ្សេងៗបានទាក់ទងមកស្ថានទូត ស្នើសុំជួយសម្របសម្រល និងតភ្ជាប់ជើងយន្តហោះឱ្យពួកគាត់បានវិលត្រឡប់ទៅកម្ពុជាវិញ ពីព្រោះម៉ាឡេស៊ីជាចំណុចតភ្ជាប់ការហោះហើរ ត្រង់ទៅកម្ពុជាដែលជិតបំផុតក្នុងអំឡុងពេលនេះ ហើយការចំណាយរបស់អ្នកដំណើរអស់តិចជាងគេ។ ជាពិសេស អ្នកដំណើរដែលមកពីអឺរ៉ុប អាហ្វ្រិក និងអាស៊ី អាចធ្វើដំណើរឆ្លងកាត់ទីក្រុង Dubai ឬ Doha ដែលជាកន្លែងឆ្លងកាត់អន្តរជាតិធំបំផុត ដើម្បីបន្តជើងយន្តហោះត្រង់មកកាន់ទីក្រុងគូឡាឡាំពួ រួចទៅកាន់ប្រទេសកម្ពុជា។
បើតាមលោក លោក ចឺយ វិចិត្ត ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ ស្ថានទូតបានសម្របសម្រួល និងជួយរៀបចំការវិលត្រឡប់ និងការឆ្លងកាត់របស់ប្រជាពលរដ្ឋ ពលករ-ពលការនី និងសិស្ស-និស្សិតកម្ពុជា បានចំនួន៨លើក សរុបមានចំនួន៩៤៧នាក់ ដែលក្នុងនោះរួមទាំងការ សហការបញ្ជូនពលរដ្ឋកម្ពុជាជាប់ឃុំឃាំងនៅប្រទេសម៉ាឡេស៊ីចំនួន១៣២នាក់ ផងដែរ៕