ឥណ្ឌា៖ ជាការពិត ចាប់តាំងពីជំងឺកូវីដ-១៩ផ្ទុះឡើងមក បានធ្វើឲ្យប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសនានា ត្រូវការពាក់ម៉ាស់យ៉ាងចាំបាច់រាល់ពេលចេញទៅទីសាធារណៈ ដើម្បីបង្ការពីការឆ្លងជំងឺនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ មានប្រជាពលរដ្ឋមួយចំនួនតូច បានមានគំនិតច្នៃប្រឌិតធ្វើម៉ាស់ប្លែកៗ ដែលធ្វើចេញពីអាវក្នុងរបស់នារី ស្បែកពស់ និងមាសសុទ្ធជាដើម។
ហើយកាលពីថ្មីៗនេះ ហាងលក់គ្រឿងអលង្ការមួយកន្លែង មានទីតាំងស្ថិតនៅក្នុងទីក្រុង Surat ប្រទេសឥណ្ឌា បានផលិតនូវម៉ាស់ដាំត្បូងពេជ្រពីលើ ដែលមានតម្លៃខ្ទង់ពាន់ដុល្លារអាមេរិកឯណោះ។
យោងតាមសម្ដីរបស់លោក Dipak Choksi ជាម្ចាស់ហាងបានឲ្យដឹងដែរថា គំនិតច្នៃម៉ាស់ត្បូងពេជ្រ គឺលោកបានមកពីអតិថិជនរបស់លោក ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍នៅផ្ទះ កំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត។ ហើយពួកគេដែលជាកូនកំលោះ និងកូនក្រមុំចង់បានម៉ាស់សម្រាប់ពាក់ ដែលមើលទៅខុសប្លែកពីម៉ាស់ធម្មតា និងសាកសមជាមួយនឹងឈុតសម្លៀកបំពាក់ផងដែរ។
ចំពោះម៉ាស់ ដែលដាំត្បូងពេជ្រអាមេរិក លាយជាមួយមាសពណ៌លឿង មានតម្លៃ ១៥០,០០០រ៉ូពី (ប្រមាណ២,០០០ដុល្លារអាមេរិក) និងម៉ាស់ដាំត្បូងពេជ្រ លាយជាមួយនឹងមាសពណ៌ស មានតម្លៃ ៤០០,០០០រ៉ូពី (ប្រមាណ៥,៣០០ដុល្លារអាមេរិក)។
យ៉ាងណាមិញ ម្ចាស់ហាងក៏បានបញ្ជាក់ដែរថា ត្បូងពេជ្រ និងមាសដែលនៅលើម៉ាស់ អាចយកទៅច្នៃធ្វើជាគ្រឿងអលង្ការផ្សេងៗនៅថ្ងៃអនាគតបានទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖