ប្រាក៖ ក្រុមអាជ្ញាធរសាធារណរដ្ឋឆេកបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីឧបទ្ទេវហេតុរថភ្លើងបុករថភ្លើងនៅសាធារណរដ្ឋឆេក បានកើតឡើងជាលើកទី២ ក្នុងរយៈពេលមិនដល់មួយខែផង។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពខាងលើបន្តថា គ្រោះថ្នាក់រថភ្លើងបុកគ្នានេះ បានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ ក្បែរតំបន់ទីប្រជុំជន Ceski Brod ចម្ងាយ ៣៤គីឡូម៉ែត្រ ខាងកើតរដ្ឋធានីប្រាក។ ក្រោយហេតុការណ៍កើតឡើងភ្លាមៗ ក្រុមអ្នកជួយសង្គ្រោះ បានចុះទៅដល់កន្លែងកើតហេតុ និងជួយអន្តរាគមន៍រហូតដល់យប់ជ្រៅ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន CTK ក៏បានឱ្យដឹងដែរថា គ្រោះថ្នាក់រថភ្លើងនេះបានបណ្តាលឱ្យមនុស្ស ៣៥នាក់រងរបួស ដោយក្នុងចំណោមនោះមាន ២នាក់របួសស្រាល និង៨នាក់របួសធ្ងន់ ហើយចំណែកអ្នកបើករថភ្លើង បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
គួររម្លឹកផងដែរថា កាលពីថ្ងៃអង្គារសប្តាហ៍មុននេះ ក៏មានគ្រោះថ្នាក់រថភ្លើងដូចគ្នានេះដែរ ដែលបានកើតឡើងនៅភាគពាយព្យក្នុងសាធារណរដ្ឋឆេក ក្បែរព្រំដែនជាមួយប្រទេសអាល្លឺម៉ង់ បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និង ២៤នាក់រងរបួស៕