ភ្នំពេញ៖ អស់រយៈពេលសឹងតែ១០ឆ្នាំទៅហើយដែលអតីតចម្រៀងស្រីល្បីឈ្មោះមួយរូបក្នុងផលិតកម្មរ៉ក់ បានលាឈប់ទាំងស្រុងពីវិថីសិល្បៈក្រោយពេលដែលអ្នកនាងបានសម្រេចចិត្តបង្កើតចំណងអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើងាកត្រឡប់ទៅនឹងអតីតកាលរបស់អ្នកនាង អ៊ុត ចរិយា គឺមានមហាជនមិនតិចនាក់នោះទេដែលបានស្គាល់នូវបទចម្រៀងដ៏ល្បីល្បាញមួយបទដែលមានចំណងជើងថា “ក្រវ៉ាន់សៀមរាប” ដែលជាបទចម្រៀងដាក់បញ្ចូលក្នុងភាពយន្តភាគ “រាជិនីដួងចិត្ត” របស់ស្ថានីយទូរទស្សន៍ CTN។
មិនយូរប៉ុន្មាន ក្រោយពេលដែលផលិតកម្មរ៉ក់ លែងមានការផលិតបទចម្រៀងថ្មីៗដើម្បីបម្រើលើទីផ្សារបន្តទៀត តារាចម្រៀងប្រុសស្រីមួយចំនួនក៏បានចាកចេញ និងបន្តអាជីពចម្រៀងមកដល់ពេលបច្ចុប្បន្ន ដោយក្នុងនោះមានដូចជាលោក ខាន់ ជែម កញ្ញា យូរី កញ្ញា ផន ស្រីខួច និងអ្នកនាង សួស វីហ្សា ជាដើម។
ប៉ុន្តែយ៉ាងណាមិញ ក៏មានតារាចម្រៀងជាច្រើនរូបផ្សេងទៀតមិនបានបន្តអាជីពជាអ្នកសិល្បៈទៀតឡើយ ក្នុងនោះផងដែរ អ្នកនាង អ៊ុត ចរិយា ក្រោយពីបង្កើតចំណងគ្រួសាររួចមក អ្នកនាងមានអាជីវកម្មផ្ទាល់ខ្លួនមួយ និងតែងតែមានការ Live លក់ផលិតផលផ្សេងៗតាមរយៈ Facebook Page ផ្ទាល់ខ្លួនរបស់អ្នកនាងទៀតផង។ អ្វីដែលរឹតតែពិសេស ជារឿយៗម្ចាស់ជ័យលាភីលេខ៣ របស់កម្មវិធី Rock Star រូបនេះក៏បានច្រៀងលេងចែកជូនមិត្តអ្នកគាំទ្ររបស់នាងស្តាប់ទៀតផង៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖