ទឹកជ្រោះធម្មជាតិទាំង ៥ កន្លែងនេះ គ្រាន់តែឃើញហើយចង់ទៅលេងតែម្តង

//s5.kh1.co/3f/3fd4b0c09e0e531086f9cc51327c3b8dd78efd58.gif
យល់ដឹង

 ០៨-កក្កដា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

ទឹកជ្រោះធម្មជាតិ ៥ កន្លែងក្នុងប្រទេសកម្ពុជា

បើនិយាយពីតំបន់ទេសចរណ៍បែបធម្មជាតិក្នុងប្រទេសកម្ពុជាវិញពិតជាមានសម្រស់ស្រស់ស្អាត ទេសភាពគួរឲ្យចង់គយគន់ មិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេសឡើយ។ ដោយឡែកថ្ងៃនេះ យើងនឹងនាំលោកអ្នកមកស្គាល់ទឹកជ្រោះ ៥ កន្លែងដែលមានទីតាំងខុសៗគ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ទឹកជ្រោះព្រះនិមិត្តឬទឹកជ្រោះសុភក្រ្តមិត្ត

ពេលទៅដល់ខេត្តមួយនៃភាគឦសានភ្លាមគឺមិនអាចរំលងបានឡើយ ក្នុងការទៅសម្រាកលំហែកាយទឹកជ្រោះព្រះនិមិត្តឡើយ។ ថ្វីបើរមណីយដ្ឋានមួយនេះស្ថិតនៅឆ្ងាយពីទីរួមខេត្តស្ទឹងត្រែងបន្តិចក៏ដោយ ហើយផ្លូវធ្វើដំណើររៀងពិបាកបន្តិចក៏ពិតមែន ប៉ុន្តែបើបានទៅដល់ឮសម្លេងទឹកហូរធ្លាក់ទាំងផ្ទាំងយ៉ាងស្រស់ស្អាត ប្រាកដជាបំភ្លេចនូវរាល់ទុក្ខកង្វក់ជាមិនខាន ជាពិសេសនារដូវវស្សាសម្លេងទឹកធ្លាក់កាន់ តែឮខ្លាំង។ 

ទឹកជ្រោះព្រះនិមិត្តឬទឹកជ្រោះសុភក្រ្តមិត្ត
ទឹកជ្រោះព្រះនិមិត្តឬទឹកជ្រោះសុភក្រ្តមិត្ត

២. ទឹកជ្រោះប៊ូស្រា

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលសម្បូរទៅដោយទេសភាពស្អាតៗបែបធម្មជាតិដ៏ខៀវស្រងាត់ពេលទៅហើយមិនចង់មកវិញឡើយ ព្រោះតែឈ្លក់វង្វេងនឹងសម្រស់ធម្មជាតិជុំវិញខេត្តមួយនេះ។ អ្វីដែលកាន់តែធ្វើឲ្យខេត្តមួយនេះមានភាពទាក់ទាញគឺសម្រស់ទឹកជ្រោះ ប៊ូស្រា ដែលហូរមិនចេះហត់ ទឹកថ្លាប្រៀបដូចជាកញ្ចក់ បានហូរកាត់ពីលើភ្នំយ៉ាងស្រស់បំព្រង និងជាទីជាប់ចិត្តសម្រាប់ភ្ញៀវទេសចរផងដែរ។

ទឹកជ្រោះប៊ូស្រា
ទឹកជ្រោះប៊ូស្រា

៣. ទឹកជ្រោះចំប៊ី

ចំពោះរមណីយដ្ឋាន ទឹកជ្រោះចំប៊ី មិនសូវទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ឡើយ ប៉ុន្តែបើនិយាយពីសម្រស់ទេសភាពទឹកជ្រោះចំប៊ីវិញ ស្រស់ស្អាតជាប់ចិត្តជាមួយនឹងទឹកជ្រោះធ្លាក់ហូរធ្លាក់យ៉ាងខ្លាំងបុកនឹងផ្ទាំងថ្មធំៗ ពិតជាគួរឲ្យចង់ទស្សនា។ សម្រាប់ទីតាំងរមណីយដ្ឋានមួយនេះវិញ មានចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ តាមបណ្តោយផ្លូវលេខ ៦៨ នោះលោកអ្នកនឹងបានគយគន់ទេសភាពដ៏ស្រស់បំព្រងជាមិនខាន។

ទឹកជ្រោះចំប៊ី
ទឹកជ្រោះចំប៊ី

៤. ទឹកជ្រោះចំបក់

គ្រប់ពេលបានដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ភ្ញៀវទេសចរទាំងអស់កម្ររំលងឈានចូលសម្រាកកម្សាន្តនៅក្នុងរមណីយដ្ឋានមួយនេះណាស់ ព្រោះតែទីនោះមានព្រៃប្រឹក្សាដ៏ខៀវស្រងាត់ព័ទ្ធជុំវិញទឹកជ្រោះតែម្តង។ មួយវិញទៀត ភ្ញៀវទេសចរអាចមុជទឹកដ៏ថ្លា និងត្រជាក់យ៉ាងសប្បាយរីករាយថែមទៀតផង។

ទឹកជ្រោះចំបក់
ទឹកជ្រោះចំបក់

  ៥. ទឹកធ្លាក់តាចាត

ប្រិយមិត្តជាច្រើនប្រហែលជាមិនធ្លាប់បានស្គាល់ និងមិនធ្លាប់បានឮពីឈ្មោះទឹកជ្រោះតាចាតពីមុនមកទេ ព្រោះតែរមណីយដ្ឋានមួយនេះសំងំលាក់សម្រស់ក្នុងព្រៃដែលមួយភាគច្រើនមិនធ្លាប់បានទៅដល់។ សម្រាប់រមណីយដ្ឋានមួយនេះភ្ញៀវទេសចរអាចមុជទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយនឹងព្រៃប្រឹក្សាអមជុំវិញទឹកជ្រោះដ៏ស្រស់ស្អាត។ គួរបញ្ជាក់ផងដែរថា សម្រាប់ទឹកជ្រោះមួយនេះស្ថិតក្នុងខេត្តកោះកុង ឃុំទួលគគីរ ស្រុកមណ្ឌលសីមា៕

ទឹកធ្លាក់តាចាត
ទឹកធ្លាក់តាចាត
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T