បច្ចុប្បន្ននេះ ជាសម័យទំនើបដែលការងារជាច្រើនប្រាស្រ័យទៅនឹងបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិក ពោលគឺមនុស្សជាច្រើនប្រើប្រាស់កុំព្យូទ័រ ដើម្បីសម្រេចការងារប្រចាំថ្ងៃ។ ប៉ុន្តែសម្រាប់ការប្រើប្រាស់កុំព្យូទ័រច្រើន ចំពោះស្រ្តីមានផ្ទៃពោះអាចធ្វើឲ្យចាញ់កូនខ្លាំងមែន ឬអត់?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានបកស្រាយឲ្យដឹងថា ការលើកឡើងដែលថា ស្រ្តីពពោះណាដែលប្រើប្រាស់កុំព្យូទ័រច្រើនងាយចាញ់កូនខ្លាំងជាងស្រ្តីធម្មតា គឺមិនត្រឹមត្រូវនោះទេ។ ទាំងនោះគ្រាន់តែជាពាក្យដែលគេចេះតែនិយាយតៗគ្នាប៉ុណ្ណោះ ចំណែករឿងប្រើប្រាស់កុំព្យូទ័រច្រើន ឬមិនច្រើន គឺគ្មានអ្វីទាក់ទងនឹងការចាញ់កូនខ្លាំងទេ។
ស្ត្រីពពោះគ្រប់រូបដែលមានអាការៈចាញ់កូន ឬងាយឈឺនេះ ឈឺនោះ លោកស្រី អ៊ួង លីដា នាយសាលផ្នែកបន្ទប់សម្រាលនៃមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក បានណែនាំឲ្យ៖
– ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់
– គេងឲ្យបានគ្រប់គ្រាន់
– ញ៉ាំថ្នាំវីតាមីន និងថ្នាំជាតិដែកឲ្យបានគ្រប់គ្រាន់
– មិនគួរលេងទូរស័ព្ទ ឬកុំព្យូទ័រដល់យប់ជ្រៅ ទើបចូលគេងទេ។
ក្នុងករណីខ្លះដែលម៉ាក់ៗមានផ្ទៃពោះប្រើកុំព្យូទ័រ ហើយមានអារម្មណ៍មិនស្រួលខ្លួន អាចបណ្តាលមកពីសម្លឹងកុំព្យូទ័រយូរពេក ឬម៉ាក់ៗខ្លះចូលចិត្តលេងបណ្តាញសង្គមយប់ៗជ្រៅ គេងមិនគ្រប់គ្រាន់ទើបធ្វើឲ្យមានបញ្ហាសុខភាពខ្សោយ។ ប្រសិនបើអាការៈមិនស្រួលខ្លាំង ម៉ាក់ៗត្រូវទៅជួបពិគ្រោះជាមួយពេទ្យជំនាញឲ្យត្រឹមត្រូវ ដើម្បីជៀសវាងមានបញ្ហាធ្ងន់ធ្ងរកើតឡើង។