អាមេរិក៖ អាជ្ញាធរសហព័ន្ធចង់ឲ្យវត្ថុបុរាណដ៏កម្រមួយ បានវិលត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ាក់វិញ បន្ទាប់ពីវាត្រូវបានលក់ទៅឲ្យហាងសិប្បកម្មមួយនៅប្រទេសអាមេរិក ក្នុងតម្លៃ១.៦លានដុល្លារ នៅក្នុងពិធីដេញថ្លៃមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងឆ្នាំ២០១៤ អ្នកគ្រប់គ្រងហាង Hobby Lobby ដែលជាកន្លែងលក់រាយវត្ថុសិល្បៈនិងសិប្បកម្ម ហើយក៏ជាប្រធានសារមន្ទីរ Bible ក្នុងរដ្ឋធានី Washington បានទិញផ្ទាំងដីឥដ្ឋចារឹក សម្រាប់ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ ពីកន្លែងដេញថ្លៃអន្តរជាតិ ក្នុងតម្លៃ១,៦៧៤,០០០ដុល្លារ។ ឥឡូវនេះ Hobby Lobby កំពុងប្ដឹងកន្លែងដាក់ដេញថ្លៃ ពីបទឆបោកនិងរំលោភកិច្ចសន្យា។
ផ្ទាំងដីឥដ្ឋមួយនេះបានចារឹក ផ្នែកមួយនៃកំណាព្យវីរភាព Gilgamesh ដែលត្រូវបានគេចាត់ទុកថា ជាស្នាដៃអក្សរសិល្ប៍ចំណាស់ជាងគេបំផុត របស់ពិភពលោក ដែលត្រូវបានប្រើប្រាស់នៅតំបន់ Mesopotamia បុរាណ តាំងពីរាប់ពាន់ឆ្នាំមុន។ គួររម្លឹកផងដែរថា វត្ថុបុរាណនេះត្រូវបានគេហៅថា Gilgamesh Dream Tablet ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសអ៊ីរ៉ាក់។
ផ្ទាំងដីឥដ្ឋចារឹកនេះត្រូវបានរឹបអូស ចេញពីសារមន្ទីរ Bible ដោយភ្នាក់ងារអនុវត្តច្បាប់ កាលពីខែកញ្ញា ឆ្នាំ២០១៩។ ទាំងសារមន្ទីរនិងហាង Hobby Lobby បានសួរនាំកន្លែងដេញថ្លៃ អំពីដើមកំណើតរបស់ផ្ទាំងដីឥដ្ឋនេះ ប៉ុន្ដែកន្លែងដេញថ្លៃបានបដិសេធព័ត៌មាននោះ ហើយនិយាយកុហកពីប្រភពនៃដើមកំណើតរបស់វា។
មន្ត្រីខាងប្រទេសអ៊ីរ៉ាក់កំពុងទាក់ទងជាមួយប្រទេសអាមេរិក អំពីផ្ទាំងដីឥដ្ឋបុរាណមួយនេះ ថាតើវាពិតជារបស់ដែលត្រូវបានគេលួចចេញពីសារមន្ទីរ ក្នុងប្រទេសអ៊ីរ៉ាក់ តាំងពីឆ្នាំ១៩៩១ឬយ៉ាងណា។
ឥឡូវ ហាង Hobby Lobby កំពុងស្វែងរកប្រាក់សំណងវិញ នៃតម្លៃទិញចំនួន១,៦៧៤,០០០ដុល្លារ និងចោទប្រកាន់កន្លែងដេញថ្លៃ ពីបទក្លែងបន្លំនិងរំលោភកិច្ចសន្យា៕