ភ្នំពេញ៖ ជាការពិត មនុស្សប្រុសភាគច្រើន សម្លឹងមើលទៅកាន់មនុស្សស្រី មុនគេបំផុតនោះគឺ រូបសម្រស់មុខមាត់ រូបរាង ពីព្រោះរូបសម្បត្តិខាងក្រៅ របស់មនុស្សស្រីគឺជា កត្តាមួយដ៏សំខាន់ ដែលអាចអូសទាញចិត្ត របស់មនុស្សប្រុសបានដោយងាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើមូលហេតុអ្វីបានជា បុរសអ្នកមាន ហើយសង្ហាភាគច្រើន រៀបការជាមួយនឹង ប្រពន្ធដែលមិនសូវមានសម្រស់ ស្រស់ស្អាតទៅវិញ?
មនុស្សស្រីភាគច្រើន តែងយល់ថាមនុស្សប្រុស ដែលមាន ហើយសង្ហា គឺច្រើនតែស្រលាញ់រើស មនុស្សស្រីណាដែលស្អាតៗ តែប៉ុណ្ណោះ។ ក៏ប៉ុន្តែមិនប្រាកដថាមនុស្សប្រុស ទាំងអស់គឺសុទ្ធតែ គិតបែបនេះនោះទេ។ បើមានតែរូបសម្រស់ តែមួយមុខ ក៏មិនអាចចងចិត្តមនុស្សប្រុស បានយូរនោះដែរ។ ពោលគឺថារូបសម្រស់ ស្រស់ស្អាតជាចំណុចមួយហើយ តែចរិតមាយាទល្អក៏ជារឿងមួយ ដ៏សំខាន់ខ្លាំងផងដែរ។
គេតែងសង្កេតឃើញថា ភាគច្រើននៃមនុស្សប្រុស ដែលមានកម្រិត វប្បធម៌ខ្ពស់ ចាស់ចិត្តចាស់គំនិត ហើយជាអ្នកមាន ពិតប្រាកដនោះ គឺគេមិនមែនផ្តល់តម្លៃ មនុស្សស្រីតែទៅលើ រូបសម្រស់ខាងក្រៅ ជាសំខាន់នោះទេ តែចរិតមាយាទទៅវិញទេ ទើបជា សម្បត្តិដ៏មានគុណតម្លៃ នៃមនុស្សស្រី ដែលមនុស្សប្រុស ចង់បានយកមកធ្វើជា គូអនាគតនោះ។
បើតាមតថភាពជាក់ស្តែង មនុស្សប្រុសកាន់តែមាន គឺកាន់តែប្រុងប្រយ័ត្នណាស់ មុននឹងសម្រេចចិត្ត យកនារីណាម្នាក់ មកធ្វើជាគូរអនាគត គឺគេសង្កេតមើលខ្លាំងណាស់។ គេមិនមែនយកប្រពន្ធមក ដើម្បីតែធ្វើខ្លួន ដើរលេងសប្បាយឡួយឆាយ បំផ្លាញទ្រព្យដែលគេខំរកនោះទេ តែគេត្រូវការមនុស្សស្រីណា ដែលត្រឹមត្រូវ អាចមកមើលថែទ្រព្យសម្បត្តិ ចម្រុងចំរើនមុខមាត់ គ្រួសាររបស់គេបាន។
ជារួម មនុស្សប្រុសដែលបាន ប្រពន្ធស្អាតជាសម្បត្តិផ្គាប់មុខមួយហើយ តែបើបានប្រពន្ធល្អ ចរិតមាយាទថ្លៃថ្នូរ ចេះគោរពស្រលាញ់ ឪពុកម្តាយក្មេក នឹងអ្នកផ្ទះរបស់យើងទុកដូច អ្នកផ្ទះរបស់គេ ចេះទុកដាក់ មើលថែរក្សាទ្រព្យសម្បត្តិ ចេះជួយទុក្ខធុរៈគ្នា ដឹងក្តៅដឹងត្រជាក់នោះ គឺប្រៀបបាននឹងទ្រព្យ គាប់ដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាននោះទេ។ ដូចពាក្យចាស់ តែងពោលថា រូបសម្រស់ លុយកាក់ សុទ្ធតែជារបស់ក្រៅខ្លួន វាមិនអាចនៅគង់វង្ស ស្ថិតថេរជាមួយយើង បានជារៀងរហូតនោះទេ។ តែភាពស្មោះត្រង់ពិតប្រាកដនោះទេ ដែលនៅជាប់ជាមួយយើង ជារៀងរហូតនោះ៕