បច្ចុប្បន្ននេះដំណើរកម្សាន្តបែបផ្សងព្រេង «ការបោះតង់»នៅតាមរមណីដ្ឋានឬ ក៏ព្រៃភ្នំនិង នៅទីកន្លែងដាច់ស្រយាលមានភាពពេញនិយមយ៉ាងខ្លាំងជាយុវវ័យជំទង់ៗតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ដំណើរកម្សាន្ត «ការបោះតង់» របៀបនេះអាចឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់និង ស្រលះមុខមាត់ ជាមួយនឹងធម្មជាតិដ៏ត្រចះត្រចង់និង សម្លេងសត្វយំហឹងពេញត្រចៀក ធ្វើឲ្យទុក្ខកង្វល់ឬ ភាពស្មុកស្មាញនៅក្នុងចិត្តអាចរសាត់បាត់ទៅផងដែរ។
ប៉ុន្តែទន្ទឹមនឹងនេះ ដំណើរកម្សាន្តរបៀបនេះអាចចាត់ទុកជា ការកម្សាន្តមួយដែលគ្រោះថ្នាក់ផងដែរ ព្រោះថាប្រសិនជាអ្នកចូលទៅក្នុងព្រៃជ្រៅឬ តំបន់ណាដែលអ្នកមិនធ្លាប់ទៅពីមុនមក ដោយសារតែព្រៃ គឺជាទីជំរករបស់សត្វគ្រប់ប្រភេទនិង អាចជាទីលំនៅប្រទេសពពួកអមនុស្សផងដែរ។
ថ្ងៃនេះ ខ្មែរឡូត សូមបង្វែរអារម្មណ៍ទស្សិកជនមកដឹងរបៀបដែលយើងមិនត្រូវធ្វើនៅពេលដែល ចូលទៅបោះតង់នៅក្នុងព្រៃជ្រៅ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដែលអាចនឹងកើតឡើងជាយថាហេតុជាដើម។
តោះចង់ដឹងថាមានអ្វីខ្លះដែល យើងត្រូវតែធ្វើនៅពេលដែលយើងទៅបោះតង់នៅក្នុងព្រៃជ្រៅ៖
១.មិនបានសិក្សារអំពីអាកាសធាតុជាមុនសិន ៖ អាកាសធាតុក៏អាចជាបញ្ហាមួយដែរ នៅពេលដែលមានព្យុះឬ ភ្លៀងខ្លាំងជាដើម បង្អាក់ដំណើរឬ បង្កជាគ្រោះថ្នាក់ជាដើម។
២.មិនបានត្រៀមសំភារៈសម្រាប់ការព្យាបាលបឋមនិង អំពូលដែលអាចបាញ់ភ្លើងបានឆ្ងាយ៖ នៅពេលដែលយើងមានរបួស សំភារៈសង្គ្រោះបន្ទាន់គឺមានសារៈសំខាន់ណាស់ និងពិលជាអាចបំភ្លឺកន្លែងងងឹតបានផងដែរ។
៣.មិនបានបន់ស្រន់សុំសេចក្តីសុខពីអ្នកថែរក្សាតំបន់៖ ការបន់ស្រន់សុំសេចក្តីសុខពីអ្នកថែរក្សាតំបន់ គឺជារឿងមួយដែលយើងត្រូវធ្វើ មុនពេលចូលក្នុងតំបន់ណាមួយត្រូវសុំការអនុញ្ញាត្តិជាមុនសិន ជឿសវាងការខឹងសម្បារពីសំណាក់អារុកអារក្សអ្នកតា។
៤.និយាយពាក្យផ្តេសផ្តាស ឬសកម្មភាពណាមួយដែលចាត់ទុកជាការបំពានដល់អារុកអារក្សអ្នកតា៖ តាមជំនឿរខ្មែរយើង ការនិយាយឬ ការប្រមាថ តាមរយៈពាក្យសំដីទៅកាន់ពពួកអមនុស្ស អាចបង្កជាគ្រោះថ្នាក់បានដល់ខ្លួនយើងបាន គួរតែជៀសវាង តាមដែលពាក្យចាស់លោកពោលថា បើមិនជឿកុំប្រមាថ។
៥.ដើរចោលភ្នក់ភ្លើង នៅដែលគ្មានមនុស្សនៅមើល៖ ភ្លើងអាចឆាបឆេះពេញព្រៃនៅភ្នក់ភ្លើងមិនមាននរណានៅមើល។
៦.ដើរតែឯងឬ ពីរនាក់ទៅកន្លែងស្ងាត់ឬទីកន្លែងដែលងងឹត៖ ប្រសិនបើកដើរតែឯងឬ គ្នាតែពីរនាក់នៅកន្លែងស្ងាត់អាចនឹងវង្វេងព្រៃឬ ជួបនឹងព្រលឹងនានា។
៧.ទុកអាហារឬ គ្រឿងឧបភោគចោលដែល គ្មានអ្នកនៅមើល៖ សត្វព្រៃអាចនឹងចូលមកលុកលុយដល់ក្នុងតង់របស់អ្នកនៅពេលអ្នកទុកអាហារចោល។
៨.ឆ្លើយតប នៅពេលដែលមានសម្លេងចម្លែកហៅ៖ ការឆ្លើយតបនៅពេលដែលមានសម្លេងចេញពីភពងងឹត អាចជាការបើកផ្លូវសម្រាប់ពពួកព្រាយ បិសាចដែល ចង់យាយីមនុស្សជាដើម។
៩.បោះតង់ឆ្ងាយៗពីគ្នា៖ នៅពេលមានបញ្ហាអាសន្នផ្សេងៗយើងមិនអាច ជួយគ្នាទាន់វេលាបានឡើយ នៅពេលតង់រក្សារគម្លាតឆ្ងាយពីគ្នាពេក។
១០.បោះតង់កៀកប្រភពទឹក៖ ប្រភពទឹកជាទីកន្លែងដែលសម្បូរទៅដោយ សត្វសាហាវជាច្រើនប្រទេស អ្នកអាចនឹងគ្រោះថ្នាក់ដោយសារការវាយប្រហាររបស់វានៅពេលគេងផងដែរ។