ថៃ៖ ខ្សែភាពយន្តភាគថៃរឿង Leh Buphakal ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បានឈានចូលមកដល់ភាគបញ្ចប់នៅថ្ងៃទី២០ ខែមេសា នេះហើយ។ រឿងភាគមួយនេះ មានការចូលរួមសម្ដែងពីសំណាក់តារាសម្ដែងប្រុសស្រីដែលសុទ្ធសឹងតែជាតារាជួរមុខប្រចាំប៉ុស្តិ៍លេខ ៣ ដូចជា កញ្ញា Taew Natapohn លោក Jame Jirayu លោក Por Natthawut និងកញ្ញា Boom Suphaporn។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចាប់តាំងពីថ្ងៃចាក់បញ្ចាំងដំបូងមក រឿងនេះមិនទាន់ទទួលរងការរិះគន់ពីសំណាក់ទស្សនិកជនម្ដងណាឡើយ។ ក្នុងនោះ ទស្សនិកជនបានកោតសរសើរទៅលើចំណុចជាច្រើនរបស់រឿងនេះ ទាំងចំពោះការសម្ដែងរបស់តួអង្គ ការដឹកនាំរឿង ការសរសេរសាច់រឿង បច្ចេកទេសនៃការកាត់ត ការនិទានសាច់រឿងប្រទាក់ក្រឡាគ្នារហូតដល់ទៅបីជាតិភពបានយ៉ាងល្អ ជាពិសេសគឺការលាក់សាច់រឿង មិនឲ្យទស្សនិកជនទស្សន៍ទាយបានដោយងាយៗនោះឡើយ។ ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀត ទស្សនិកជនក៏បានកោតសរសើរចំពោះការបញ្ចូលចរិតលក្ខណៈតួអង្គ ឲ្យមានភាពវៃឆ្លាតខ្លាំង ជាពិសេសគឺតួអង្គរបស់ Taew Natapohn ដែលគេកម្រឃើញមាននៅក្នុងខ្សែភាពយន្តភាគថៃទូទៅណាស់។
តែអ្វីដែលគួរឲ្យសោកស្ដាយនោះ រឿង Leh Buphakal បែរជាទទួលបាននូវចំនួននៃការទស្សនាយ៉ាងតិចទៅវិញ ពោលគឺចាប់តាំងពីភាគទីមួយ មកទល់នឹងជិតភាគបញ្ចប់នេះ ចំនួនអ្នកទស្សនាស្ថិតក្នុងកម្រិតទាបបំផុត ហើយចំនួននេះមានកើនឡើងតិចតួចប៉ុណ្ណោះពីមួយភាគ ទៅមួយភាគ ជាហេតុធ្វើឲ្យ Leh Buphakal ក្លាយទៅជារឿងដែលមានអ្នកទស្សនាតិចបំផុតសម្រាប់ដើមឆ្នាំ២០២០ ប្រចាំប៉ុស្តិ៍លេខ៣ បន្ទាប់ពីរឿង Dang Duang Hareuthai។
ជុំវិញបញ្ហានេះ អ្នកគាំទ្ររឿង Leh Buphakal ភាគច្រើន បានលើកហេតុផលផ្សេងៗគ្នា។ អ្នកខ្លះថា ដោយសារ Leh Buphakal ជាប្រភេទរឿងបែបអាថ៌កំបាំង ស៊ើបអង្កេត ឆ្លងជាតិឆ្លងភព និងមានភាពស្មុគស្មាញច្រើន ទើបទស្សនិកជនភាគច្រើនមិនចង់ទស្សនា ស្របពេលដែលពួកគេកំពុងស្មុគស្មាគនឹងវិបត្តិកូវីដ១៩ហើយនោះ ដូច្នេះទើបប្រជាជនថៃចង់ទស្សនារឿងបែបកំប្លែងៗជាង។ អ្នកខ្លះទៀតក៏បានលើកឡើងថា ដោយសារ Jame Jirayu និង Taew Natapohn ត្រូវត្រឡប់មក ជួបគ្នាជាលើកទីបីលឿនពេក ទើបទស្សនិកជនមួយចំនួនមានអារម្មណ៍សាំនឹងការចាប់ដៃគូសម្ដែងរបស់អ្នកទាំងពីរ ទើបសម្រេចចិត្តមិនមើលរឿងមួយនេះទៅវិញ៕
សូមទស្សនារូបភាពខាងក្រោម៖