អង់គ្លេស៖ ខ្សែប្រយុទ្ធ Timo Werner មិនគួរយកចិត្តទុកដាក់ពីការចាប់អារម្មណ៍របស់ Liverpool នោះទេ ហើយគួរគិតគូផ្លាស់ទៅ ចូលរួមជាមួយក្លិប Bayern Munich វិញ នេះបើយោងតាមសម្ដីរបស់វីរបុរសក្លិប Man UTD លោក Dimitar Berbatov។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Werner ជាខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូបក្នុងរដូវកាលនេះ ទាំងនៅក្របខណ្ឌ Bundesliga និង ក្របខណ្ឌ Champions League ពោលគេរកបាន២៧ហើយ ក្នុងចំណោមការបង្ហាញខ្លួន ៣៦ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់។
តាមរយៈទម្រង់លេងដ៏ល្អនេះ បានធ្វើឲ្យក្រុម Liverpool ទាក់ចិត្តចង់បានរូបគេមកលេងនៅ Premier League នៅរដូវក្ដៅខាងមុខ ប៉ុន្តែ Berbatov ដែលជាអតីតខ្សែប្រយុទ្ធរបស់ Man UTD បានផ្ដល់យោបល់ឲ្យ Werner គួរបន្តលេងនៅ Bundesliga ប្រសើរជាង។

លោក Berbatov បានលើកឡើងយ៉ាងដូច្នេះថា៖
មានរបាយការណ៍ច្រើននិយាយអំពី Bayern Munich ចាប់អារម្មណ៍ទៅលើ Timo Werner ហើយក៏មានក្លិបធំៗជាច្រើនទៀតចាប់ចិត្តទៅលើគេដែរ រួមមាន Real Madrid, Manchester United, Barcelona, Manchester City និង Juventus ជាដើម។ និយាយឲ្យស្មោះត្រង់ចុះ Werner ស័ក្ដិសមនឹង Bayern ព្រោះរាល់រដូវកាល តែងតែឃើញមានវត្តមានក្លិបយក្សអាល្លឺម៉ង់នេះ ក្នុងក្របខណ្ឌ Champions League ជានិច្ច។ ណាមួយ Werner គាត់យល់ពីបាល់ទាត់នៅ Bundesliga ស្រាប់ ហើយកីឡាកររបស់ Bayern ភាគច្រើនក៏បានស្គាល់គាត់ហើយ ដូច្នេះខ្ញុំគិតថានៅទីនោះវាងាយស្រួលសម្រាប់គាត់។ ផ្ទុយទៅវិញបើគាត់ផ្ទេរមកអង់គ្លេស គាត់នឹងត្រូវការពេលវេលាច្រើនបន្តិចដើម្បីសម្របខ្លួនជាមួយបាល់ទាត់នៅ Premier League។

អតីតម្ចាស់អាវលេខ៩របស់ Man UTD បានបន្តទៀតថា៖
ខ្ញុំមិនគិតថាការផ្ទេរមក Liverpool ជាជម្រើសល្អរបស់គាត់ទេ ព្រោះខ្សែប្រយុទ្ធទាំង៣ (Mane, Firmino, Salah) របស់ពួកគេគឺល្អខ្លាំងណាស់។ បច្ចុប្បន្ននេះ ខ្ញុំមិនឃើញមានកីឡាករណា អាចជំនួសខ្សែប្រយុទ្ធទាំង៣នេះបានទេ របៀបដែលពួកគេលេងជាមួយគ្នាគឺពិតជាអស្ចារ្យ៕
ប្រភព៖ Goal