«មន្ត្រីក្រសួងពាណិជ្ជកម្ម មានកិច្ចសហការជាមួយប៉ូលីសសេដ្ឋកិច្ច ដើម្បីពិនិត្យមើលរាល់ការលក់សម្ភារៈការពារកូវីដ១៩ អំឡុងពេលនេះ។ អ៊ឹចឹងបើឃើញលក់ខុសប្រក្រតីដូចជាការដំឡើងថ្លៃហួសហេតុ វាហាក់ដូចជាជញ្ជក់ឈាមពលរដ្ឋ យើងនឹងចាត់វិធានការធ្ងន់ ឬស្រាលទៅតាមច្បាប់។»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាការលើកឡើងពីសំណាក់លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់អ្នកសារព័ត៌មាន Khmerload នាថ្ងៃអង្គារ ៣១មីនានេះ។ ការលើកឡើងរបស់មន្ត្រីពាណិជ្ជកម្មយ៉ាងដូច្នេះ ធ្វើឡើងក្រោយលោកអះអាងថា ក្រសួងបានពិនិត្យឃើញសន្ទស្សន៍ថ្លៃទំនិញរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករតាមអនឡាញមួយចំនួនបាននឹងកំពុងឃោសនា ព្រមទាំងលក់ដំឡើងថ្លៃម៉ាស និងអាល់កុល ក្នុងតម្លៃហួសហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។
លោកបន្តថា៖ «យើងមានអ្នកតាមដានអ្នកលក់ម៉ាស ទឹកលាងដៃ និងឧបករណ៍ៗការពារកូវីដ១៩។ អ្នកលក់ខ្លះ ដំឡើងថ្លៃហួសហេតុ។ បើលក់យកចំណេញល្មមៗ ក្រសួងមិនថាអីទេ។ ជាធម្មថា សេដ្ឋកិច្ចទីផ្សារសេរី កាលណាតម្រូវការច្រើន ទំនិញក៏ឡើងថ្លៃ។ តែបើទិញមក១០ដុល្លារ លក់វិញ១៣ដុល្លារមិនជាអីទេ តែបើលក់វិញដល់២០ ឬ៣០ដុល្លារ វាធ្វើឲ្យជ្រួលច្របល់ ហើយប៉ះពាល់ដល់សង្គម។»
ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេ ដែលមន្ត្រីក្រសួងចេញមុខទទូចឲ្យអាជីវករយោគយល់ ខណៈស្ថានភាពនេះ កម្ពុជាកំពុងរងគ្រោះពីកូវីដ១៩ ដូចប្រទេសដទៃដែរ។ កន្លងមកថ្មីៗ ក្រសួងពាណិជ្ជកម្មផងដែរ ក៏បានចេញលិខិតណែនាំដល់អាជីវករម្តងជាពីរដងរួចមកហើយ ស្តីពីការហាមឃាត់ការលក់ដំឡើងថ្លៃម៉ាស ព្រមទាំងសម្ភារៈសម្រាប់ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ។
យ៉ាងណាមានមតិរិះគន់ថា រោងចក្រក៏ដំឡើងថ្លៃស្រាប់ ដែលតម្រូវឲ្យអាជីវករយកលក់បន្តត្រូវដំឡើងថ្លៃដែរ។ ជាការឆ្លើយតប មន្ត្រីក្រសួងថា ខ្លួនយល់ពីរឿងសេដ្ឋកិច្ចសេរី ហើយក៏មិនបានហាមរឿងអ្នកលក់ដំឡើងថ្លៃម៉ាស និងទឹកលាងដៃអីនោះដែរ។ តែលោកថា តម្លៃក៏មិនត្រូវហួសហេតុពេកដែរ ពោលដំឡើងថ្លៃយកចំណេញល្មមៗបានហើយ ព្រោះខ្មែរដូចគ្នាទេ៕