ក្រុមគ្រូពេទ្យរបស់ប្រទេសអង់គ្លេសបានលើកឡើងថា អាការៈច្រមុះមិនអាចដឹងក្លិន និងមាត់លែងដឹងរសជាតិអាចជារោគសញ្ញាមួយថាបានឆ្លងវីរុស COVID-19។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២១ ខែមីនាដែលមានការចូលរួមពីគ្រូពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ និងបំពង់កបានឲ្យដឹងថាការបាត់បង់ការដឹងក្លិន (anosmia) គឺមានទាក់ទងទៅនឹងវីរុស និងមានប្រហែលជា៤០%នៃករណីអ្នកឆ្លងវីរុស COVID-19 មានអាការៈនេះកើតឡើងបន្ទាប់ពីឆ្លងវីរុសរួចមក។
តាមទិន្នន័យរបស់អ្នកជំងឺឆ្លងវីរុស COVID-19 នៅតាមបណ្ដាប្រទេសជាច្រើនមានការបាត់បង់សមត្ថភាពដឹងក្លិនដែលជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាផ្សេងៗ។ អ្នកជំនាញក៏បានពិពណ៌នាថាការបាត់បង់ការដឹងក្លិន និងការបាត់បង់រសជាតិ (dysgeusia) ច្រើនកើតលើអ្នកតេស្ដវិជ្ជមានវីរុស COVID-19 ដែលមិនមានរោគសញ្ញាផ្សេងៗ។
គ្រូពេទ្យបានណែនាំថាការបាត់បង់ឃានវិញ្ញាណ និងជីវ្ហាវិញ្ញាណនឹងត្រូវបញ្ចូលក្នុងតារាងរោគសញ្ញារបស់វីរុស COVID-19 ដើម្បីតាមដានរកមើលអ្នកឆ្លង។ ម៉្យាងទៀត នៅពេលមានការបាត់បង់វិញ្ញាណទាំងនេះ អ្នកជំងឺគឺមិនមានរោគសញ្ញាផ្លូវដង្ហើមផ្សេងទេ។
ករណីដែលអ្នកជំងឺបាត់បង់ការដឹងក្លិននេះរកឃើញមាននៅប្រទេសអ៊ីរ៉ង់ សហរដ្ឋអាមេរិក បារាំង និងអ៊ីតាលីខាងជើង។ វេជ្ជបណ្ឌិត Claire Hopkins ប្រធាន British Rhinological Society ក៏បានលើកឡើងថាអ្នកស្រីបានពិនិត្យផ្ទាល់លើអ្នកជំងឺ៤នាក់អាយុក្រោម៤០ឆ្នាំ។ អ្នកជំងឺទាំងនេះមិនមានរោគសញ្ញាផ្សេងក្រៅពីបាត់បង់ការដឹងក្លិនទេ។ អ្នកស្រីជឿថាអ្នកជំងឺទាំងនេះអាចជាផ្ទុកវីរុសនេះ និងជាប្រភពក្នុងការចម្លងវីរុសនេះយ៉ាងលឿន។
វេជ្ជបណ្ឌិត Hendrik Streeck ប្រធានមន្ទីរពេទ្យនៃវិទ្យាស្ថានផ្នែកមេរោគបាននិយាយថានៅប្រទេសអាល្លឺម៉ង់ គ្រូពេទ្យបានសម្ភាសអ្នកជំងឺCOVID-19 ជាង១០០នាក់ និងរកឃើញថាជិត៧០%មានអាការៈបាត់បង់ការដឹងក្លិន និងរសជាតិដែលមានរយៈពេលច្រើនថ្ងៃ។
គ្រូពេទ្យនៅមិនទាន់អាចសនិ្នដ្ឋានថាពេលណាមានអាការៈបាត់បង់ការដឹងក្លិន និងរសជាតិប៉ុន្តែពួកគេសង្ស័យថាអាការៈនេះអាចមាននៅដំណាក់កាលបន្ទាប់ពីការឆ្លង។ ដូចនេះ អ្នកដែលមានអាការៈច្រមុះលែងដឹងក្លិន និងរសជាតិ តែមិនរោគសញ្ញាផ្សេងទៀតនឹងត្រូវនៅដាច់ដោយឡែក៧ថ្ងៃ ដើម្បីកាត់បន្ថយការចម្លង ខណៈអ្នកផ្ទុកវីរុស និងមិនមានរោគសញ្ញាដើរតួជាមធ្យោបាយចម្លងយ៉ាងសំាខាន់មួយដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet