ធ្វើការមួយព្រឹកពេញ ហើយក្រោយបានបាយថ្ងៃត្រង់រួច ប្រាកដជាល្វើយរកតែងងុយគេង ហើយបើបានគេងមួយភ្លែត មុនធ្វើការវិញ ប្រាកដជាទីចូលចិត្តណាស់សម្រាប់គ្នាយើង។ ថ្មីៗនេះមានការសិក្សាបង្ហាញថា ការឆ្លៀតគេងថ្ងៃបន្តិច មិនត្រឹមតែផ្តល់ក្តីសុខដល់ខ្លួនឯងនោះទេ តែថែមទាំងទទួលបាននូវប្រយោជន៍ច្រើនដល់រាងកាយទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលទ្ធផលសិក្សាដែលបោះផ្សាយលើព្រឹត្តិបត្រវេជ្ជសាស្រ្តអង់គ្លេស British Medical Journal បានបង្ហាញថា ការគេងថ្ងៃបានរយៈពេលប្រមាណ ១ ម៉ោង ទៅ ១ ម៉ោងកន្លះ អាចផ្តល់ប្រយោជន៍ទៅដល់ខួរក្បាល ឱ្យមានថាមពលឡើងវិញ បង្កើនសមត្ថភាពចងចាំ វិនិច្ឆ័យ និងផ្តល់ភាពស្រស់ស្រាយ។ បន្ថែមពីនោះលោក Bill Anthony អ្នកជំនាញចិត្តសាស្រ្ត និងជាប្រធានផ្នែកព្យាបាលសុខភាពផ្លូវចិត្ត នៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានឱ្យដឹងថា ការឆ្លៀតគេងថ្ងៃ ជួយឱ្យកម្រិតអ័រម៉ូនស្រ្តេសគ័រទីសុល Cortisol (អ័រម៉ូនធ្វើឱ្យស្ត្រេស) ថមថយចុះ។
ការលើកឡើងបែបនេះ បន្ទាប់ពីការស្រាវជ្រាវឃើញថា បរិយាកាសការងារមមាញឹក និងទម្លាប់រស់នៅប្រចាំថ្ងៃ ច្រើនជួបបញ្ហាស្រ្តេស ដែលគេអាចដឹងតាមការពិនិត្យមើលកម្រិតអ័រម៉ូនខាងលើក្នុងរាងកាយ ហើយការគេងថ្ងៃ អាចជួយបន្ធូរបន្ថយអត្រាកើនឡើងនៃកម្រិតអ័រម៉ូននេះបាន ទោះបីជាបានគេងក្នុងរយៈពេលតិចតួចក៏ដោយ។
ដោយឡែកយោងតាមលទ្ធផលសិក្សាពីសាកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក ក៏បានបង្ហាញដែរថា ការគេងថ្ងៃបានជំរុញឱ្យលំហូរឈាមទៅក្នុងរាងកាយបានប្រសើរឡើងវិញ (រាងកាយបានសម្រាក) ពិសេសសាច់ដុំ និងបេះដូង ព្រមទាំងជំរុញថាមពលឡើងវិញ ទាំងការចងចាំ និងស្មារតីផងដែរ។
បើផ្អែកតាមលទ្ធផលផ្សាយក្នុងព្រឹត្តិបត្រវេជ្ជសាស្រ្តខាងលើ បានបង្ហាញអំពីគុណប្រយោជន៍នៃការគេងសម្រាកពេលថ្ងៃតាមរយៈពេលដូចខាងក្រោមនេះ៖
- ២០ នាទី៖ ជួយថាមពលខួរក្បាល ការចងចាំ និងសមត្ថភាពរៀនសូត្រអ្វីថ្មី បានឡើងវិញ។
- ២០-៣០ នាទី៖ ជួយជំរុញការចងចាំ និងគំនិតច្នៃប្រឌិតឡើងវិញ។
- ៣០-៦០ នាទី៖ ជំរុញសមត្ថភាពគិតវិនិច្ឆ័យ និងការចងចាំ។
- ៦០-៩០ នាទី៖ ផ្ដល់ថាមពលដល់ខួរក្បាលបានល្អ និងជំរុញសមត្ថភាពដោះស្រាយបញ្ហាឡើងវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet