សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបក្រោមការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ធ្វើលំហាត់ប្រាណសាធារណៈ នៅបរិវេណសួនច្បារខាងមុខរង្វង់មូលព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ជាការឧបត្ថម្ភរបស់ ក្រុមហ៊ុនភេសជ្ជៈ កម្ពុជា (កូកា-កូឡា) ដើម្បីជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមការហាត់ប្រាណដើម្បីថែរក្សាសុខភាព បានចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងធ្វើឲ្យបេះដូងរបស់អ្នកកាន់តែល្អប្រសើរ ហើយចលនានៃសម្ពាធឈាម ក្នុងរាងកាយក៏ល្អ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវឧបករណ៍ធ្វើលំហាត់ប្រាណសាធារណៈ នៅបរិវេណសួនច្បារខាងមុខរង្វង់មូលព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមដោយលោកនាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេស ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា) លោក លោកស្រី ប្រធាន/អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ គរុសិស្ស យុវជនកាយរិទ្ធ និងសិស្សានុសិស្ស ។

លោកអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ក្នុងពិធីថា៖
«ការហាត់ប្រាណផ្តល់គុណប្រយោជន៍៥ចំណុចសំខាន់ៗដូចជា កាត់បន្ថយឱកាសប្រឈមមុខនឹងជំងឺបេះដូង សួត ជួយសម្រួលសម្ពាធឈាមដំណើរការបានល្អ ធ្វើឲ្យគេងលក់ស្រួល ខួរក្បាលវាងវៃ និងមានអាយុវែង»។
លោកបានបន្តទៀតថា៖
«វត្តមាននៃឧបករណ៍ហាត់ប្រាណ និងពិធីនាថ្ងៃនេះ ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលនេះជាសក្ខីភាព នៃការចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមហាត់ប្រាណ ដើម្បីថែរក្សាសុខភាពប្រចាំថ្ងៃ»។

ការរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ឧបករណ៍ហាត់ប្រាណសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមការហាត់ប្រាណដើម្បីថែរក្សាសុខភាព បានចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងធ្វើឲ្យបេះដូងរបស់អ្នកកាន់តែល្អប្រសើរ ហើយចលនានៃសម្ពាធឈាម ក្នុងរាងកាយក៏ល្អ៕






