បារាំង៖ ស្របពេលបច្ចេកវិទ្យាមានការរីកចម្រើន ឧបករណ៍កែច្នៃថ្មីៗ កំពុងជួយសម្រួលដល់ជីវភាពរស់នៅរបស់យើង ឲ្យកាន់តែប្រសើរជាងមុន។ កង់នៅតែពេញនិយម សម្រាប់ការធ្វើដំណើរ ក្នុងជីវភាពប្រចាំថ្ងៃ ហើយវាថែមទាំងមិនប៉ះពាល់ដល់បរិស្ថានផងដែរ។ តើអ្នកធ្លាប់ស្រមៃទេថា កង់ធម្មតាមួយអាចប្រែក្លាយជាកង់អគ្គិសនី? ឥឡូវនេះ ពួកយើងអាចប្រែក្លាយកង់ធម្មតា ទៅជាយានជំនិះដែលអាចជួយសន្សំសំចៃកម្លាំងរបស់យើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សTeebike គឺជាក្រុមហ៊ុនបារាំងមួយ ដែលទើបតែបង្កើតថ្មី ដែលវាអាចផ្លាស់ប្ដូរកង់ចាស់ៗរបស់យើង ឲ្យទៅជាកង់អគ្គិសនីបាន។ ជាមួយ Teebike យើងមិនចាំបាច់បោះបង់ចោលកង់ចាស់ៗរបស់ពួកយើងនោះទេ និងមិនចាំបាច់ទិញកង់អគ្គិសនីថ្មីដែរ។ អ្វីដែលយើងត្រូវធ្វើ គឺការដាក់ឧបករណ៍មួយ ដែលត្រូវភ្ជាប់ជាមួយកង់ខាងមុខ។ ឧបករណ៍មួយនេះនឹងដំណើរការ នៅពេលយើងធ្វើដំណើររយៈពេលយូរ ហើយម៉ូទ័រអគ្គិសនីដ៏តូចនឹងជួយរុញកង់ ឲ្យទៅមុខផងដែរ។ មិនតែប៉ុណ្ណោះ វាថែមទាំងអាចជួយចាក់សោកង់ នៅពេលយើងចត ហើយវាអាចអាចនឹងជូនដំណឹង នៅពេលចោរប៉ុនប៉ងលួច ដោយវាបានភ្ជាប់ជាមួយ app ផងដែរ។
ឧបករណ៍នេះអាចជួយកាត់បន្ថយ ការប្រើប្រាស់កម្លាំងថាមពល ដូច្នេះអ្នកជិះកង់មិនសូវនឿយហត់ខ្លាំង ក្នុងពេលធ្វើដំណើរ។ ការដំឡើងឧបករណ៍នេះ មានលក្ខណៈសាមញ្ញនិងងាយស្រួលផងដែរ ហើយមនុស្សទាំងអស់អាចធ្វើវា បានដោយខ្លួនឯង។ ចំណែកតម្លៃរបស់វា ក៏មិនថោកប៉ុន្មានដែរ ដោយវាមានតម្លៃដល់ទៅ ៨២៤ដុល្លារឯណោះ។ ឧបករណ៍មួយនេះនៅមិនទាន់ត្រូវបានប្រើប្រាស់ ឲ្យបានទូលំទូលាយនៅឡើយទេ ពោលគឺវាអាចប្រើបានក្នុងប្រទេសបារាំង៕