បរទេស៖ កំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់កីឡាករ Cristiano Ronaldo បានក្លាយជាបុគ្គលទី១លើលោក ដែលមានចំនួនអ្នក Followers ច្រើនជាងគេលើបណ្ដាញសង្គម Instagram ពោលគិតមកទល់ពេលនេះ ចំនួនអ្នក Follow គាត់បានកើនឡើងដល់លើស ២០០លាននាក់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកំណត់ត្រាខាងលើ បានបញ្ជាក់ថា Ronaldo ជាបុគ្គលដែលមានប្រជាប្រិយភាពខ្លាំងជាងគេនៅលើបណ្ដាញសង្គម Instagram ដោយឡែកមានតែគណនី មួយប៉ុណ្ណោះដែលមានចំនួន Follower ច្រើនជាងខ្សែប្រយុទ្ធក្រុម Juventus រូបនេះ គឺគណនីផ្លូវការរបស់ក្រុមហ៊ុន Instagram នេះផ្ទាល់តែម្ដងដែលមានអ្នក Follow ចំនួន ៣៣០,៥ លាននាក់គិតត្រឹមថ្ងៃពុធម្សិលមិញ។
ជាមួយគ្នានេះដែរ បុគ្គលល្បីៗមួយចំនួនទៀតដែលឈរនៅលេខរៀងបន្តបន្ទាប់រួមមាន តារាចម្រៀងស្រី Ariana Grande ឈរនៅចំណាត់ថ្នាក់លេខ៣ មានអ្នក Follow ចំនួន១៧៣លាននាក់ ខណៈតារាងសម្ដែងក៏ដូចជាកំពូលអ្នកកីឡកាស Dwayne Johnson ហៅ “The Rock” ឈរចំណាត់ថ្នាក់លេខ៤ មានអ្នក Follow ១៧០,១លាននាក់។
ដោយឡែក គូប្រជែងលើសមរភូមិវាលស្មៅ Lionel Messi ឈរនៅ ចំណាត់ថ្នាក់លេខ៨ ឯណោះ មានអ្នក Follow ចំនួន១៤១,៨ លាននាក់ ស្របពេលជម្រើសជាតិប្រេស៊ីល Neymar ឈរចំណាត់ថ្នាក់លេខ១០ មានអ្នក Follow ១៣២,៦ លាននាក់។
គួរឲ្យដឹងដែរថា បើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Buzz Bingo ម្ចាស់ពាន Ballon d’or ៥សម័យ Ronaldo រកបានប្រមាណ ៤៧,៨លានដុល្លារក្នុង១ឆ្នាំ ពីបណ្ដញសង្គម Instagram នេះ ខណៈទស្សនាវដ្ដី Forbes បញ្ជាក់ថា រាល់ការបង្ហោះ១ដង គេរកបានខ្ទង់១លានដុល្លារ។
របាយការណ៍របស់ Forbes បានបន្ថែមទៀតថា Messi ឈរចំណាត់ថ្នាក់ទី២ ក្នុងនាមជាអត្តពលិករកចំណូលបានច្រើនជាងគេពី Instagram ពោលគេរកបាន២៣,៣លានដុល្លារក្នុង១ឆ្នាំ៕
ប្រភព៖ sports.yahoo