អង់គ្លេស៖ ខ្សែបម្រើឆ្នើម Bruno Fernandes ខិតជិតក្នុងការផ្ទេរពីក្លិប Sporting Lisbon មកកាន់ក្លិបបិសាចក្រហម Manchester United ហើយ ក្នុងតម្លៃ ៦៨លានផោន (ឬប្រមាណ៨៨លានដុល្លារ) បន្ទាប់ពីក្លិបទាំងពីរព្រមព្រៀងគ្នាក្នុងតម្លៃនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយធ្វើការចរចាអស់រយៈពេលជាច្រើនសប្ដាហ៍មក អនុប្រធានប្រតិបត្តិរបស់ក្លិបបិសាចក្រហមលោក Ed Woodward បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយលោក Hugo Viana ដែលជានាយកប្រតិបត្តិរបស់ក្រុម Sporting ដោយខាង Man UTD បានយល់ព្រមបង់ ៤៦,៥៦លានផោន (ប្រហែល៦០លានដុល្លារ) បូករួមជាមួយនឹងប្រាក់លើកទឹកចិត្តផ្សេងទៀតសម្រាប់ Fernandes ដែលកិច្ចព្រមព្រៀងអាចឡើងដល់ ៦៧,៧លានផោន (ឬប្រមាណ៨៨លានដុល្លារ)។
ភាគីខាង Sporting នឹងទទួលបាន ១១លានដុល្លារបន្ថែមពី Man UTD ប្រសិនបើ Fernandes ជួយក្លិបសម្រេចគោលដៅងាយស្រួលណាមួយ។ ហើយប្រសិនបើជម្រើសជាតិព័រទុយហ្កាល់រូបនេះ អាចជួយក្លិបសម្រេចគោលដៅកាន់តែលំបាកណាមួយបានទៀត នោះ Sporting នឹងទទួលបាន១៦,៥លានដុល្លារបន្ថែមទៀត។
បើយោងតាមការបញ្ជាក់របស់កាសែត Sky Sports បានឲ្យដឹងថា ខាង Sporting កំពុងរង់ចាំរាល់ឯកសារទាក់ទងទាំងអស់មកដល់ ដើម្បីត្រួតពិនិត្យ មុនពេលចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងក្នុងការផ្ទេរ Fernandes ទៅកីឡដ្ឋាន Old Trafford។ ខណៈឧបសគ្គដែលនៅសេសសល់ចំពោះកិច្ចព្រមព្រៀងនេះ គឺនៅតែការពិនិត្យផ្ទៀងផ្ទាត់ទៅលើផ្នែកច្បាប់ប៉ុណ្ណោះ។
ប្រភពដដែលបានបន្ថែមទៀតថា Fernandes ទំនងធ្វើដំណើរទៅធ្វើតេស្តសុខភាពនៅថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែដំណើរការនេះអាចឈានដល់ថ្ងៃព្រហស្បតិ៍ អាស្រ័យលើថាតើឯកសារក្នុងការផ្ទេរនឹងបញ្ចប់ទៅលឿនប៉ុណ្ណា៕
ប្រភព៖ skysports