អាល្លឺម៉ង់៖ អនាគតរបស់ប្រធានក្រុម Bayern Munich កីឡាករ Manuel Neuer កំពុងស្ថិតក្នុងភាពស្រពិចស្រពិលក្រោយក្លិបយក្សអាល្លឺម៉ង់មួយនេះ សម្រេចកិច្ចព្រមព្រៀងចុះកុងត្រាយកអ្នកចាំទីវ័យ២៣ឆ្នាំ កីឡាករ Alexander Nubel ពីក្លិប FC Schalke 04។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សNubel នឹងបង្ហាញខ្លួនជាផ្លូវការឲ្យ Bayern Munich នៅរដូវក្ដៅខាងមុខ នៅពេលដែលកុងត្រារបស់គេចប់សព្វគ្រប់ជាមួយក្រុមចាស់ Schalke។
យ៉ាងណាមិញ យោងតាមកាចុះផ្សាយរបស់កាសែត France Football បានឲ្យដឹងថា ក្លិបសេះបង្កង់ Juventus កំពុងតាមដានពីស្ថានភាពបច្ចុប្បន្នរបស់ Neuer នៅ Bayern ខណៈក្លិបយក្សអ៊ីតាលីមានបំណងចូលចែចូវ ប្រសិនបើអ្នកចាំទីជួយអាល្លឺម៉ង់លើកពាន World Cup ឆ្នាំ២០១៤ រូបនេះសម្រេចចិត្តចាកចេញ។
ប្រភពខាងលើបានបន្ថែមទៀតថា អ្នកចាទីវ័យ៣៣ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងមានភាពស្ទាក់ស្ទើរក្នុងការបន្តកុងត្រាថ្មីជាមួយ Bayern Munich ដោយសារវត្តមានអ្នកចាំទីចំណូលថ្មីកីឡាករ Nubel។
ទោះជាយ៉ាងណាក៏ដោយ ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថា ទទួលបានផលវិជ្ជមានក្រោយពិភាក្សាជាមួយតំណាងរបស់ Neuer ជុំវិញការបន្តកុងត្រាថ្មី។ ជាក់ស្ដែងកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២១ ហើយសម្រាប់កិច្ចសន្យាថ្មីទំនងជាបន្តរហូតដល់ឆ្នាំ២០២៣។
គួរឲ្យដឹងដែរថា Neuer បានចាកចេញពីក្រុម Schalke 04 មកចូលរួមជាមួយក្រុម Bayern Munich តាំងពីឆ្នាំ២០១១ ក្នុងតម្លៃផ្ទេរ៣០លានអឺរ៉ូ (ឬប្រមាណ ៣៣លានដុល្លារ)។ គិតមកទល់ពេលនេះ រូបគេបង្ហាញខ្លួនបានលើស៣៥០ប្រកួត ធ្លាប់រួមចំណែកជួយក្រុមលើកពាន Champions League ១ដង ពានលីគកំពូលអាល្លឺម៉ង់ Bundesliga ៧ដង ពាន German Cup ៥ដង ពាន Super Cup ៤ដង ពាន UEFA Super Cup ១ដង និងពាន FIFA Club World Cup ចំនួន១ដង៕
ប្រភព៖ archysport