ពេលដឹងខ្លួនថាមានផ្ទៃពោះ ម៉ាក់ៗតែងតែព្រួយបារម្ភខ្លាំងទៅលើថវិកាត្រូវចំណាយពេលសម្រាល និងការទិញសម្ភារៈកូន ព្រោះខ្លាចមិនគ្រប់ ឬដំណើរការសម្រាលមានភាពរអាក់រអួល។ ដូចនេះហើយយើងច្រើនតែលួចសួរពីអ្នកមានបទពិសោធន៍ថា គួរមានប្រាក់ប៉ុន្មានទើបគ្រប់ក្នុងពេលពេលសម្រាលកូននៅមន្ទីរពេទ្យ និងទុកទប់ទល់ពេលសម្រាលមាតុភាព។ ដើម្បីដឹងពីទំហំនៃការចំណាយ Hello គ្រូពេទ្យ បានសាកសួរម៉ាក់ៗជាច្រើនដែលបានត្រៀមថវិកាគ្រប់គ្រាន់ទៅតាមជីវភាព សម្ភារៈចាំបាច់ រឿងសំខាន់អំឡុងពេលសម្រាល និងតម្រូវការបន្ទាន់ពេលសម្រាលកូន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- ជម្រើសសម្រាល
សម្រាប់ម៉ាក់ៗ លីន ដាណេ វិញបានលើកឡើងថា គ្រាន់តែដឹងខ្លួនមានផ្ទៃពោះភ្លាម អ្នកនាងគិតដល់មធ្យោបាយសម្រាលបាត់ទៅហើយ ព្រោះខ្លួនមានជំងឺប្រចាំកាយ និងគ្មានកម្លាំងគ្រប់គ្រាន់ បើសម្រាលតាមធម្មជាតិ។ ដូចនេះបានពិភាក្សាជាមួយគ្រូពេទ្យ ហើយវិធីល្អមានតែវះកាត់ ប៉ុន្តែការចំណាយលើការវះកាត់ពិតជាថ្លៃជាងសម្រាលធម្មជាតិ។ បុគ្គលិកផ្នែកផ្ដល់ព័ត៌មានក្នុងក្រុមហ៊ុនឯកជនបានលើកឧទាហរណ៍ថា បើសម្រាលធម្មជាតិនៅមន្ទីរសម្ភពផ្សេងៗ ៤០០-៦០០ បន្ទប់ល្មម ហើយបើវះតម្លៃអាចគុណនឹង ២។ ក្រៅពីនោះ ការសម្រាលទាំងធម្មជាតិ និងវះកាត់ អាចមានករណីគ្រោះថ្នាក់ណាមួយជាយថាហេតុ ដូចនេះហើយការត្រៀមសម្រាលកូននីមួយៗមិនគួរក្រោម ២ ពាន់ដុល្លារឡើយ តែបើសម្រាលនៅមន្ទីរពេទ្យរដ្ឋអាចចំណាយតិចជាងនេះ។
២- ត្រៀមក្រោយសម្រាល
មានម៉ាក់ៗជាច្រើនតែងតែត្រៀមលុយកាក់សម្រាប់តែពេលសម្រាល តែក្រោយសម្រាលបែរជាពិបាក។ ក្នុងនោះម៉ាក់ៗឈ្មោះ នី នេត្រា បានចែករំលែកផលវិបាកកាលពីខ្លួនសម្រាលកូនរួច ពិបាកព្រោះត្រូវការចំណាយច្រើន។ អ្នករស់នៅភ្នំពេញរូបនេះ បន្តទៀតថា សម្រាប់អ្នកធ្វើការប្រាក់ខែនៅតែមាន ចំណែកអ្នករកស៊ីវិញ ពេលសម្រាលពិតជាជួបបញ្ហាធំមិនខាន ណាមួយបាត់ចំណូល ហើយទាមទារចំណាយច្រើនទាំងលើកូន និងខ្លួនឯង។ នេះមិនរាប់ទាំងសម្ភារៈដែលទិញមុនមិនច្រើនឡើយ ព្រោះកូនឆាប់ធំ មួយខែមិនទាន់សម្លៀកបំពាក់ត្រូវទិញថ្មី ហើយចំណីចំណុកក៏ត្រូវជារបស់ល្អ ដើម្បីបំប៉នសុខភាពឲ្យសម្បូរទឹកដោះឲ្យកូនបៅ ព្រមទាំងបំប៉នឲ្យខ្លួនឯងមានកម្លាំងកំហែងឡើងវិញ។ ម៉ាក់ៗវ័យ ៣០ ឆ្នាំរូបនេះបានបន្តទៀតថា ពេលមានកូនចំណាយថ្លៃសម្រាលមិនសូវជាច្រើនដូចអស់ថ្លៃញ៉ាំ និងរបស់របរប្រើប្រចាំថ្ងៃ។
៣- ត្រៀមសម្រាប់រឿងមិនគួរកើត
អ្នកនាង កែន ណារី បានរៀបរាប់បទពិសោធន៍ខ្លួនថា ពេលសម្រាលនរណាក៏ប្រាថ្នាសុខសប្បាយទាំងម៉ាក់ និងកូនដែរ ប៉ុន្តែរឿងហេតុយើងមើលមិនឃើញឡើយ ដូចអ្នកខ្លះត្រូវសម្រាលតាមធម្មជាតិ តែមិនអាចទៅរួចក៏ជ្រើសរើសវះកាត់វិញ ហើយខ្លះទៀតមានគម្រោងបំបៅដោះកូនដោយទឹកដោះ តែមានរឿងហេតុជាច្រើនធ្វើឲ្យគ្មានទឹកដោះបំបៅកូន ដូចនេះមានតែជម្រើសទឹកដោះគោ។ ស្ត្រីមេផ្ទះរូបនេះថា គ្រាន់តែទឹកដោះគោ កំប៉ុង និងទឹកសម្រាប់ឆុង មួយខែៗចំណាយរាប់រយដុល្លារ។ បន្ថែមពីនេះនៅមានបញ្ហាឈឺថ្កាត់របស់កូន ឬយើងដោយមិនបានដឹងមុន ដូចនេះការចំណាយពិតជាត្រូវការច្រើន។
តាមការរៀបរាប់របស់ម៉ាក់ៗជាច្រើនបានឲ្យដឹងថា ការចំណាយពេលសម្រាលពិតជាមិននឹកស្មានដល់ ដូចនេះគួរតែត្រៀមកាន់តែច្រើនកាន់តែល្អ។ មួយវិញទៀតមិនត្រូវទិញរបស់របរថ្លៃៗពេក និងមិនសូវជាមានប្រយោជន៍សម្រាប់កូន និងយើងឡើយ យកល្អទិញសម្លៀកបំពាក់ស្រោមដៃជើង មួក សាប៊ូ ម្សៅ និងរបស់ចាំបាច់មួយចំនួនបានហើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet