ក្រោយប្រកាសបើកឲ្យដំណើរការ រឿងចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តពីក្រសួងសាធារណៈការ និងដឹកជញ្ជូន គេឃើញមានសំណួរជាច្រើនចេះតែបន្តមានគួរឲ្យកត់សម្គាល់ពីសំណាក់ម្ចាស់រថយន្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសំណួរភាគច្រើនដែលមានស្រដៀងៗគ្នានោះ បានចោទឡើងថា៖ «បើប្រើឈ្មោះពិសេសណាមួយដែលម្ចាស់ខ្លួនពេញចិត្តយ៉ាងម៉េចក៏បាន ដោយមិនចាំបាច់ប្រើឈ្មោះពិតនោះ ចុះចំពោះឈ្មោះណាដែលមិនសមរម្យ តើក្រសួងនឹងអនុញ្ញាតិ្ត ឬព្រមចេញស្លាកលេខឲ្យដែរទេ?»
ទាក់ទិននឹងចម្ងល់ខាងលើ លោកវ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជួន បានបញ្ជាក់បន្ថែមប្រាប់Khmerloadថា បើរឿងដាក់ឈ្មោះមិនសមនោះ ក្រសួងនឹងមិនចេញស្លាកលេខឲ្យទេ ព្រោះមុនហ្នឹងចេញលិខិតបញ្ជាក់ឲ្យដល់ដៃពលរដ្ឋម្ចាស់រថយន្ត អាជ្ញាធរមានប្រព័ន្ធត្រួតពិនិត្យជាស្រេច។ ហើយបើករណីមានភ្លាត់ដោយប្រការណាមួយនោះ ខាងស្ថាប័នក៏មានការត្រួតពិនិត្យរាល់សប្តាហ៍ ឬរាល់ខែផងដែរ។ បើក្នុងករណីរកឃើញថា មានឈ្មោះដែលមិនសមរម្យ (អាសអាភាសជាដើម) អាជ្ញាធរនឹងអញ្ជើញម្ចាស់ស្លាកលេខពិសេស មកប្តូរ និងរើសឈ្មោះជាថ្មីម្តងទៀត។
ក្រៅពីនេះ អ្នកនាំពាក្យខាងលើថាអាជ្ញាធរមានប្រព័ន្ធដែលកំណត់រយៈពេលច្បាស់លាស់ដែលតម្រូវឲ្យម្ចាស់បំពាក់ស្លាកលេខពិសេសលើរថយន្ត។ ហើយបើក្នុងករណីម្ចាស់មិនបានបំពេញកាតព្វកិច្ចឲ្យត្រូវតាមស្តង់ដារទេ អាជ្ញាធរនឹងចាត់វិធានការរឹបអូសយកស្លាកលេខពិសេសវិញ(Block) ដោយមិនអនុញ្ញាត្តិឲ្យម្ចាស់រថយន្តប្រើបន្តឡើយ។
សូមបញ្ជាក់ថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន ថ្មីៗនេះ បានប្រកាសបើកឲ្យដំណើរការ ការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដោយមានតម្លៃចាប់ពី២លានរៀល ឬ ៥០០ដុល្លារអាមេរិកឡើងទៅ។ ហើយតម្លៃក៏កាន់តែកើនឡើង ទៅតាមប្រភេទឈ្មោះដែលមានការដេញថ្លៃច្រើនាក់ផងដែរ។
យ៉ាងណាអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះព្រោងព្រាតលើប្រព័ន្ធអ៊ីនធឺណែតថា ការចុះឈ្មោះខ្លះមានតម្លៃថ្លៃហួសដល់រាប់ម៉ឺនដុល្លារ ហើយក្រៅពីនេះបានរិះគន់ក្រសួងថា ការធ្វើបែបហាក់បីដូចជាចង់គាបសង្កត់ញើសឈាមពលរដ្ឋ។
ជាការឆ្លើយតប មន្ត្រីក្រសួងបានពន្យល់ថា អាជ្ញាធរមិនបានបង្ខំម្ចាស់រថយន្តគ្រប់រូប ឲ្យប្រើស្លាកពិសេសនេះឡើយ ពោលចង់ប្រើ ឬមិនប្រើគឺជាសិទ្ធរបស់បុគ្គល។ មូលហេតុដែលក្រសួងនឹកឃើញវិធីសាស្ត្រចេញស្លាកលេខពិសេសនេះ គឺដោយយោងលើការស្ទង់មតិដែលបង្ហាញថា ពលរដ្ឋដែលមានជីវភាពធូធារ ឬអ្នកស៊ីវិល័យ ជាច្រើនចង់បានស្លាកលេខពិសេសនេះ។ ហើយម្យ៉ាងទៀតរដ្ឋក៏អាចលក់ស្លាកលេខនេះបានថ្លៃដើម្បីប្រមូលចំណូលចូលរដ្ឋផងដែរ៕