អ៊ីរ៉ង់៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា ការវាយប្រហារនេះគឺជាការសងសឹកបន្ទាប់ពីមេបញ្ជាការកំពូលរបស់ប្រទេសលោក Qasem Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅទីក្រុងបាកដាដតាមបញ្ជារបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមន្ទីរប៉ង់តាហ្គោននិយាយថា យ៉ាងហោចណាស់ទីតាំងមូលដ្ឋានទ័ពពីរត្រូវបានវាយប្រហារគឺនៅអ៊ីរ៉ាប៊ីលនិងអាល់អាសាដ ហើយគេនៅមិនទាន់ច្បាស់ទេថា តើមានអ្នកស្លាប់និងរបួសប៉ុន្មាននាក់។
អ្នកនាំពាក្យសេតវិមានលោក Stephanie Grisham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានដឹងអំពីរបាយការណ៍នៃការវាយប្រហារទៅលើទីតាំងនានារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រធានាធិបតីត្រូវបានគេរាយការណ៍សង្ខេបនិងកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ព្រមទាំងពិគ្រោះយោបល់ជាមួយក្រុមសន្តិសុខជាតិរបស់លោក។ ឆ្មាំបដិវត្តអ៊ីរ៉ង់បាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការស្លាប់របស់លោក Soleimani កាលពីថ្ងៃសុក្រ។ ទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់បាននិយាយថា យើងកំពុងព្រមានដល់សម្ព័ន្ធមិត្តអាមេរិកទាំងអស់ ដែលបានផ្តល់មូលដ្ឋានរបស់ពួកគេដល់កងទ័ពភេរវករ ហើយបានបន្ថែមទៀតថា ទឹកដីណាដែលជាចំណុចចាប់ផ្តើមនៃសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់នឹងត្រូវក្លាយជាគោលដៅបាញ់ប្រហារទាំងអស់។ ការវាយប្រហារបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីការបញ្ចុះសពលោក Soleimani បានបញ្ចប់។
ទូរទស្សន៍ Al Mayadeen បាននិយាយថា ការបាញ់ផ្លោងជាលើកទីពីរបានកើតឡើងនៅអ៊ីរ៉ាប៊ីលភ្លាមៗ ក្រោយពីរ៉ុក្កែតទីមួយបានវាយប្រហារលើមូលដ្ឋានទ័ពនៅអាល់អាសាដ។ នៅព្រឹកថ្ងៃដដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់ គឺជារឿងអាក្រក់បំផុតសម្រាប់ប្រទេសនេះ។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើង បន្ទាប់ពីមានលិខិតមួយដែលយោធាអាមេរិកបាននិយាយថាត្រូវបានផ្ញើខុសទៅនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ដែលវាទំនងជាការយល់ព្រមនឹងសំណើរបស់សមាជិកសភាអ៊ីរ៉ាក់ដើម្បីសុំសហរដ្ឋអាមេរិកឱ្យដកកងទ័ពចេញ។
គួររម្លឹកដែរថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានកងទ័ពប្រហែល ៥,០០០ នាក់ កំពុងឈរជើងនៅអ៊ីរ៉ាក់៕