ហ្វីលីពីន៖ ភូមិមួយនៅប្រទេសហ្វីលីពីនកំពុងព្យាយាមដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិកតាមរយៈការផ្តល់ជាអង្ករដល់អ្នកភូមិជាថ្នូរនឹងសំរាមប្លាស្ទិករបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកភូមិនៅក្នុងតំបន់បាយ៉ានាន់ជាយក្រុងម៉ានីលអាចទទួលបានអង្ករ ១ គីឡូក្រាម ដែលជាអាហារចំបងសម្រាប់ប្រជាជនហ្វីលីពីន ហើយដោះដូរមកវិញជាមួយកាកសំណល់ប្លាស្ទិក ២ គីឡូក្រាម ដែលត្រូវបានប្រគល់ទៅឱ្យរដ្ឋាភិបាលសម្រាប់យកទៅបំផ្លាញចោល ឬកែឆ្នៃឡើងវិញ។
ការសិក្សាមួយបានបង្ហាញថា ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅក្នុងចំណោមប្រទេសដែលមានការបំពុលដោយកាកសំណល់ប្លាស្ទិកលំដាប់លេខមួយនៅលើពិភពលោក ដោយសារមិនមានច្បាប់តឹងរឹងស្តីពីការគ្រប់គ្រងកាកសំណល់។
ស្ត្រីវ័យ ៤៩ ឆ្នាំម្នាក់ឈ្មោះ Veronica Dolorico ដែលជាអ្នកគាំទ្រកម្មវិធីនេះបានប្រាប់គេហទំព័រសារព័ត៌មានរ៉យទ័រថា “ ខ្ញុំបានថ្លឹងសម្រាមចំនួន ១៤ គីឡូ ដូច្នេះខ្ញុំអាចទទួលបានអង្ករ ៧ គីឡូ ហើយនេះជាជំនួយដ៏សំខាន់មួយសម្រាប់ពួកយើង ដែលត្រូវការអង្ករសំរាប់បរិភោគមួយគីឡូ ជារៀងរាល់ថ្ងៃ ។
គាត់បានបន្ថែម “ ខ្ញុំមានអារម្មណ៍ថា បរិស្ថាននៅជុំវិញខ្លួនយើងពិតជាកខ្វក់ណាស់។ ប្រសិនបើខ្ញុំអាចធ្វើបាន ខ្ញុំនឹងប្រមូលយកប្លាស្ទិកទាំងអស់នៅតាមដងផ្លូវ ពេលដែលខ្ញុំដើរចេញទៅខាងក្រៅម្តងៗ” ។
អង្ករមួយគីឡូក្រាមមានតម្លៃប្រហែល ៣០-៤០ ប៉េសូ (៣២០០រៀល) វាជាតម្លៃនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនលឿន ប៉ុន្តែមានអត្រាខ្ពស់នៃភាពក្រីក្ររបស់ប្រជាជននៅទីក្រុងនិងជនបទ។
១/៥ នៃប្រជាជន ១០៧ លាននាក់ រស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ ដោយចំណូលប្រចាំខែសរុបរបស់មនុស្សម្នាក់ៗគឺតិចជាង ២៤១ ដុល្លារ។
លោក Andor San Pedro ដែលជាប្រធានភូមិបាននិយាយថា នៅក្នុងតំបន់នេះយើងបានប្រមូលដបនិងថង់ប្លាស្ទិកជាង ២១៣ គីឡូក្រាមកាលពីខែសីហា។ លោកបានបន្ថែមទៀតថា ការប្តូរអង្ករជាមួយសំរាមប្លាស្ទិកគឺអាចបង្រៀនប្រជាជនឱ្យបានយល់ដឹងពីរបៀបគ្រប់គ្រងកាកសំណល់របស់ពួកគេឱ្យបានត្រឹមត្រូវ៕