ចាស់បុរាណនិយមឲ្យស្ត្រីពពោះប្រើថ្នាំខ្មែរ ឬថ្នាំចិនសែ ដែលផ្សំពីដើមរុក្ខជាតិ ឫស ផ្លែ ផ្កា ឬស្លឹកឈើ ដើម្បីរក្សាគភ៌ ជំនួយដល់ការឈឺពោះលឿន ងាយកើតកូន។ មកដល់សព្វថ្ងៃនេះ ស្ត្រីមានផ្ទៃពោះមួយចំនួននៅតែបន្តធ្វើជំនឿទាំងនោះនៅឡើយ ខណៈក្បួនវេជ្ជសាស្ត្រហាមផ្តាច់ចំពោះការផឹកថ្នាំបុរាណពេលពពោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះមូលហេតុដែលគ្រូពេទ្យហាមមិនឲ្យស្រ្តីមានផ្ទៃពោះផឹកថ្នាំបុរាណ លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភពនៅមន្ទីរពេទ្យកាល់ម៉ែតថា ការប្រើថ្នាំខ្មែរ ជាការចេះតាមគ្នា ដាក់មួយឆ្នាំង ទឹក ៣ យកទឹក ១ បែបនេះបែបនោះ មិនត្រូវតាមក្បួនខ្នាត ឬការសិក្សាស្រាវច្បាស់លាស់ លទ្ធផលក៏មិនដឹងយ៉ាងម៉េច។
លោកជំទាវវេជ្ជបណ្ឌិតថា ថ្នាំបុរាណផ្ទុយពីថ្នាំពេទ្យដែលអនុញ្ញាតឲ្យប្រើប្រាស់ទាំងអស់សុទ្ធតែឆ្លងកាត់ការសិក្សា ឆ្លងកាត់ការពិសោធន៍ថ្លឹងថ្លែងបានត្រឹមត្រូវថា ប៉ុន្មានមិល្លីក្រាម លេបបានប៉ុន្មានដង។
ចំណែកលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន សែនសុខ ក៏លើកឡើងពីគុណវិបត្តិនៃការផឹកថ្នាំបុរាណពេលពពោះថា ថ្នាំបុរាណមិនមែនជាថ្នាំរក្សាគភ៌នោះទេ ហើយក៏មិនមែនជាថ្នាំជំនួយសុខភាពដែរ។ ផ្ទុយទៅវិញ ការផឹកថ្នាំខ្មែរ ឬថ្នាំចិនសែ ពេលពពោះ មិនបានជួយអ្វីនោះទេ ថែមទាំងបង្កផលប៉ះពាល់ធ្ងន់ធ្ងរទាំងសុខភាពម្តាយ និងកូនក្នុងផ្ទៃ។
ចំពោះការលើកឡើងថា ផឹកថ្នាំបុរាណ ធ្វើឲ្យកូនកើតស្រួល លោកវេជ្ជបណ្ឌិតអះអាងថា មិនពិតនោះទេ កត្តាដែលជំរុញឲ្យស្រីៗកើតកូនស្រួល គឺម៉ាក់ៗមានអាងត្រគាកធំល្អ កូនមិនថ្លោសពេក មិនមានសុកពាំងចំមាត់ស្បូន សុខភាពម្តាយល្អ ភាពរហ័សរហួនពេលពពោះ រាងកាយមាំមួន មិនមានជំងឺប្រចាំកាយអ្វីមកពាក់ព័ន្ធ។
ផលប៉ះពាល់នៃការប្រើថ្នាំបុរាណពេលពពោះ៖
– សុកក្រិន ស្អិតជាប់ស្បូន
– សុកអត់ធ្លាក់
– ទឹកភ្លោះមិនថ្លាល្អ
– មាត់ស្បួនមិនបើក
– កូនពិបាកកើត
– ធ្លាក់ឈាមខ្លាំង
– ឈាមរាវ
– កូនខ្សោយ ឬស្លាប់ក្នុងពោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet