ឥណ្ឌា៖ បុរសឥណ្ឌាអាយុ ៤២ ឆ្នាំម្នាក់ឈ្មោះ Subhash Yadav រស់នៅរដ្ឋ Uttar Pradesh បានបាត់បង់ជីវិតដោយសារភ្នាល់ហូបស៊ុតស្ងោរ៥០គ្រាប់ជាមួយមិត្តគាត់ម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការសាកសួរបានឲ្យដឹងថា នៅថ្ងៃកើតហេតុបុរសរងគ្រោះបានអង្គុយហូបអីជាមួយមិត្តភក្តិគាត់ម្នាក់នៅក្នុងផ្សារ Bibiganj នាស្រុក Jaunpur ប្រទេសឥណ្ឌា។ នៅពេលដែលពួកគាត់កំពុងអង្គុយហូបជាមួយគ្នាមិនបានប៉ុន្មានផងក៏ស្រាប់តែកើតមានការឈ្លោះប្រកែកពាក្យសម្តីគ្នា ហើយនៅពេលដែលជម្លោះរបស់ពួកគេកាន់តែខ្លាំងឡើង ខាងជនរងគ្រោះ បានស្នើភ្នាល់ដាក់លុយចំនួន ២,០០០ រូពី (ប្រហែល ២៨ ដុល្លារ) ជាថ្នូរនឹងការហូបស៊ុតឆ្អិនចំនួន ៥០គ្រាប់ឲ្យអស់។ ឮដូច្នេះមិត្តរបស់គាត់បានទទួលយកការភ្នាល់នេះដោយបានទិញស៊ុតចំនួន ៥០គ្រាប់ពីអ្នកលក់ម្នាក់នៅក្បែរនោះ ហើយឲ្យបុរសដែលជាជនរងគ្រោះហូបវាម្តងមួយៗ។ នៅពេលការភ្នាល់ជិតបានជោគជ័យទៅហើយនោះ ស្រាប់តែបុរសរងគ្រោះហូបដល់ពងមាន់គ្រាប់ទី៤២ គាត់ក៏សន្លប់បាត់បង់ស្មារតីតែម្ដង។
ភ្លាមៗអ្នកស្រុកបានប្រញាប់ប្រញាល់បញ្ជូនលោក Subhash Yadav ទៅកាន់មន្ទីរពេទ្យស្រុកមួយកន្លែង ប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់គ្រូពេទ្យយ៉ាងណាក៏ដោយ នៅទីបំផុតគាត់នៅតែមិនអាចជួយសង្គ្រោះបាន។ មូលហេតុពិតប្រាកដនៃការស្លាប់មិនត្រូវបានប្រកាសឲ្យដឹងច្បាស់ទេ ប៉ុន្តែគ្រូពេទ្យបានសន្មត់ថានេះមកពីកាបរិភោគលើសកម្រិតពេក។
ដូច្នេះបើមាននរណាម្នាក់ ឲ្យអ្នកហូបស៊ុតឆ្អិនយ៉ាងច្រើនបែបនេះ អ្នកគួរតែគិតពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន៕