ចិន៖ ថ្ងៃកំណើតត្រូវបានគេចាត់ទុកថា ជាថ្ងៃអបអរសាទរជាមួយមិត្តភក្តិ និងក្រុមគ្រួសារប៉ុន្តែសម្រាប់ស្ត្រីវ័យ៦៩ឆ្នាំម្នាក់នេះវិញ បានទទួលទានអាហារថ្ងៃខួបកំណើតរបស់ខ្លួនតែម្នាក់ឯងនៅក្នុងភោជនីយដ្ឋាន ព្រោះគ្មាននរណាម្នាក់មកអបអរជាមួយគាត់ឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា ស្ត្រីរូបនោះមាននាមត្រកូលថា Wang រស់នៅក្នុងទីក្រុង Anshan ប្រទេសចិន ហើយគាត់មិនមានសាច់ញាតិផ្សេងឡើយ ក្រៅពីម្តាយអាយុ៩០ឆ្នាំ ដែលមិនអាចដើររួច និងកូនប្រុសម្នាក់ ដែលកំពុងធ្វើការនៅឆ្ងាយ។ ចំណែកស្វាមីរបស់គាត់ បានស្លាប់កាលពី៣០ឆ្នាំមុនមកម៉្លេះ។ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ គាត់បានទៅភោជនីយដ្ឋានមួយកន្លែងម្នាក់ឯង ដោយមាននំខេកតូចមួយ និងកុម៉្មង់ម្ហូបចំនួនពីរមុខ ដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួន។
បើយោងតាមសម្ដីរបស់បុគ្គលិកនៅទីនោះបានឲ្យដឹងថា អ្នកស្រី Wang បានទាញទូរសព្ទថតវីដេអូដើម្បីផ្ញើទៅកាន់កូនប្រុសដោយនិយាយថា៖
«ថ្ងៃនេះជាថ្ងៃកំណើតរបស់ម៉ាក់ ហើយម៉ាក់ក៏សង្ឃឹមដែរថា កូននឹងអាចកំដរម៉ាក់ក្នុងថ្ងៃនេះ។ ម៉ាក់នឹកកូនខ្លាំងណាស់ ម៉ាក់ពិតជាសង្ឃឹមថាថ្ងៃកំណើតឆ្នាំក្រោយវ័យ៧០ឆ្នាំ កូននឹងអាចនៅជាមួយម៉ាក់បានចុះ។»
ក្រោយពីបានឮពាក្យទាំងអស់ចេញពីមាត់អ្នកស្រី Wang រួចមក បុរសម្នាក់ដែលអង្គុយក្បែរនោះបានដើរសំដៅទៅកាន់អ្នកស្រី Wang ហើយនិយាយថា៖
«រីករាយថ្ងៃកំណើតអ្នកមីង ជូនពរឲ្យមានសុខភាពល្អ។»
បន្ទាប់មកទៀត បុរសនោះក៏បានដើរទៅកន្លែងគិតប្រាក់ រួចចេញថ្លៃម្ហូបឲ្យអ្នកស្រី Wang បើទោះបីជាម្ចាស់ភោជនីយដ្ឋាន បានប្រាប់ថាពួកគេនឹងផ្តល់នូវអាហារដោយឥតគិតថ្លៃ ទៅកាន់អ្នកស្រី Wang ក៏ដោយ។ ចំណែកអ្នកស្រី Wang បានបដិសេធមិនព្រមទទួល និងបម្រុងឲ្យប្រាក់ទៅកាន់បុរសនោះវិញ ប៉ុន្ដែបុរសនោះមិនទទួលឡើយ។
អ្នកស្រី Wang បាននិយាយថា៖
«ខ្ញុំចង់ទៅរស់នៅជាមួយកូនប្រុស ប៉ុន្តែខ្ញុំចាំបាច់ត្រូវស្នាក់នៅក្នុងទីក្រុង Anshan ដើម្បីមើលថែម្តាយវ័យជរា។ ដំបូងឡើយ ខ្ញុំគិតថាវាជាថ្ងៃកំណើតដ៏ឯកោ និងក្រៀមក្រំ ប៉ុន្តែអរគុណចំពោះទឹកចិត្តរបស់បុរសនោះ ធ្វើឲ្យខ្ញុំមានអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ ទោះបីជាអាហារមានតំលៃត្រឹមតែ ៣០យ័ន (ប្រមាណ៤ដុល្លារអាមេរិក) ក៏ដោយ។»
ក្រោយពីរឿងរ៉ាវដ៏រំជួលចិត្តខាងលើនេះ ត្រូវបានចែករំលែកនៅលើបណ្តាញអ៊ិនធើណែតរួចមក មានមហាជនជាច្រើនកោតសរសើរពីទឹកចិត្តរបស់បុរសនោះ និងចូលរួមជូនពរថ្ងៃកំណើតរបស់អ្នកស្រី Wang ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖





