ភ្នំពេញ៖ ក្រុមបណ្តាពាណិជ្ជករ និងប្រតិបត្តិករលើវិស័យពាណិជ្ជកម្ម និងពិព័រណ៍ បានជួបជុំពិភាក្សាគ្នា និងសិក្សាពីឱកាសវិនិយោគជាដៃគូលើកដំបូងនៅរាជធានីភ្នំពេញ ក្រោមប្រធានបទ “Tourism & MICE Biz Fair 2020” ដែលរៀបចំឡើងដោយគណៈគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park។
កិច្ចជំនួប និងពិភាក្សាស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងវិស័យពាណិជ្ជកម្មបែបពិព័រណ៍ជាលើកដំបូនៅក្នុងរាជធានីភ្នំពេញខាងលើនេះ ត្រូវបានធ្វើឡើងកាលកាលពីចុងសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park ដោយសមាសភាពចូលរួមជាពាណិជ្ជករ ប្រតិបត្តិករដែលមកពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធសរុបប្រមាណ ១០០ នាក់។
សហស្ថាបនិក និងជាអគ្គនាយកមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park លោក ធួន ស៊ីណាន បានមានប្រសាសន៍ថា៖
«កិច្ចជំនួបគ្នា និងពិភាក្សាគ្នាមួយនេះ គឺមានសារៈសំខាន់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលក្រៅពីអាចបង្កើតទំនាក់ទំនងនៅក្នុងកិច្ចប្រកបអាជីវកម្ម និងមុខជំនួញ ថែមទាំងអាចស្វែករកដៃគូវិនិយោគជាមួយគ្នាថែមទៀតផង»។
លោកបានបន្តទៀតថា៖
«តាមរយៈកម្មវិធីមួយនេះ វាជាការផ្តល់ឱកាសពិសេសសម្រាប់បណ្តាសហគ្រិននានានៅក្នុងស្រុក ដើម្បីតភ្ជាប់ជាមួយនឹងសហគ្រិនមកពីបណ្តាប្រទេសដទៃទៀតធ្វើជាដៃគូអាជីវកម្ម និងផ្លាស់ប្ដូរមុខទំនិញរវាងគ្នាទៅវិញទៅមក»។
លោកបានបញ្ជាក់ថា៖
«ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park នឹងមានការរៀបចំពិព័រណ៍បែបពាណិជ្ជកម្ម រៀងរាល់មួយខែម្ដងដែលមានអ្នកចូលរួមសុទ្ធតែជាពាណិជ្ជករ និងនាំយកបណ្តាផលិតផលនានាមកដាក់តាំងបង្ហាញ ដើម្បីស្វែងរកដៃគូក្នុងការចែកចាយទៅកាន់ទីផ្សារឱ្យបានទូលំទូលាយ»។
អ្នកនាង សយ និមល នាយកផ្នែកលក់រម្មណីយដ្ឋាន V KIRIROM បានបង្ហាញពីភាពស្ញប់ស្ញែងពីការរៀបចំកម្មវិធីដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park នេះថា៖
«ខ្ញុំធ្លាប់ចូលរួមនៅក្នុងកម្មវិធីជាច្រើន ដែលជជែកពីការវិនិយោគផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៅតាមបណ្តាប្រទេសនានា ប៉ុន្តែពេលនេះនៅក្នុងប្រទេសកម្ពុជាក៏អាចរៀបចំកម្មវិធីបែបនេះបានដូចគ្នា»។
អ្នកនាងបានបន្តទៀតថា៖
«ការបង្កើតឱកាសឱ្យមានការជួបជុំគ្នារវាងអ្នកពាណិជ្ជករ និងប្រតិបត្តិករ ដែលជាភាគីអ្នកលក់ និងអ្នកទិញនេះ គឺមានសារៈសំខាន់បំផុត ហើយនាងខ្ញុំសូមគាំទ្រឱ្យមានកម្មវិធីបែបនេះច្រើនបន្ថែមទៀត ដើម្បីចូលរួមលើកស្ទួយវិស័យពាណិជ្ជកម្ម និងពិព័រណ៍ឱ្យមានភាពល្អ្រសើរ ហើយវាក៏បានចូលរួមចំណែកនៅក្នុងការជំរុញវិស័យទេសចរណ៍ផងដែរ»។
លោក ពេជ្រ សុប៉ុនតារា ដែលបានចូលរួមនៅក្នុងកម្មវិធីនេះក៏បានមានប្រសាសន៍ផងដែរថា៖
«ការរៀបចំនេះ គឺមានសារៈសំខាន់ណាស់សម្រាប់វិស័យឯកជន ដោយក្នុងនាមយើងជាពាណិជ្ជករ គឺត្រូវធ្វើឡើងដោយខ្លួនឯង ជាជាងរង់ចាំការបើកឱកាសពីសំណាក់រដ្ឋាភិបាល។ តាមរយៈកម្មវិធីនេះ សម្រាប់អ្នកដែលមានដៃគូសហការជាមួយរួចហើយនោះ គឺអាចបង្កើនកិច្ចទំនាក់ទំនង និងបន្តកិច្ចសហការបន្ថែមទៀត ដោយឡែកចំពោះអ្នកដែលមិនទាន់មានដៃគូ ពួកគាត់អាចស្វែងយល់ និងស្វែងរកដៃគូអាជីវកម្មនៅក្នុងកម្មវិធីនេះ»។
លោកបានបន្តទៀតថា៖
«នៅពេលដែលវិស័យឯកជនមានការខិតខំប្រឹង នោះរដ្ឋាភិបាលក៏នឹងបង្កើនកិច្ចការជួយសម្របសម្រួល និងបើកឱកាសកៀងគរបណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនអន្តរជាតិនានាឱ្យចូលមកកាន់កម្ពុជាបន្ថែមទៀត ដែលកាន់តែធ្វើឱ្យកិច្ចប្រកបមុខជំនួញ ក៏ដូចជាពាណិជ្ជកម្មក្នុងស្រុកកាន់តែមានភាពល្អប្រសើរ»៕