ពេលពពោះ ដោយសារតែអ័រម៉ូនមានការប្រែប្រួល ទើបធ្វើឲ្យរូបរាងកាយម៉ាក់ៗខ្លះមានសភាពខុសប្លែកពីមុន ដោយអ្នកខ្លះទៅជាមុខជាំ មុន ស្បែកខ្មៅ អាចម៍រុយ ជាដើម ហើយបើតាមទម្លាប់របស់ចាស់ៗ តម្រូវឲ្យយើងឆ្ពុងក្រោយពីសម្រាលកូនរួច ហើយមកទល់ពេលនេះក៏នៅតែប្រកាន់ខ្ជាប់បែបនោះដែរ។ ចំពោះបញ្ហានេះ អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការងារនៅមន្ទីរពេទ្យបង្អែក ខ្សាច់កណ្ដាល ខេត្តកណ្ដាល មិនហ៊ានអះអាងថាល្អ ឬអាក្រក់ឡើយ អាស្រ័យលើបច្ចេកទេសនៃការឆ្ពុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកគ្រូពេទ្យក៏បានបន្ថែមទៀតថា ការឆ្ពុងនេះ បើម៉ាក់ៗណាមានបច្ចេកទេសត្រឹមត្រូវអាចជំនួយបានច្រើន ដូចជាជួយឲ្យសាច់ស្អាត ធ្វើឲ្យសរសៃឈាមរីក កាត់បន្ថយអាការៈជាំមុខ ។ តែប្រសិនបើយើងធ្វើមិនបានត្រឹមត្រូវ ពេលខ្លះចំហាយក្ដៅនៅពេលកំពុងឃ្លុំនោះ អាចបណ្ដាលឲ្យរលាកវិញផងក៏មាន។ សម្រាប់បទពិសោធអ្នកគ្រូ គឺធ្លាប់មានស្ត្រីកូនខ្ចីមួយចំនួនមានបញ្ហាជាំមុខ ព្រោះកម្ដៅក្ដៅក្នុងឆ្នាំងដី មិនបានបិទបាំងមុខ ហើយបូករួមនឹងការបើកគម្របបញ្ចេញផ្សែងនោះខ្លាំងពេក។
ករណីមួយទៀត ម៉ាក់ៗសម័យឥឡូវលែងប្រើវិធីបុរាណ ដោយកន្ទេល ឬភួយគ្របទៀតហើយ គឺមានទូសម្រាប់ឆ្ពុង ហើយអ្នកជួបករណីផ្ទុះសេខ្សែភ្លើង ឬអ្នកខ្លះបែកឆ្នាំងដីទាំងខ្លួនកំពុងនៅក្នុងទូរធ្វើឲ្យរលាករលួយសាច់ខូចអស់ក៏មាន។
សម្រាប់អ្នកដែលគិតថា ការឆ្ពុងអាចជួយបាន គ្រូពេទ្យក៏មិនហ៊ានប្រកែកថាមិនបានដែរ ព្រោះអ្នកខ្លះធ្វើទៅបានផលមែន តែបើមិនចង់ក៏មិនអីដែរ។ បើចង់ឲ្យសាច់ឈាមភ្លឺថ្លា យើងគួរញ៉ាំអាហារសម្បូរជីវជាតិ ដូចជាត្រី សាច់ បន្លែ ផ្លែឈើគ្រប់មុខ កុំញ៉ាំតែក្រៀមក្រោះ និងផឹកទឹកឲ្យបានយ៉ាងហោចណាស់ ២ លីត្រ/ថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet