អាល្លឺម៉ង់៖ ក្លិប Borussia Dortmund ត្រូវបានគេរាយការណ៍ថាបានដាក់ការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យចំណាស់របស់ក្លិបតោខៀវ Chelsea កីឡាករ Olivier Giroud នៅខែមករាខាងមុខ នៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារសាជាថ្មីម្ដងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករ Olivier Giroud ហាក់មិនស្ថិតក្នុងគម្រោងរបស់លោក Lampard នោះទេ ដោយក្នុងរដូវកាលថ្មីនេះរូបគេមានឱកាសបង្ហាញខ្លួនបានចំនួន៦ប្រកួតប៉ុណ្ណោះ។ យ៉ាងណាមិញបើទោះបីជាមិនសូវមានឱកាសបង្ហាញខ្លួនក្នុងក្រុម Chelsea ប៉ុន្តែខ្សែប្រយុទ្ធរូបនេះនៅតែបង្ហាញទម្រង់លេងបានល្អជាមួយនឹងក្រុមជម្រើសជាតិ ដោយរូបគេស៊ុតបញ្ចូលទី១គ្រាប់ជួយជម្រើសជាតិបារាំងយកឈ្នះក្រុមម៉ូលដូវ៉ា ក្នុងលទ្ធផល២ទល់នឹង១ ក្នុងព្រឹត្តិការណ៍ជម្រុះយូរ៉ូឆ្នាំ២០២០ កាលពីយប់មិញនេះ។
យោងតាមកាសែត The Mirror បានអោយដឹងថាក្លិប Borussia Dortmund កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ ដោយតាមការវាយតម្លៃរបស់គេហទំព័រ transfermarkt បានអោយដឹងថាតម្លៃខ្លួនរបស់គាត់ បច្ចុប្បន្នមានតម្លៃប្រមាណ១២លានអឺរ៉ូ (ឬប្រហែល ១៣លានដុល្លារអាមេរិក)។
ជម្រើសប្រយុទ្ធទី១ក្នុងក្រុម Chelsea បច្ចុប្បន្នគឺធ្លាក់ទៅលើខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Tammy Abraham ចំណែកឯកីឡាករ Giroud ភាគច្រើនអង្គុយបម្រុង ខណៈពេលដែលកុងត្រារបស់កីឡាកររូបនេះ នឹងផុតកំណត់ជាមួយនឹងក្លិប Chelsea នារដូវក្ដៅឆ្នាំក្រោយ ដូច្នេះមានន័យថាគាត់អាចផ្ទេរទៅកាន់ក្រុមផ្សេងៗដោយគ្មានតម្លៃខ្លួននារដូវកាលក្រោយ។ ប៉ុន្តែក្លិបតោខៀវ Chelsea អាចនឹងសម្រេចចិត្តលក់រូបគេនាខែមករាខាងមុខ ដើម្បីទទួលបានតម្លៃផ្ទេរខ្លះ។
គួររម្លឹកផងដែរថាកីឡាករ Olivier Giroud បានចាកចេញពីក្លិបកាំភ្លើងធំ Arsenal មកចូលរួមជាមួយនឹងក្លិបតោខៀវ Chelsea កាលបីឆ្នាំ២០១៨ ជាមួយនឹងតម្លៃផ្ទេរ១៧លានអឺរ៉ូ (ឬប្រហែល ១៨លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន ៦៩ប្រកួត ស៊ុតបញ្ចូលទីបាន១៩គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន១៣ដង គិតរាល់កម្មវិធីទាំងអស់៕
ប្រភព៖ Caughtoffside