ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះកុដិវត្តទិព្វពិសី ដែលកុដិនោះមានទទឹង៦ម៉ែត្រ បណ្តោយ៩ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ត្រូវភ្លើងឆេះអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោពេញវត្ត រហូតដល់សមត្ថកិច្ចមូលដ្ឋាន កាលពីម៉ោង៦ព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការអះអាងពីលោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការដ្ឋាននគរបាលស្រុកជីក្រែង បានប្រាប់នៅម៉ោង១០ព្រឹកថ្ងៃទី៨ខែ ខែវិច្ឆិកាថា មុនពេលកើតហេតុ មានពលរដ្ឋរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានថា មានករណីភ្លើងឆេះកុដិវត្តលោកអស់ហើយ សូមអាជ្ញាធរជួយអន្តរាគមន៍ផង ។ ខណៈពេលនោះ កម្លាំងមូលដ្ឋាលបានរាយការណ៍មកអធិការដ្ឋាន ទើបលោកឲ្យរថយន្តឡានទឹកចេញអន្តរាគមន៍ភ្លាមផងដែរ តែដោយសារផ្លូវឆ្ងាយមានចម្ងាយផ្លូវពីអធិការ១០គីឡូម៉ែត្រ លុះពេលទៅដល់ ភ្លើងឆេះអស់ទៅហើយ។ ចំណែកមូលហេតុ គឺបណ្តាលមកឆ្លងចរន្តអគ្គិសនី ធ្វើឱ្យផ្ទុះឆ្នាំងសាកទូរស័ព្ទសាកទុកចោល ទើបក្លាយជាអគ្គិភ័យបែបនេះ។
លោកបានបន្តថា ករណីឆេះកុដិខាងលើនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ទាំងព្រះសង្ឃគ្រប់អង្គ ព្រោះមិនមានអង្គណានៅក្នុងកុដិនោះទេ គឺបាននិមន្តទៅឆាន់នៅលើសាលាឆាន់អស់ លុះពេលមកវិញក៏ឃើញឆេះអស់ពាក់កណ្តាលកុដិទៅហើយ។
លោកបញ្ជាក់បន្ថែមថា ពាក់ព័ន្ធករណីខាងលើ រថយន្តពន្លត់អគ្គិសនីរបស់អធិការចេញជួយអន្តរាគមន៍បានប្រើប្រាស់ទឹក១រថយន្ត ទើបរលត់នៅម៉ោង៦និង៤០នាទីថ្ងៃដដែល។ ហើយករណីឆេះនេះ បានបណ្ដាលឲ្យខូចខាតមាន ៖ កុដិទំហំ៦ម៉ែត្រគុណនឹង៩ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារ, ទូរស័ព្ទចំនួន២គ្រឿង, ស្បង់ជីវរមួយចំនួន, ម៉ាស៊ីនភ្លើងចំនួន១, បាសចំនួន១ និងលុយខ្មែរចំនួន១លានរៀលផងដែរ៕
ប្រភព៖ កោះសន្តិភាព