ការធ្វើតេស្ត៖ ឲ្យបុគ្គលិកធ្វើការមួយសប្តាហ៍បួនថ្ងៃបង្កើតផលិតភាព ៤០ ភាគរយ

//s4.kh1.co/cf/cf886fc60066748891ae050643e75086e499c57c.jpg
យល់ដឹង

 ០៦-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បុគ្គលិក​មិនតិចទេដែលស្រមៃចង់​ធ្វើ​ការ​នៅ​ស្ថាប័ន​មួយ​ដែលអនុញ្ញាត​ឲ្យ​បុគ្គលិក​ឈប់​សម្រាកនៅផ្ទះច្រើន ដើម្បី​ឲ្យ​ពួកគេ​មាន​ពេលវេលា​បន្ថែមសម្រាប់ជីវិត​របស់​ពួក​គេ។ ទោះជា​យ៉ាងនេះក្តី  ក្រុមហ៊ុន​បែបនេះ​មិន​ងាយ​នឹង​រក​បាន​នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ថ្មី​បាន​បង្ហាញ ការ​កាត់​បន្ថយ​ម៉ោង​ធ្វើការ​របស់​បុគ្គលិក​អាច​ឲ្យ​ផលិតភាព និង​គុណភាពមាន​ការ​កើន​ឡើង​សឹង​តែ​មិន​គួរ​ឲ្យ​ជឿ។

សាខា​ក្រុមហ៊ុន Microsoft ជា​ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​លើ​ពិភពលោក នៅ​ប្រទេស​ជប៉ុន​បាន​ធ្វើតេស្តសាកល្បងមួយ ដោយ​បាន​អនុញ្ញាត​ឲ្យ​បុគ្គលិក​របស់​ខ្លួន​នៅ​ទីក្រុង​តូក្យូមក​ធ្វើ​កា​រតែ ៤ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ កាល​ពី​ខែសីហា​កន្លងទៅ ក៏ប៉ុន្តែក្រុមហ៊ុន​ក៏​បាន​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ឲ្យ​បុគ្គលិក​ចូលរួម​វគ្គបណ្តុះបណ្តាល ធ្វើ​ការ​ស្ម័គ្រចិត្ត ឬធ្វើ​ដំណើរ​កំសាន្ត​ជា​គ្រួសារ​ផងដែរ។ ជាលទ្ធផល ផលិតភាព​ការងារ​នៅ​ក្នុង​ក្រុមហ៊ុនបាន​កើន​ឡើងដល់ទៅ ៤០ ភាគរយ។

យោង​ទៅតាម​សេចក្តី​ថ្លែងការណ៍មួយ​ដែល​ចេញ​ដោយ​ក្រុមហ៊ុន Microsoft សាខាប្រទេសជប៉ុន នៅ​ក្នុង​រយៈពេល​មួយខែ​នៃ​ការ​ធ្វើ​តេស្ត​សាកល្បងនេះ បុគ្គលិក ដែល​ត្រូវ​ធ្វើ​ការតែ ៣២ ម៉ោង​ក្នុង​មួយ​សប្តាហ៍ បាន​ធ្វើ​ការ​ពឹងផ្អែក​ច្រើន​ទៅ​លើ​ប្រព័ន្ធ​ឌីជីថល​នៅ​ក្នុង​ការ​ទំនាក់ទំនង ជា​ពិសេស​ការ​ប្រជុំ​តាម Video Conference ហើយ​ថែមទាំង​អាច​កាត់​បន្ថយ​ចំនួន​ក្រដាស​ដែល​គេ​ប្រើប្រាស់​ដើម្បី​ព្រីនឯកសារ​ផ្សេងៗបាន​យ៉ាង​ច្រើន​ថែមទៀតផង។

Freepik
Freepik

ក្រុមហ៊ុន​បាន​ឲ្យ​ថា៖ «តាម​រយៈ​ការ​អនុវត្តក្នុង​ក្រុមហ៊ុន​ថ្មីដែល​សំដៅ​លើក​កម្ពស់ជម្រើសជីវិត​-ការងារ យើង​ចង់​ឲ្យ​បុគ្គលិក​របស់​យើង​សាក ធ្វើការ​ក្នុង​រយៈពេលខ្លី សម្រាក និង​សិក្សា​ជំនាញថ្មី ដើម្បី​បង្កើន​ផលិតភាព និង​ភាព​ច្នៃប្រឌិត​បន្ថែមទៀត»។

មាន​មតិ​ជា​ច្រើនបាន​លើក​ឡើងថា លទ្ធផល​នេះ​ប្រហែល​ជា​មិន​មាន​ឥទ្ធិពល​ទៅ​លើ​ប្រទេស​ផ្សេងទៀត​ជា​ពិសេស​ដោយ​សារ​តែ​ជនជាតិជប៉ុន​ជា​ជនជាតិមួយ​ល្បីខាង​ពូកែធ្វើ​ការ។ ក៏ប៉ុន្តែ ការ​អនុវត្ត​ក៏ធ្លាប់​បានទទួល​ជោគជ័យ​នៅ​ក្រុមហ៊ុន​មួយ​ចំនួនរួច​មក​ហើយ មាន​ក្រុមហ៊ុន Treehouse ជា​ក្រុមហ៊ុន​បច្ចេកវិទ្យាអប់រំមួយ​នៅ​អាមេរិក និង​ក្រុមហ៊ុន Perpetual Guardian ​នៅ​ប្រទេសណូវែលហ្សែឡង់ជា​ដើម។

កាល​ពី​ពេល​កន្លងទៅ លោក Andrew Barnes ជា​ស្ថាបនិក​ក្រុមហ៊ុន Perpetual Guardian ធ្លាប់​បាន​ឲ្យដឹងថា ការ​ដែល​លោក​ឲ្យ​បុគ្គលិក​មក​ធ្វើការ​ ៤ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ធ្វើ​ឲ្យ​ផលិតភាព​របស់បុគ្គលិករបស់​លោក​កើន​ឡើង​ប្រមាណ ២០ ភាគរយ៕

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T