កូរ៉េខាងត្បូង៖ បើទោះបីជាមានរឿងរ៉ាវ ដ៏គួរឱ្យសោកស្តាយជាច្រើន ទាក់ទងទៅនឹងពាក្យចចាមអារាមគ្មានមូលដ្ឋាន និងពាក្យសម្តីអាក្រក់ៗបង្ខូចកេរ្តិ៍ឈ្មោះតារាៗក៏ដោយ ក៏យើងសង្កេតឃើញថា បណ្តាអ្នកនិយមលេងអ៊ីនធឺណេតទាំងនោះ មិនបានផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ក្នុងការរិះគន់អ្នកដទៃរបស់ខ្លួនឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក៏ដូចជាថ្មីៗនេះ ក្រុមចម្រៀងបុរសចំណូរថ្មីទើបនឹងចេញពន្លក D-Crunch ក៏បានក្លាយទៅជាជនរងគ្រោះ ទទួលរងនូវពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន នៅលើបណ្តាញទំនាក់ទំនងសង្គម ដែលធ្វើឲ្យពួកគេទទួលរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំង រហូតដល់ថ្នាក់ស្រក់ទឹកភ្នែកនៅលើឆាកតែម្តង។
គួរឲ្យដឹងថា កាលពីថ្មីៗនេះ ក្រុម D-Crunch ត្រូវបានគេអញ្ជើញឲ្យទៅសម្តែង នៅឯប្រទេសគុយវែត ប៉ុន្តែខណៈពេលជិតដល់ពេលសម្តែង ស្រាប់តែអ្នករៀបចំកម្មវិធី បានលុបចោលការសម្តែងរបស់ពួកគេភ្លាមៗតែម្តង ដោយមិនបានពន្យល់ប្រាប់ពីមូលហេតុឡើយ។ តួយ៉ាង បើទោះបីជាគេមិនបានទម្លាយប្រាប់ពីមូលហេតុយ៉ាងណាក្តី ប៉ុន្តែអ្នកគាំទ្រក៏អាចសន្និដ្ឋានបានថា វាអាចបណ្តាលមកពីពាក្យចចាមអារ៉ាមថា សមាជិកក្រុមនេះ «គឺជាខ្ទើយ» និងកំពុងតែល្បីពេញអ៊ីនធើណែតថែមទៀតផងដែរ។
មិនថាយ៉ាងណា បើទោះបីជាពួកគេមិនបានសម្តែងយ៉ាងណាក្តី ប៉ុន្តែក្រុមមួយនេះនៅតែនាំគ្នាឡើងមកលើឆាក ដើម្បីធ្វើការសុំទោសទៅកាន់អ្នកគាំទ្រផងដែរ។ ដោយឡែក អ្វីដែលកាន់តែធ្វើឲ្យហួសចិត្តជាងនេះទៅទៀតនោះ គឺជំនួសដោយការអាណិតអាសូរ បែរជាអ្នកទស្សនិកជនទាំងនោះ បានស្រែកបណ្តេញក្រុមនេះឲ្យចុះពីលើឆាក និងនាំគ្នាស្រែកហៅឈ្មោះក្រុម BTS ជំនួស រហូតធ្វើឲ្យសមាជិកក្រុម D-Crunch នេះសម្រក់ទឹកភ្នែកយំនៅលើឆាកថែមទៀតផងដែរ។
ក្រោយពីឃើញទង្វើបែបនេះ បានធ្វើឲ្យមហាជនជាច្រើនមានភាពក្តៅក្រហាយយ៉ាងខ្លាំង ហើយបច្ចុប្បន្ននេះក្រុមអ្នកគាំទ្ររបស់ក្រុម D-Crunch កំពុងខិតខំព្យាយាមចែករំលែកព័ត៌មានមួយនេះ ឲ្យបានធំទំលាយដើម្បីរកយុត្តិធម៌ជូនតារារបស់ពួកគេផងដែរ៕