រាជធានីភ្នំពេញ ៖ មិនខុសពីប្រជាពលរដ្ឋធម្មតាម្នាក់នោះទេ តារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយពីជីវិតតស៊ូលំបាកដែលមិនសូវមានអ្នកដឹងនៅក្រោយភាពហ៊ឺហារក្នុងនាមជាតារាមួយរូប ។ បើទោះបីជាមហាជនមើលមកនាងហាក់មានភាពហ៊ឺហាក្នុងជីវិតប្រចាំថ្ងៃ ប៉ុន្តែបើក្រឡែកមើលពីក្រោយខ្នងតារារូបនេះ គឺមានការតស៊ូប្រឹងប្រែងខ្លាំង មិនខុសពីមនុស្សទូទៅនោះឡើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់រឿងរ៉ាវនេះតាមបណ្តាញសង្គមហ្វេសប៊ុកថា «នៅពេលដែលមនុស្សគ្រប់គ្នាមើលមកខ្ញុំថា ខ្ញុំមានជីវភាពធូរធា គ្រប់គ្នាគិតថា ជីវិតខ្ញុំនេះគ្មានអ្វីត្រូវខ្វល់ គ្មានអ្វីត្រូវលំបាកនោះឡើយ កូនរបស់ខ្ញុំក៏មិនវេទនាដែរ ។
វាជាការពិត កូនរបស់ខ្ញុំ ពិតជារស់នៅបានស្រណុកសុខកាយ និងរៀនសាលាទំនើបដូចកូនអ្នកមានជីវភាពធូរធាមែន តែជាក់ស្ដែងទម្រាំតែកូនខ្ញុំបានរៀនសាលាល្អ រស់លើគំនរក្មេង Hight show គឺគ្រប់យ៉ាងដែលនៅពីក្រោយភាពស្រណុកសុខស្រួលរបស់គាត់ គឺជាអ្វីដែលគ្រប់គ្នាស្មានមិនដល់នោះឡើយ» ។
អ្នកនាងបញ្ជាក់ថា «ជាស្ត្រីមេម៉ាយម្នាក់ ត្រូវចិញ្ចឹមកូនដោយខ្លួនឯង ធ្វើការរកលុយដោយខ្លួនឯង ខ្ញុំអាចចិញ្ចឹមកូនខ្ញុំបានល្អ ក៏ព្រោះតែខ្ញុំត្រូវធ្វើជាមនុស្សដែលរឹងមាំ ដឹកនាំជីវិតកូនដើម្បីអោយគាត់គ្មានសម្ពាធ និងរឹងមាំដូចក្មេងដទៃ ។
ថ្វីត្បិតតែខ្ញុំមិនអាចធ្វើជាគ្រូ ជាពេទ្យ ឬជាចុងភៅសម្រាប់គាត់ តែខ្ញុំត្រូវធ្វើជាធនាគារ ជាគ្រប់យ៉ាងសម្រាប់ជីវិតរបស់គាត់តែម្នាក់ឯង ។ ខ្ញុំត្រូវអប់រំគាត់ឱ្យបានល្អ ស្វែងរកភាពល្អបំផុតសម្រាប់គាត់ ត្បិតថាគាត់អភ័ព្វដែលត្រូវរស់បែកពីឪពុក តែខ្ញុំក៏មិនអាចបណ្តោយឱ្យជីវិតគាត់អភ័ព្វឡើយ ហើយខ្ញុំនឹងខំប្រឹងធ្វើអោយគាត់រស់ក្នុងជីវិតដែលមិនស្គាល់ភាពខ្វះខាត និងត្រៀមដើមទុនសម្រាប់អនាគតកាលរបស់គាត់ ។
អ្នកនាងបន្តថា ពិតណាស់ គ្រប់គ្នាមិនដែលដឹងទេថា នៅពីក្រោយរូបភាពល្អមើលនៃជីវិតខ្ញុំថា យ៉ាងណានោះទេ តែខ្ញុំក៏មិនអោយនរណាដឹងពីភាពកំសោយរបស់ខ្ញុំដែរ ។ ខ្ញុំតែងតែលួងខ្លួនឯងជានិច្ច ដោយមិនចង់បានការលួងពីអ្នកណា ជាពិសេសអាណាព្យាបាល និងប្អូនៗរបស់ខ្ញុំ ព្រោះតែខ្ញុំត្រូវធ្វើជាបង្គោលរឹងមាំសំរាប់ពួកគាត់ក្នុងនាមកូនច្បង ។
ដឹងទេថា ភាពញញឹម សើចស្រស់ឆើតឆាយដែលគ្រប់គ្នាឃើញ វាល្អមើលណាស់ តែពេលខ្លះខ្ញុំក៏មានសភាពទន់ជ្រាយដែរ ពេលខ្លះខ្ញុំហត់នឿយនឹងរឿងគ្រប់យ៉ាងក្នុងជីវិត តែខ្ញុំមិនរអា និងប្រឈមមុខនឹងបញ្ហាទាំងនោះដែរ ហើយខ្ញុំតែងប្រាប់ខ្លួនឯងថា រឹងមាំឡើង អត់ធ្មត់បន្ត ក្រោកឈរឱ្យបានគ្រប់យ៉ាង គឺត្រូវជួយខ្លួនឯង បើយើងមិនរឹងមាំ គ្មានអ្នកណាគេមកជួយយើងទេ គឺមានតែគេមើលងាយ និងមិនឱ្យតម្លៃតែប៉ុណ្ណោះ ដូច្នោះហើយ ជីវិតនេះមានតែពាក្យថា ទ្រាំអត់ធ្មត់ និងត្រៀមប្រយុទ្ធជាមួយឧបសគ្គចំពោះមុខរហូត» ៕
ប្រភព៖ កោះសន្តិភាព